Sunday, December 29, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម១០ព្រួតវ៉ៃ២ ស្លាប់១ ជាប់ខ្នោះ១

១០ព្រួតវ៉ៃ២ ស្លាប់១ ជាប់ខ្នោះ១

ខេត្តកោះកុង ៖ ជនដៃដល់ម្នាក់ ក្នុងចំណោមបក្ខពួក ១០នាក់ ដែលបានធ្វើសកម្មភាពព្រួតវាយយុវជន២នាក់ បណ្តាលឱ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ កាលពីយប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ នៅចំណុចមុខសាលាសាមគ្គីឯកជន ជិតសាលាសង្កាត់ដងទង់ ស្ថិតនៅ ភូមិ០១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ រួចព្យាយាមរត់គេចទៅសម្ងំលាក់ខ្លួនជាបន្តបន្ទាប់ អស់រយៈពេលជិត ១ឆ្នាំរួចមក ទីបំផុតត្រូវសមត្ថកិច្ចជំនាញ ស្រាវជ្រាវតាមចាប់ខ្លួនបាន នាំយកមកចាត់ការតាមច្បាប់។

ប្រតិបត្តិការចាប់ខ្លួនជនសង្ស័យជាឃាតករនេះ បានធ្វើឡើង កាលពីវេលាម៉ោង ១និង៤៥នាទីរសៀល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ នៅត្រង់ចំណុចភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ។

ជនសង្ស័យជាឃាតករដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះយ៉ន វីរៈ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ មានលំនៅ ភូមិ២ ឃុំពាក្រសោប ស្រុកមណ្ឌលសីមា។ ចំណែកបក្ខពួកផ្សេងទៀត មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ និងកំពុងរត់គេចខ្លួន។ ដោយឡែកយុវជនរងគ្រោះដែលត្រូវក្រុមជនដៃដល់ព្រួតវាយសម្លាប់យ៉ាងព្រៃផ្សៃ មានឈ្មោះលី ម៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ មានលំនៅ ភូមិពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា (រងរបួសចំកណ្តាលក្បាល ២កន្លែង និងលើខ្លួន ៤កន្លែង ស្លាប់នៅកន្លែងកើតហេតុ)។ រីឯជនរងគ្រោះដែលរងរបួសធ្ងន់ មានឈ្មោះប៉ាក់ រ៉ាវុធ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ មានលំនៅភូមិពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា (រងរបួសធ្ងន់ចំនួន ៣កន្លែង)។

លោកវរសេនីយ៍ឯក ឆឹង វាសនា ស្នងការរង ទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជាក់ឱ្យដឹងថា កាលពីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ លោកបានដឹកនាំកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកគិរីសាគរ ចុះចាប់ឃាត់ខ្លួនឈ្មោះយ៉ន វីរៈ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណភាពនៃជនរងគ្រោះ ប្រព្រឹត្តនៅភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង កាលពីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ។

លោកស្នងការរង បានឱ្យដឹងថា ការចាប់ខ្លួនឈ្មោះយ៉ន វីរៈ នេះធ្វើឡើងតាមដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ១៥ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ចេញដោយលោក កែវ សុខា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តកោះកុង។

លោកស្នងការរង បានបញ្ជាក់ថា ឈ្មោះយ៉ន វីរៈ បន្ទាប់ពីធ្វើសកម្មភាពរួច បានរត់គេចខ្លួនរស់នៅជាច្រើនកន្លែង អស់រយៈពេលជិត ១ឆ្នាំ ប៉ុន្តែកម្លាំងជំនាញ នៅតែបន្តស្រាវជ្រាវ រហូតដល់ធ្វើការចាប់ខ្លួនបាន នៅថ្ងៃខែដូចខាងលើនេះ។

ជនសង្ស័យ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកោះកុង តាមនីតីវិធី។

គួររំលឹកថា កាលពីវេលាម៉ោង ១០និង១០នាទីយប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ មានករណីឃាតកម្មដ៏សាហាវឃោរឃៅ បានកើតឡើងនៅចំណុចមុខសាលាសាមគ្គីឯកជន ជិតសាលាសង្កាត់ដងទង់ ស្ថិតនៅភូមិ០១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ដោយយុវជន២នាក់ មិនដឹងជាមានជម្លោះ ឬគំនុំអ្វីជាមួយនឹងក្រុមក្មេងទំនើង ស្រាប់តែត្រូវក្រុមក្មេងស្ទាវទាំងនោះ ព្រួតគ្នាវាយបណ្តាលឱ្យស្លាប់ម្នាក់នៅក្នុងថ្លុកឈាម ចំណែកម្នាក់ទៀតរងរបួសធ្ងន់ រីឯក្រុមជនដៃដល់ បានរត់ចែកជើងគ្នាគេចខ្លួនបាត់ស្រមោលអស់។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញក្រុមក្មេងទំនើង១ក្រុម មានគ្នាប្រមាណ ១០នាក់ បានព្រួតវាយទៅលើយុវជនរងគ្រោះចំនួន ២នាក់ ដោយគ្មានដកដៃ បណ្តាលឱ្យយុវជនម្នាក់ បានស្លាប់ក្នុងថ្លុកឈាម នៅនឹងកន្លែង គួរឱ្យរន្ធត់។ ចំណែកជនរងគ្រោះម្នាក់ទៀត រងរបួសយ៉ាងធ្ងន់ និងត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯក្រុមក្មេងទំនើង បានរត់គេចបាត់អស់។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ និងពិនិត្យឃើញថា នៅលើខ្លួនប្រាណរបស់ជនរងគ្រោះឈ្មោះលី ម៉ា ដែលបាត់បង់ជីវិត មានរបួសចំកណ្តាលក្បាល ពីរកន្លែង និងលើខ្លួន ៤កន្លែង។ ចំណែកជនរងគ្រោះឈ្មោះប៉ាក់ រ៉ាវុធ រងរបួស ៣កន្លែងធ្ងន់ ត្រូវបានបញ្ជូនទៅព្យាបាលនៅពេទ្យបង្អែកខេត្តភ្លាមៗ។

សមត្ថកិច្ច បានបញ្ជាក់ប្រាប់ថា តាមការសាកសួរ និងតាមមេរ៉ាសុវត្ថិភាពនៅទីតាំងកើតហេតុ បង្ហាញឱ្យឃើញថា ក្រុមជនសង្ស័យ មានគ្នាចាប់ពី៥ ទៅ១០នាក់ និងបានព្រួតគ្នាវាយសន្ធាប់មកលើជនរងគ្រោះទាំង២នាក់ យ៉ាងសាហាវឃោរឃៅ។ ចំណែកមូលហេតុ នៅមិនទាន់ដឹងច្បាស់នៅឡើយថា ជាករណីជម្លោះ ឬគំនុំនោះឡើយ៕

RELATED ARTICLES