Monday, January 20, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដុតបន្ទប់ផ្ទះសំណាក់ លោតសម្លាប់ខ្លួន

ដុតបន្ទប់ផ្ទះសំណាក់ លោតសម្លាប់ខ្លួន

ភ្នំពេញ ៖ បុរសម្នាក់ មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វី ស្រាប់តែធ្វើសកម្មភាពដុតកម្រាលពូក និងខ្នើយ ក្នុងបន្ទប់ផ្ទះសំណាក់ ធ្វើឱ្យឆាបឆេះ រួចក៏រត់គេចចេញពីផ្ទះសំណាក់ ឡើងទៅលើការដ្ឋានសំណង់ ជាន់ទី២ លោតសម្លាប់ខ្លួន បណ្តាលឱ្យបោកក្បាលនឹងថ្នល់ ស្លាប់ភ្លាមៗមួយរំពេច។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ នៅត្រង់ចំណុចភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។

បុរសដែលលោតសម្លាប់ខ្លួននោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា គឺជាជនបរទេស។

តាមប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា កន្លងមក គេធ្លាប់ឃើញបុរសជនជាតិបរទេសរូបនេះ

(ជនរងគ្រោះ) ដើរនៅក្នុងភូមិសាស្ត្រខាងលើ ជួនអត់មានទាំងពាក់ស្បែកជើងផង ហើយនៅវេលាកើតហេតុនេះ គេឮសូរសំឡេងឆ្កែព្រុសយ៉ាងខ្លាំង ធ្វើឱ្យប្រជាពលរដ្ឋភ្ញាក់ពីដេក និងសង្ស័យថា មានជនសង្ស័យដើរធ្វើសកម្មភាពល្មើស (លួចរបស់ទ្រព្យប្រជាពលរដ្ឋនៅពេលយប់) ក៏នាំគ្នាចេញមកមើល ស្រាប់តែប្រទះឃើញជនរងគ្រោះដេកផ្កាប់មុខនៅលើផ្លូវ តែគ្មានអ្នកហ៊ានចូលជិតឡើយ រហូតដល់ភ្លឺច្បាស់ ទើបដឹងថាជនរងគ្រោះ បានស្លាប់បាត់ទៅហើយ។

បើតាមប្រភពមួយផ្សេងទៀត បានឱ្យដឹងថា កាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ គេឃើញជនរងគ្រោះចូលទៅដេកនៅបន្ទប់ផ្ទះសំណាក់ យីហោ សុភ័ស្ត ភួង ដែលស្ថិតនៅក្បែរនោះ ស្រាប់តែនៅរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ជនជាតិបរទេស រូបនោះ បានដុតកម្រាលពូក ខ្នើយ ឆេះក្នុងបន្ទប់ ហើយរត់ឆ្លងកាត់លើដំបូលផ្ទះ ឡើងទៅលើការដ្ឋានសំណង់ជាន់ទី២ ហើយលោតចុះ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងតែម្តង។

ករណីខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋាន ជំនាញ ចុះទៅពិនិត្យជាក់ស្តែង ដល់ទីតាំងកើតហេតុផងដែរ។ បន្ទាប់មក សមត្ថកិច្ចបានដឹកសពជនរងគ្រោះ ទៅតម្កល់ទុក រង់ចាំស្រាវជ្រាវរកអត្តសញ្ញាណ និងផ្តល់ដំណឹងទៅក្រុមគ្រួសារ ឬស្ថានទូត មកទទួលយកទៅ ចាត់ចែងបន្ត៕

RELATED ARTICLES