Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានធំបុកម៉ូតូសិស្សសាលា កិនដាច់ជើង២នាក់

ឡានធំបុកម៉ូតូសិស្សសាលា កិនដាច់ជើង២នាក់

ភ្នំពេញ ៖ យុវជនជាសិស្សសាលាចំនួន ២នាក់ ទើបនឹងចេញពីរៀន ជិះម៉ូតូដឹកគ្នាចេញពីសាលា ស្រាប់តែជួបគ្រោះអកុសល ត្រូវរថយន្តដឹកប្រេង ១គ្រឿង បើកក្នុងល្បឿនយ៉ាងលឿន ជ្រុលមកបុកពីក្រោយ និងថែមទាំងកិនអូសប្រមាណជាង ១០ម៉ែត្រ បណ្តាលឱ្យយុវជនទាំង២នាក់ រងរបួសយ៉ាងធ្ងន់ ដោយម្នាក់ដាច់ជើងម្ខាងត្រឹមភ្លៅ ចំណែកម្នាក់ទៀតដាច់ត្រឹមកជើង និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង២០នាទីព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នៅចំណុចមុខសាលាអូឌឹម តាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើត គេបានឃើញយុវជន ២នាក់ ជាសិស្សសាលាជិះម៉ូតូ ១គ្រឿង ម៉ាក Zoomer-X ពណ៌ស លាយទឹកក្រូច ពាក់ស្លាកលេខ កំពង់ស្ពឺ 1K-1064 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុង

ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តដឹកប្រេងឥន្ទនៈរបស់ក្រុមហ៊ុនសូគីម៉ិច ពាក់ស្លាកលេខ ភ្នំពេញ 3F-9473 ធ្វើដំណើរមកពីក្រោយ ក្នុងល្បឿនយ៉ាងលឿន រួចជ្រុលបុក

និងកិនអូសប្រហែល១០ម៉ែត្រ បណ្តាលឱ្យយុវជនម្នាក់ដាច់ជើងឆ្វេងត្រឹមភ្លៅ ចំណែកម្នាក់ទៀតដាច់ត្រឹមកជើង រងរបួសយ៉ាងធ្ងន់ទាំង២នាក់។

ក្រោយកើតហេតុ តៃកុងរថយន្តបានចុះពីលើរថយន្ត គេចខ្លួនបាត់ ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ បង្កការកកស្ទុះចរាចរណ៍យ៉ាងខ្លាំង។

បន្ទាប់មក សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ និងចាត់បញ្ជូនក្មេងប្រុសរងគ្រោះទាំង២នាក់ ទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ចំណែករថយន្តបង្កហេតុ និងម៉ូតូរងគ្រោះ ក្រោយពីសមត្ថកិច្ចជំនាញធ្វើការវាស់វែងរួចរាល់ ក៏បានអូសយកទៅរក្សាសទុក រង់ចាំដោះស្រាយតាមនីតិវិធីនៅពេលក្រោយ៕

RELATED ARTICLES