ភ្នំពេញ៖សួស វីសា ដែលត្រូវបានគេដឹងថានាងជាតារាម្នាក់កែច្រមុះដែរនោះកាលពីថ្ងៃទី២៣ឧសភា អ្នកចម្រៀងហង្សមាសរូបនេះត្រូវបានប្ដីនាងលោកថមមី ជូនទៅកែធ្វើច្រមុះជាថ្មីដល់ថៃ ហើយពួកគេក៍មានដំណើរកម្សាន្ដជាលក្ខណៈគ្រួសារនៅទីនោះផងដែរ។វីសា ថ្លែងថានាងបានទៅមន្ទីពេទ្យបាងកង ប្រទេសថៃ ហើយនាងបានបូប និងកោសយកFilter នៅក្នុងច្រមុះចេញ ហើយបានវះកាត់ខ្ទង់ថ្មីដោយជោគជ័យ។យ៉ាងណាក្រោយមកដល់ខ្មែរវិញនេះវីសា ថានៅថ្ងៃទី២៦ឧសភា នាងនឹងទៅថៃ ម្ដងទៀតដើម្បីកាត់ថ្នេរចេញនិងពិនិត្យស្ថានភាពច្រមុះនាងម្ដងទៀត។

សួស វីសា មិននិយាយរឿងកែសម្រស់ផ្នែកណាផ្សេងពីច្រមុះនោះទេ ហើយក្រៅពីវីសា តារាដែលបានកែច្រមុះដែរមានដូចជាមាស សុខសោភា ,សុខ ពិសី,ថន លក្ខិណា និងតន់ ច័ន្ទសីម៉ា ជាដើម។ចំពោះវីសា វិញក្រោយសម្រាលកូនជាង១ឆ្នាំកន្លះមកនេះនាងរាងបែកសាច់ និងឡើងគីឡូជាងមុន គឺដូចតារាមានប្ដីនិងកូនដ៍ទៃទៀតដែរ។អ្វីដែលគូឲ្យកត់សម្គាល់ទោះជាពេលនេះវីសា មិនទាន់មានបទចម្រៀងល្បីៗឡើងវិញដូចកាលនៅលីវក្ដី ប៉ុន្ដែជីវភាពរបស់នាងធូធាខ្លាំងដូចជារស់នៅផ្ទះវីឡារយ៉ាងប្រណិតហើយជិះរថយន្ដទំនើបៗមានLexus Lx570 ,Lexus Nx200t ,Jaguar និងMazda ជាដើម។អតីតតារាRock រូបនេះក្រោយចាប់ដៃលោកថមមី ជាង២ឆ្នាំនាងធ្លាប់ចេញសារថាជីវិតនាងប្រៀបដូចព្រះនាងព្រោះត្រូវស្វាមីផ្គាប់ចិត្តគ្រប់បែបយ៉ាងទាំងអស់។ដោយឡែកលោកថមមី វិញធ្លាប់ប្រកាសដោយតាំងចិត្តថាលោកស្រលាញ់ប្រពន្ធកូនលោកអស់១ជីវិត។

សួស វីសា បានរៀបការជាមួយលោកប៊ុនថុល ប៊ុនថងហៅ ថមមី កាលពីថ្ងៃទី២៩ខែវិច្ឆិការឆ្នាំ២០១៩ និងសម្រាលកូនថ្ងៃទី៩ខែតុលាឆ្នាំ២០២០ ដោយដាក់ឈ្មោះថាថង សាម៉ូលីណា ហៅJenny ។តារាកូន១រូបនេះធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងចង់បានតំណែងលេខរៀងបន្ទាប់ពីឱក សុគន្ធកញ្ញា តែពេលនេះគេមើលឃើញថាវីសា ហាក់មិនសូវសង្ឃឹមច្រើនឡើយ ព្រោះថានាងមិនទាន់បង្ហាញអ្វីថ្មីៗនោះទេ បើទោះជាទទួលបានតំណែងជាគ្រូបង្វឹកThe Voice Cambodia រដូវកាលទី២ របស់សុគន្ធ និសា ក្ដី។តែអ្នករួមអាជីពបានសរសើរនូវការកែប្រែជីវភាពរបស់វីសា បានយ៉ាងល្អប្រសើរដូចពេលនេះព្រោះមុនចូលហង្សមាសនាងធ្លាប់រស់នៅផ្ទះជួល និងជិះម៉ូតូឌុបទៅធ្វើការទៀតផង៕

