ភ្នំពេញ ៖ ក្មេងស្ទាវឈាមរាវចំនួន២ក្រុម បានធ្វើសកម្មភាពជិះម៉ូតូប្រដេញវាយកាប់ចាក់គ្នាពេញដងផ្លូវ លុះភាគីម្ខាងព្យាយាមជិះម៉ូតូរត់គេច ក៏វ៉ាក់នឹងរថយន្ត ១គ្រឿង ទើបគេចចង្កូតដួល រងរបួសធ្ងន់ចំនួន២នាក់។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញក្មេងស្ទាវ ចំនួន២ក្រុម បានជិះម៉ូតូដេញវ៉ៃគ្នាយ៉ាងប្រសាច តាមបណ្តោយផ្លូវព្រះមុនីរ៉េត លុះពេលមកដល់ត្រង់ចំណុចកើតហេតុ ម៉ូតូរបស់ក្មេងទំនើង បានវ៉ាក់ជាមួយនឹងរថយន្តព្រូស ១គ្រឿង បណ្តាលឱ្យប៉ះទង្គិចនឹងម៉ូតូ ១គ្រឿងទៀត ដួលបត់ក រងរបួសធ្ងន់ចំនួន ២នាក់ និងត្រូវបានមិត្តភក្តិប្រញាប់ដឹកបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាលភ្លាមៗ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ នៅក្នុងមូលដ្ឋាន បានចុះទៅពិនិត្យនិងធ្វើការសាកសួរព័ត៌មាន។ បន្ទាប់មក សមត្ថកិច្ចបានធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយទៅតាមនីតិវិធី៕