Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឪចុងសម្លាប់កូនស្រី២ខួប ជាប់គុក២០ឆ្នាំ

ឪចុងសម្លាប់កូនស្រី២ខួប ជាប់គុក២០ឆ្នាំ

ភ្នំពេញ ៖ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ បានបើកសវនាការប្រកាសសាលក្រមលើសំណុំរឿងវាយធ្វើទារុណកម្មសម្លាប់កុមារីអាយុ ២ឆ្នាំ ពីសំណាក់ឪពុកចុង ដោយសម្រេចផ្តន្ទាទោសជនត្រូវចោទ ដាក់ ពន្ធនាគារចំនួន ២០ឆ្នាំ ពីបទឃាតកម្មមានស្ថានទម្ងន់ទោស ទាក់ទងនឹងជនរងគ្រោះ។

ជនត្រូវចោទជាឪពុកចុង ដែលវាយសម្លាប់កូនស្រី និងត្រូវតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ២០ឆ្នាំនោះ មានឈ្មោះសុខ រដ្ឋា ហៅថា អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ (ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន)។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះនុន ស្រីនិច អាយុ២ខួប ៨ខែ ស្នាក់នៅភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

ជនត្រូវចោទឈ្មោះសុខ រដ្ឋា ត្រូវបានសមត្ថកិច្ចនគបាលខណ្ឌមានជ័យ បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ ហើយជនដៃដល់រូបនេះ ត្រូវតំណាងអយ្យការ លោកសេង ហៀង បើកការស៊ើបសួរ និងសម្រេចចោទប្រកាន់ពីបទ ឃាតកម្មមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ។ លុះមកដល់

ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការប្រកាសសាលក្រមលើសំណុំរឿងជនជាប់ចោទ ធ្វើទារុណកម្មសម្លាប់កូនស្រីចុងអាយុ ២ខួប ដោយសម្រេចផ្តន្ទាទោសជនជាប់ចោទ ដាក់ពន្ធនាគារចំនួន២០ឆ្នាំ។

គួររំលឹកថា កម្លាំងនគបាលខណ្ឌមានជ័យ បានចាប់ខ្លួនជនសង្ស័យឈ្មោះសុខ រដ្ឋា កាលពីវេលាម៉ោង ១និង១៥នាទីរសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចក្នុងផ្ទះជួល ផ្លូវលំ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

សមត្ថកិច្ចឱ្យដឹងថា ជនដៃដល់រូបនេះ ដោយសារតែខឹងនឹងក្មេងស្រីរងគ្រោះ ក៏បានវាយខ្លួនប្រាណ និងយកជង្គង់អុកលើដើមទ្រូង បណ្តាលឱ្យក្មេងស្រីរងគ្រោះរបួសធ្ងន់ ពេលដែលក្មេងស្រីរងគ្រោះ នៅជាមួយខ្លួនតែពីរនាក់ ហើយបន្ទាប់មក ជនដៃដល់បាននាំជនរងគ្រោះ ទៅឱ្យជីតារបស់ជនរងគ្រោះឈ្មោះម៉ី ថុល អាយុ៦៦ឆ្នាំ ដោយប្រាប់ទាំងកុហកថា រូបគេបានរអិលជើងដួលក្នុងបន្ទប់ទឹក សង្កត់លើក្មេងស្រីរងគ្រោះ បណ្តាលឱ្យស្លាប់។

យោងតាមសម្តីបុរសវ័យចំណាស់ ត្រូវជាជីតាក្មេងស្រីរងគ្រោះ បានប្រាប់ឱ្យដឹងថា មុនថ្ងៃកើតហេតុ ឪពុកចុងក្មេងស្រីរងគ្រោះបាន យកជនរងគ្រោះទៅដេកមួយយប់។ លុះស្អែកឡើង នៅថ្ងៃកើតហេតុ ក៏យកមកវិញទាំងសភាពទន់ខ្លួនប្រាណបាត់ស្មារតី ទើបជីតាពិនិត្យមើល ឃើញមានស្នាមជាំខ្លួន ជាំភ្លៅ និងដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបជីតាសង្ស័យឪពុកចុងរំលោភរួចធ្វើបាបរហូតដល់ស្លាប់។ ភ្លាមៗ ជីតាក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឱ្យចុះមកជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យជាឪពុកចុងរូបនេះ យកទៅសាកសួរតែម្តង។

ជាជំហានដំបូង ជនសង្ស័យបានឆ្លើយសារភាពថា នៅថ្ងៃកើតហេតុ រូបគេបានឱ្យកូនស្រីចុងចូលបន្ទប់ទឹកងូតទឹក ហើយរូបគេបានឆុងមីហូប ហើយដើរចូលបន្ទប់ទឹក រអិលជើងដួលសង្កត់ពីលើកូនស្រី រួចក៏យកកូនស្រីឱ្យទៅជីតា ដើម្បីពិនិត្យមើល ទើបស្លាប់។

លុះក្រោយពីសមត្ថកិច្ចជំនាញប្រើវិធីសាស្ត្រជំនាញសាកសួរយកចម្លើយ អស់រយៈពេលជាច្រើនម៉ោងរួចមក ជនសង្ស័យបានព្រមឆ្លើយសារភាពថា តាមពិតរូបគេពិតជាបានវាយសម្លាប់កូនស្រីចុងមែន ពោលគឺមិនមែនដួលសង្កត់ស្លាប់នោះទេ។ ដោយមុនពេលកើតហេតុ រូបគេ កំពុងនៅក្នុងបន្ទប់តែ ២នាក់កូនស្រីចុងរូបនេះ ស្រាប់តែក្រោយមក កូនស្រីបានវ៉ៃគេ និងថែមទាំងបានយកជើងធូបមកចាក់ភ្នែកគេថែមទៀត ទើបធ្វើឱ្យរូបគេខឹងពេក ក៏វ៉ៃដំ និងចាប់អុកជង្គង់ បណ្តាលឱ្យកូនស្រីនេះស្លាប់តែម្តង។

ក្រោយកើតហេតុ ស្ត្រីជាប្រពន្ធរបស់ជនសង្ស័យ និងត្រូវជាម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់៕

RELATED ARTICLES