ខេត្តព្រះវិហារ ៖ បុរសម្នាក់ បានទៅស៊ីឈ្នួលភ្ជួរដីចម្ការឱ្យគេ លុះពេលកំពុងបើកត្រាក់ទ័រភ្ជួរដីសុខៗ ស្រាប់តែកិនចំមីនតោន ១គ្រាប់ ដែលសេសសល់តាំងពីសម័យសង្គ្រាម បណ្តាលឱ្យផ្ទុះកក្រើក ធ្វើឱ្យរងរបួសដាច់ដៃម្ខាង ស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ចំណែកត្រាក់ទ័រ រងការខូចខាតទាំងស្រុង។

ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ នៅចំណុចខាងលិចភូមិស្ទឹងខៀវតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត។

បុរសរងគ្រោះដែលបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើ មានឈ្មោះរី លីន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបើកត្រាក់ទ័រស៊ីឈ្នួលភ្ជួរដី មានលំនៅក្នុងភូមិអន្លង់វែង ឃុំកន្ទួត ស្រុកជាំក្សាន្ត។

លោកលិញ យុត អភិបាលរងស្រុកជាំក្សាន្ត បានបញ្ជាក់ប្រាប់ថា ពិតជាមានករណីផ្ទុះគ្រាប់មីនតោន នៅក្នុងភូមិសាស្ត្រភូមិស្ទឹងខៀវតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ប្រាកដមែន ដោយនៅមុនពេលកើតហេតុ ជនរងគ្រោះ

ឈ្មោះរី លីន បានទទួលស៊ីឈ្នួលភ្ជួរដីចម្ការឱ្យគេ នៅត្រង់ចំណុចកើតហេតុ។ លុះពេលបើកត្រាក់ទ័រភ្ជួរដីនៅចំណុចខាងលើ អស់១កំណាត់ថ្ងៃទៅហើយ មិនមានបញ្ហាអ្វីកើតឡើងនោះឡើយ រហូតមកដល់វេលាម៉ោងកើតហេតុខាងលើ ស្រាប់តែជនរងគ្រោះ បានបើកត្រាក់ទ័រកិនចំមីនតោន ១គ្រាប់ ដែលបានបន្សល់ទុកតាំងពីសម័យសង្គ្រាម បណ្តាលឱ្យផ្ទុះយ៉ាងកក្រើក បង្កឱ្យជនរងគ្រោះ ទទួលរងរបួសដាច់ដៃខាងឆ្វេងត្រឹមស្មា និងបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុតែម្តង។ ចំណែកត្រាក់ទ័រ បានរងនូវការខូចខាតទាំងស្រុង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ ពិនិត្យទីតាំងកើតហេតុ និងបានធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕
អ៊ុង សំអាត