Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមម៉ាស្សាស្រួលមួយភ្លែត អស់១៤០០ដុល្លារ

ម៉ាស្សាស្រួលមួយភ្លែត អស់១៤០០ដុល្លារ

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ បានចូលទៅរកសេវាម៉ាស្សា នៅក្នុងហាងម៉ាស្សាមួយកន្លែង ដើម្បីឲ្យស្រីម៉ាស្សាស្រឿសរសៃសូងឲ្យស្រួលខ្លួនបន្តិច តែបែរជាត្រូវនារីម៉ាស្សា និងម្ចាស់ហាង ប្រើល្បិច រួមគំនិតគ្នាលួចលុយអស់ចំនួន១៤០០ដុល្លារ លុះចេញមកវិញ ដឹងថាបាត់លុយ ក៏ប្រញាប់រត់ទៅប្តឹងសមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ ចាប់ឃាត់ខ្លួននារីជើងល្អទាំង២នាក់ នាំយកទៅសាកសួរ។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នៅត្រង់ចំណុចក្នុងហាងម៉ាស្សា កោសជប់ មួយកន្លែង មានទីតាំងស្ថិតក្នុងភូមិត្រពាំងខ្យង ឃុំទួលអម្ពិល ស្រុកបរសេដ្ឋ។

ជនរងគ្រោះដែលចូលម៉ាស្សាស្រួលមួយភ្លែត បែរជាអស់ ១៤០០ដុល្លារនោះ មានឈ្មោះ អ៊.ស.ល មានលំនៅក្នុងស្រុកបរសេដ្ឋ។ ចំណែកនារីជើងល្អទាំង២នាក់ ដែលលួចលុយភ្ញៀវ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះកន ដាលីន (នារីម៉ាស្សា) និងទី២-ឈ្មោះស្រឿង ម៉េន (ជាម្ចាស់ហាងម៉ាស្សា)។ នារីជាជនសង្ស័យទាំង២នាក់ មានលំនៅក្នុងហាងម៉ាស្សា ទីតាំងកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះខាងលើ បានចូលទៅរកសេវាម៉ាស្សា កោសជប់ ក្នុងហាងម៉ាស្សាខាងលើ ដែលមានទីតាំងស្ថិតក្នុងភូមិត្រពាំងខ្យង ឃុំទួលអម្ពិល ស្រុកបរសេដ្ឋ។ ពេលដែលជនរងគ្រោះចូលទៅដល់ក្នុងហាងម៉ាស្សានោះ ក៏ត្រូវនារីសង្ស័យម្នាក់ ឈ្មោះកន ដាលីន បានចេញមកទទួល រួចនាំជនរងគ្រោះជាភ្ញៀវ ចូលទៅក្នុងបន្ទប់ ដើម្បីបម្រើសេវាម៉ាស្សាជូន។

ប្រភពដដែល បន្តថា ក្រោយពេលម៉ាស្សារួច ជនរងគ្រោះ ក៏ចេញមកវិញ ទើបដឹងថាខ្លួនបាត់លុយអស់ចំនួន ១៤០០ដុល្លារ ក៏ប្រញាប់ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចស្រាវជ្រាវតែម្តង។

បន្ទាប់ពីទទួលពាក្យបណ្តឹងខាងលើ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលអម្ពិល បានចុះស្រាវជ្រាវដល់កន្លែងកើតហេតុ និងហៅជនសង្ស័យ២នាក់ (ម្នាក់ជានារីបម្រើសេវាម៉ាស្សា និងម្នាក់ទៀតជាម្ចាស់ហាង) ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច នារីម៉ាស្សាទាំង២នាក់ខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានរួមគំនិតគ្នាលួចយកលុយនៅក្នុងកូនកាបូបដៃរបស់ជនរងគ្រោះ ចំនួន១៤០០ដុល្លារ ប្រាកដមែន។

ករណីនេះ ប្រាក់ចំនួន ១៤០០ដុល្លារដែលដកហូតពីជនសង្ស័យ ត្រូវបានប្រគល់ជូនជនរងគ្រោះវិញ។ ចំណែកជនសង្ស័យទាំង ២នាក់ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋានខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធី នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២៕

RELATED ARTICLES