ភ្នំពេញ ៖ ជនសង្ស័យជាខ្មាន់កាំភ្លើងម្នាក់ ចេញពីផឹកស៊ីស្រវឹង មិនដឹងខឹងសម្បារឿងអ្វី ស្រាប់តែបើករថយន្តមកឈប់តាមផ្លូវ រួចទម្លាក់កញ្ចក់ ដកកាំភ្លើងបាញ់ទៅលើមេឃ ចំនួន៤គ្រាប់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍ ប៉ុន្តែបានត្រឹមរើសសំបកការ៍ទូសប៉ុណ្ណោះ ខណៈដែលជនបង្កហេតុ ក្រោយពេលបាញ់បោះសេរីរួច បានបើករថយន្តចាកចេញបាត់ស្រមោល។
ហេតុការណ៍ផ្ទុះអាវុធខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នៅចំណុចមុខវត្តតិក្ខបញ្ញោ ស្ថិតក្នុងភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យជាខ្មាន់កាំភ្លើង មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា បើករថយន្តទំនើប ១គ្រឿង ម៉ាក Ford ពណ៌ខ្មៅ មិនចាំស្លាកលេខ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តទំនើប ១គ្រឿង ម៉ាក Ford ពណ៌ខ្មៅ មិនចាំស្លាកលេខ មិនដឹងបើកមកពីណាទៅណានោះទេ បានមកឈប់នៅកន្លែងកើតហេតុ លុះបន្តិចក្រោយមក អ្នកបើកបរបានចុចទម្លាក់កញ្ចក់រថយន្ត រួចដកកាំភ្លើងខ្លី មិនស្គាល់ម៉ាក បាញ់ទៅលើមេឃ ចំនួន៤គ្រាប់បន្តបន្ទាប់ រួចក៏បិទកញ្ចក់វិញ ហើយបើករថយន្តគេចចេញទៅបាត់ភ្លាមៗតែម្តង។
ប្រភពដដែល បន្តថា ជនសង្ស័យជាខ្មាន់កាំភ្លើង ទំនងជាទើបនឹងចេញពីផឹកស៊ី ហើយអាចមានទំនាស់ ឬកំហឹងរឿងអ្វីមួយ ទើបបានជាមកបញ្ចេញកំហឹងដាក់មេឃ ដកកាំភ្លើងបាញ់បង្អើលមេឃ ធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច និងភ្ញាក់ផ្អើលគ្រប់គ្នា រួចក៏រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ ពិនិត្យជាក់ស្តែង និងបានរើសយកសំបកគ្រាប់ ទៅរក្សាទុក រង់ចាំស្រាវជ្រាវតាមចាប់ជនបង្កជាខ្មាន់កាំភ្លើង នាំយកមកផ្តន្ទាទោសតាមច្បាប់៕