Sunday, December 29, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមម្ចាស់មិននៅ ភ្លើងឆេះផ្ទះ១៤ល្វែងហ្មត់

ម្ចាស់មិននៅ ភ្លើងឆេះផ្ទះ១៤ល្វែងហ្មត់

ខេត្តកំពង់ស្ពឺ ៖ ផ្ទះចំនួន ១៤ល្វែង ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញអស់ ដោយមូលហេតុផ្តើមចេញពីការឆាបឆេះផ្ទះ ១ល្វែង ដែលម្ចាស់មិននៅ ចាក់សោចោល ជាហេតុធ្វើឱ្យរាលឆេះដល់ផ្ទះប្រជាពលរដ្ឋជិតខាង សរុប ១៤ល្វែង។

ហេតុការណ៍អគ្គិភ័យខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង១០នាទីយប់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ នៅចំណុចផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។

សមត្ថកិច្ចបានឱ្យដឹងថា ដំបូងឡើយ អគ្គិភ័យឆេះផ្ទះមួយល្វែង ទំហំ ៤ម៉ែត្រ គុណនឹង ១២ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ជាកម្មសិទ្ធិរបស់ឈ្មោះ កយ វ៉ាន់ធឿន ភេទប្រុស អាយុ៥៣ឆ្នាំ នៅក្នុងភូមិកើតហេតុខាងលើ (ចាក់សោចោល) ហើយបានឆេះរាលដល់ផ្ទះចំនួន ១៣ល្វែង ទៀត (មិនទាន់ដឹងឈ្មោះម្ចាស់ផ្ទះនៅឡើយ)។

ប្រភពដដែល បានបន្តថា នៅក្នុងហេតុការណ៍អគ្គិភ័យនេះ កម្លាំងនគរបាល សហការជាមួយកម្លាំងកងរាជអាវុធហត្ថ បានជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ សរុបចំនួន ១១គ្រឿង ក្នុងនោះ

មានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំនួន ២គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់បញ្ជាការដ្ឋានកោះឆ្នេរ ចំនួន២គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់សាលាមិត្តភាពកម្ពុជា-វៀតណាម ចំនួន១គ្រឿង

រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលក្រុងច្បារមន ចំនួន១គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ចំនួន ១គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកសំរោងទង

ចំនួន ១គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបរសេដ្ឋ ចំនួន១គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចំនួន ១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ដំណាក់ដំរី ១គ្រឿង ដោយប្រើប្រាស់អស់ទឹកសរុបចំនួន ៣៣រថយន្ត ទើបអាចពន្លត់ភ្លើងបានទាំងស្រុង នៅវេលាម៉ោង ១និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។

ក្នុងករណីនេះ មិនមានគ្រោះថ្នាក់ប៉ះពាល់ដល់មនុស្សទេ ចំណែកសម្ភារៈដែលខូចខាត និងបាត់បង់ នៅមិនទាន់ច្បាស់នៅឡើយទេ ដោយសារម្ចាស់ផ្ទះនៅមានការភ្លេចភ្លាំង ហើយការសន្និដ្ឋានជំហានដំបូង អគ្គិភ័យនេះ អាចបណ្តាលមកពីទុស្សេចរន្តអគ្គិសនី៕

RELATED ARTICLES