ភ្នំពេញ៖គិតត្រឹមឆ្នាំ២០២២នេះមានតារានិងអតីតតារាដល់ទៅ៤នាក់មកហើយដែលបានឡើងជាឧកញ៉ាដោយមានខ្លះនៅបន្ដអាជីពសិល្បៈនិងខ្លះទៀតបោះបង់ក្នុងនោះមានដូចជាលោកទុំសារុត ហៅនាយឃ្លោគ ,លាន អាហ្វ្រីលគីនីន ,ខែម ប៊ុនថៃ និងព្រាប សុវត្ថិ ខណៈមានដំណឹងថាតារាដែលអ្នកត្រៀមឡើងជាឧកញ៉ានាពេលបន្ទាប់គឺលោកចែម ចាន់តារា ហៅនាយពែកម៉ី តែចុងក្រោយលោកតារា ថាលោកមិនចង់ធ្វើអ្នកធំទេគឺចង់ធ្វើអ្នកតូចតាចងាយស្រួលដើរផឹកស៊ីទៅវិញ។

ដោយឡែកសម្រាប់លោកឆាយ ចាន់ឆោម ហៅឆាយ វីរៈយុទ្ធ ដែលជាអ្នកចម្រៀងលេចធ្លោម្នាក់នាពេលបច្ចុប្បន្ននៅពេលសាកសួរថាតើលោកចង់ឡើងជាឧកញ៉ាដូចគេដែរឬអត់នោះ អ្នកចម្រៀងដែលចេញរកស៊ីវិស័យអចលនទ្រព្យដូចលោកព្រាប សុវត្ថិ ឬខែម ប៊ុនថៃ នោះថាគ្មានអ្នកណាដឹងថាថ្ងៃអនាគតមានរឿងអ្វីកើតឡើងឡើយ។លោកវីរៈយុទ្ធ បានប្រាប់តាមទូរស័ព្ទកាលពីពេលថ្មីៗថា”គ្មានអ្នកណាដឹងថានៅពេល ខាងមុខមានរឿងអីកើតឡើងនោះទេ”។លោកបន្ថែមថានឹងខិតខំធ្វើការងារពីរគឺអាជីពចម្រៀងនិងរកស៊ីផ្នែកអចលនទ្រព្យឲ្យដើរទន្ទឹមគ្នាតែម្ដងហើយនឹងព្យាយាមធ្វើឲ្យបានល្អជាងពេលនេះថែមទៀត។លោកចាន់ឆោម ហៅវីរៈយុទ្ធ ដែលត្រូវជាក្មួយសាច់ថ្លៃរបស់ព្រាប សុវត្ថិ ឬព្រាប សុវត្ថិ ត្រូវជាឪពុកមារបង្កើតរបស់ភរិយាលោកនោះបន្ថែមថាលោកសូមសាទរចំពោះលោកព្រាប សុវត្ថិ ដែលទទួលបានងារដ៍អស្ចារ្យមួយនេះ ហើយតំណែងឧកញ៉ាគឺពិតជាសាកសមបំផុតចំពោះលោកសុវត្ថិ ។តារាសាន់ដេរូបនេះបន្ថែមថាក្រៅពីលោកព្រាប សុវត្ថិ លោកក៍សូមចូលរួមត្រេកអរដល់តារាទាំងអស់ដែលបានទទួលគោរមងារជាឧកញ៉ាផងដែរ។

ឆាយ វីរៈយុទ្ធ បានក្លាយទៅជាតារាចម្រៀងស្នូលរបស់សាន់ដេ ដែលរៀងរាល់កម្មវិធីប្រលងចម្រៀងធំៗគេតែងតែឃើញបទចម្រៀងរបស់លោកត្រូវបានបេក្ខជនជាច្រើនយកទៅប្រលងទើបធ្វើឲ្យលោកចាន់ឆោម កាន់តែមានប្រៀបជាងអ្នកចម្រៀងផ្សេង។អតីតតារាចម្រៀងBlue Diamond,M និងBigman រូបនេះក៍ទើបតែប្រារពខួបអាពាហ៍ពិពាហ៍៥ឆ្នាំរបស់លោកជាមួយអ្នកនាងសែ ចាន់ឌី កាលពីថ្ងៃទី២១ខែឧសភាឆ្នាំ២០២២ ផងដែរដោយលោកបានអះអាងថាតាំងពីចាប់ដៃជាមួយអ្នកនាងចាន់ឌី មកជីវិតលោកមានការផ្លាស់ប្ដូរជាច្រើន។

ឆាយ វីរៈយុទ្ធ ថ្លែងថាពេលនេះលោកមានភាពកក់ក្ដៅក្នុងជីវិត មានគោលដៅច្បាស់លាស់ មិនដូចពីមុនឡើយ ព្រោះឥឡូវទៅណាមានគ្នា(ភរិយា)ទៅជាមួយ ហើយពេលដែលទៅណាឆ្ងាយលោកមានអារម្មណ៍នឹកដល់ប្រពន្ធកូន។លោកបន្ថែមថាទោះជាការរកស៊ីធ្វើជំនួញរបស់លោកមមាញឹកយ៉ាងណាក៍មានកំលាំងចិត្តពីភរិយារបស់លោកជានិច្ចផងដែរ។ដោយឡែកសម្រាប់ថ្ងៃខួបអាពាហ៍ ពិពាហ៍ គម្រប់៥ឆ្នាំនោះលោកឆោម ថាចំថ្ងៃដែលលោកមានការត្រូវចុះទៅខេត្តបន្ទាយមានជ័យ ហេតុនេះហើយមិនបានកាដូអ្វីធំដុំជូនប្រពន្ធទេ តែនៅថ្ងៃបន្ទាប់លោកមានការជួបជុំគ្រួសារញាំអាហាររួមគ្នា។

មហាជនរងចាំមើលថាតើលោកឆាយ វីរៈយុទ្ធ ដែលជាអ្នករកស៊ីធំម្នាក់ផ្នែកអចលនទ្រព្យនោះនឹងអាចក្លាយទៅជាតារាទី៥ដែលឡើងជាឧកញ៉ាដែរឬទេនាពេលខាងមុខនេះ?ការសម្អាងបែបនេះព្រោះថាបច្ចុប្បន្នលោកចាន់ឆោម ក៍ត្រូវបានគេចាត់ទុកជាតារាម្នាក់ដែលមានទ្រព្យច្រើនដូចលោកព្រាប សុវត្ថិ,ចា រិទ្ធី ,ខែម ប៊ុនថៃ ,យុគ ចិន្ដា,ខាត់ សុឃីម និងកែវ ស្រីនាង ជាដើមផងដែរ ។អ្វីដែលកាន់តែគូរចាប់អារម្មណ៍ថែមទៀតនោះលោកវីរៈយុទ្ធ ក្រោយក្លាយទៅជាកូនប្រសារអ្នកជំនួញធំនៅក្រុងកំពង់ចាមលោកហាក់ សែ មកលោកមានទ្រព្យមិនចាញ់ឧកញ៉ាមួយចំនួនដែលទទួលបានងារពិសេសមួយនេះមុនលោកឡើយ ពោលគឺអ្នកចម្រៀងរូបនេះចង់រកស៊ីអ្វីក៍មិនខ្វះទុនដែរ៕
