Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្តីដុកទ័រស្លាប់ ប្រពន្ធទួញយំរៀបរាប់ រៀបការ៦ឆ្នាំ៣ខែ បងថ្នមថែអូនទាំងកាយចិត្ត

ប្តីដុកទ័រស្លាប់ ប្រពន្ធទួញយំរៀបរាប់ រៀបការ៦ឆ្នាំ៣ខែ បងថ្នមថែអូនទាំងកាយចិត្ត

ខេត្តកណ្តាល ៖ ជារឿងដ៏សោកសៅបំផុតមួយ សម្រាប់ប្តីប្រពន្ធវ័យក្មេងមួយគូ ខណៈដែលកំពុងរួមរស់យ៉ាងមានសុភមង្គល ស្រលាញ់គ្នាចាក់ទឹកមិនលិច ស្រាប់តែបុរសជាប្តីទៅចោលប្រពន្ធកូនគ្មានថ្ងៃវិលត្រឡប់ ដោយមិន

បានលាសូម្បីមួយម៉ាត់ ដោយគាំងបេះដូង ធ្វើឲ្យស្រ្តីជាប្រពន្ធ ទួញសោកបោកខ្លួន រំលឹកនូវសុភមង្គលដែលនាងទទួលបានពីប្តីដ៏ល្អលើស ដែលក្នុងអំឡុងពេលរៀបការ រួមរសើជាមួយគ្នា ៦ឆ្នាំ ៣ខែ ប្តីស្រឡាញ់ថ្នាក់ថ្នមថែប្រពន្ធទាំងកាយចិត្តស្មើឥតមានទាស់ និងមិនដែលទៅណាចោលប្រពន្ធមួយយប់សោះឡើយ។

បុរសជាស្វាមីដែលបានចែកឋានចោលភរិយាជាទីស្រលាញ់នោះ មានឈ្មោះធី សាមឌី មុខរបរជាវេជ្ជបណ្ឌិត ធ្វើការនៅមន្ទីរពេទ្យព្រះអង្គឌួង មានប្រពន្ធឈ្មោះគ្រុយ វួចនា មុខរបរលក់ដូរ និងមានកូនប្រុសស្រីតូចៗ ចំនួន២នាក់ក្នុងបន្ទុក មានស្រុកកំណើតនៅភូមិស៊ីធរកើត ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

តាមសម្តីក្រុមគ្រួសារ បានឲ្យដឹងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ដែលជាថ្ងៃបុណ្យគម្រប់៧ថ្ងៃ របស់សពលោកវេជ្ជបណ្ឌិត ធី សាមឌី ថាលោកវេជ្ជបណ្ឌិតវ័យក្មេងរូបនេះ បានទទួលមរណភាព ដោយសាររោគាពាធ (គាំងបេះដូង) ហើយពិធីបុណ្យ ៧ថ្ងៃ នៃសពលោកវេជ្ជបណ្ឌិត ធី សាមឌី ត្រូវបានធ្វើឡើងនៅឯស្រុកកំណើត ភូមិស៊ីធរកើត ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ក្រោយបាត់បង់ស្វាមីទាំងវ័យក្មេងបែបនេះ ធ្វើឱ្យស្ត្រីជាភរិយាលោកវេជ្ជបណ្ឌិត ធី សាមឌី បានសម្តែងនូវអារម្មណ៍សោកស្តាយ សោកសៅយ៉ាងខ្លាំង ដោយអ្នកស្រីបានបញ្ជាក់ថា ការចាកចេញរបស់ស្វាមី ធ្វើឲ្យអ្នកស្រីជាប្រពន្ធ ជិតឆ្កួតទៅហើយ ព្រោះតែការស្តាយស្រណោះអាឡោះអាល័យប្តីពេក ដ្បិតអីស្វាមីរបស់អ្នកស្រី ត្រូវបានអ្នកស្រី

ចាត់ទុកថា «ល្អលើស» មើលថែថ្នមចិត្តនិងកាយប្រពន្ធ មិនឲ្យមានអារម្មណ៍ហត់មួយថ្ងៃណាឡើយ ជាពិសេស តាំងពីរៀបការជាមួយគ្នា រយ:ពេល ៦ឆ្នាំ ៣ខែ មកនេះ ស្វាមីអ្នកស្រី មិនដែលទៅណាចោលអ្នកស្រី សូម្បីមួយយប់សោះឡើយ ទោះបីត្រូវវេនយាមនៅមន្ទីរពេទ្យ ក៏ឆ្លៀតមកផ្ទះ ជួយបិទទ្វារឲ្យប្រពន្ធរួច ទើបទៅយាមវិញ។

អ្នកស្រី គ្រុយ វួចនា បានបង្ហោះរូបថតចុងក្រោយរបស់ស្វាមីក្នុងឯកសណ្ឋានជាវេជ្ជបណ្ឌិត ដែលអ្នកស្រីជាអ្នកថតឲ្យ ក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក ស្វាមីរបស់អ្នកស្រី នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ជាមួយសំណេរថា “រូបនេះ គឺអូនថតឱ្យបងចុងក្រោយ ប្តីអូនល្អលើសហើយដឹងទេ ៦ឆ្នាំ ៣ខែហើយដែលយើងរៀបការ បងមិនដែលទៅណាចោលអូនបាត់មួយយប់ទេ ទោះត្រូវថ្ងៃបងយាមពេទ្យ ក៏រត់មកផ្ទះ ជួយបិទទ្វារឱ្យប្រពន្ធ ហើយទៅយាមវិញ

ប្រពន្ធឈរលក់យូរមិនបាន រត់ទៅជួយជំនួស ឱ្យអូនអង្គុយ មិនឱ្យឈរយូរទេ ខ្លាចឈឺជើង។ ៦ឆ្នាំ អូនមិនដែលហត់ចិត្តសោះ បងថ្នមផ្លូវចិត្តនិងកាយប្រពន្ធណាស់ មកពីធ្វើការហត់យ៉ាងណា ក៏រត់ថើបកូនសិនដែរ ជីវិតបងហត់នឿយណាស់ យើងតស៊ូមួយគ្នាតាំងពីញ៉ាំមីមួយកញ្ចប់ ២នាក់ យើងអត់ណាស់ កាល ២០១៧ អូនយំ បងជូតទឹកភ្នែកអូន ហើយសុំទោសអូនថា នាំអូនមកពិបាកជាមួយ តែអូនពេញចិត្ត អូនសុខចិត្តគ្រប់យ៉ាងឱ្យតែបានក្បែរបង”។

ស្ត្រីជាភរិយា សរសេរបន្តថា “បងចាំទេ កាលយើងមានកូនទីមួយ បងសប្បាយចិត្ត និងកូនមុខដូចបង ១០០ភាគរយ បងប្រាប់អូនថា បងនឹងធ្វើឱ្យអូនមានក្តីសុខ ទោះបងគ្មានសម្ភារនិយមក៏ដោយ។ បងដឹងទេ ប្រពន្ធបងពេលនេះ មានអារម្មណ៍យ៉ាងណា ពេលបងទៅមិនលា មិនបំពេញសន្យា មិនមើលមុខអូននិងកូន អូនដឹងថា បងធ្វើការរាល់ថ្ងៃ លើសកម្លាំង ឈឺមិនប្រាប់អូន ខ្លាចអូនបារម្ភ ប្តីដឹងទេ ការចាកចេញនេះ ប្រពន្ធបងជិត

ឆ្កួតហើយ ប្តីអូនសង្ហាណាស់ ចំណេះដឹងខ្ពង់ខ្ពស់ មានចរិតស្លូតបូត ស្មោះត្រង់ណាស់ ៥ថ្ងៃហើយ ដែលបងទុកអូនឱ្យគេង គ្មានបង អូននឹកបង ចង់ឱបបងឱ្យពេញដៃដូចមុន ចង់ឱ្យបងកាន់ដៃអូនពេលគេង អូនស្រលាញ់ប្តីណាស់ អូននឹងរក្សាការស្រលាញ់ប្តី ក្នុងបេះដូងអូន អស់មួយជីវិត នាទីចុងក្រោយ បងមានត្រឹមរូបថត”។

ស្ត្រីជាភរិយា បានរៀបរាប់បន្តទៀតថា “អូននឹងសន្យាថា មើលកូនយើងទាំង២ ឱ្យល្អបំផុត សូមប្តីទៅកាន់សុគតិភព សូមជាតិក្រោយ កុំអាយុខ្លីអ៊ីចឹងទៀតណាបង សូមឱ្យបងល្អគ្រប់យ៉ាងដូចជាតិនេះ ហើយកុំស្គាល់ពាក្យថាហត់នឿយ អាយុវែង ដល់ចាស់កោងខ្នង! លាហើយមនុស្សល្អរបស់អូនអើយ! អូនដឹងថាបងបារម្ភរឿងអូនឈឺជើង តែបងកុំបារម្ភអី ពេលអូនឈឺ អូននឹងទៅពេទ្យខ្លួនឯង បងដឹងហើយថា ប្រពន្ធបងខ្លាំងគ្រប់យ៉ាង អូននឹងដើរទៅរួច អូនសន្យាណាប្តីសម្លាញ់ចិត្ត thy samedy…”៕

RELATED ARTICLES