ភ្នំពេញ៖សារ៉ាយ សក្ខណា បានចុះមកលេងស្រុកលើកនេះរយៈពេលជាង៦ខែមកហើយដែលនៅមិនទាន់កំណត់ពេលវេលាវិលត្រឡប់ទៅសហរដ្ឋអាមេរិកវិញជាក់លាក់នោះទេតែនាងអាចបន្ដនៅខ្មែរចន្លោះពី១ទៅ២ខែទៀតទើបវិលវិញ។សក្កណា បានប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៧ខែឧសភា ថាការមកខ្មែរបានយូជាងលើកមុនៗនេះដោយសារតែនៅលើនាងនិងក្រុមគ្រួសារប៉ុណ្ណោះព្រោះចង់នៅឬទៅវិញពេលណាក៍បានដែរ ដោយសារតែនៅខ្មែរនាងក៍មានមុខរបរផ្ទាល់ខ្លួនដែរគឺហាងគ្លីនិក១នៅទួលគោក។ដោយឡែកសម្រាប់ការមកជើងនេះនាងបានថតស្ពតឲ្យស្មាត និងទឹកដោះគោនៅក្រុមហ៊ុនមួយរួមទាំងថតសម្អាងការផ្សេងៗផងដែរ។ប៉ុន្ដែសម្រាប់ការថតភាពយន្ដវិញនាងមិនទាន់ហ៊ានទទួលនោះទេបើទោះជាមានគេទាក់ទងហៅថតក្ដី តែការថតរឿងប្រើពេលយូថ្ងៃ ហេតុនេះហើយបានជានាងអាកខានថតភាពយន្ដថ្មីៗ។ប៉ុន្ដែសម្រាប់ការងារសិល្បៈមានរយៈពេលខ្លីៗគឺនាងទទួលថតជាធម្មតាទាំងអស់។


សារ៉ាយ សក្ខណា បានមកលេងស្រុកជាញឹកញាប់តាំងពីនាងបានចេញទៅរស់នៅសហរដ្ឋអាមេរិកជិត១០ឆ្នាំមកនេះ ដែលការមកលើកចុងក្រោយនេះនាងនិងស្វាមីរួមទាំងកូនប្រុសស្រីទាំងពីរបានមកតាំងពីថ្ងៃទី១៣ខែវិច្ឆិការឆ្នាំ២០២១ ដើម្បីចូលរួមមង្គការប្អូនប្រុសរបស់នាងនៅថ្ងៃទី១៦ខែមករាឆ្នាំ២០២២ និងចូលរួមមង្គលការអ្នកនាងទឹម រដ្ឋា កាលពីថ្ងៃទី២៦ខែមីនាឆ្នាំ២០២២ ។សក្កណា បានឲ្យដឹងទៀតថាពេលនេះនាងនិងស្វាមីព្រមទាំងកូនទាំងពីរកំពុងតែនៅខ្មែរដូចគ្នាហើយបានដើរកម្សាន្ដជាមួយក្រុមគ្រួសារតាមតំបន់ទេសចរណ៍មួយចំនួនរួមទាំងបានទៅធ្វើបុណ្យនៅស្រុកកំណើតនៅខេត្តស្វាយរៀងផងដែរកាលពីពេលថ្មីៗនេះ។

សារ៉ាយ សក្ខណា មុនវិលត្រឡប់ទៅអាមេរិកនាងធ្លាប់បង្ហើបថាអាចនិងយកកូនតែ២នាក់នេះទេ គឺគ្មានផែនការណ៍យកកូនថែមឡើយ។តែនាងថាបើបានកូនទៀតគឺឲ្យមានតាមធម្មជាតិ មិនពន្យានោះទេ ហើយចិត្តនាងបើត្រូវមានកូនទៀតគឺចង់បានភ្លោះតែម្ដងព្រោះកុំឲ្យពិបាកបង្កើតច្រើនដង។យ៉ាងណាសក្កណា ថាការមានកូន២ដូចបច្ចុប្បន្ននាងទទួលបានសុភមង្គលល្អដោយរស់នៅយ៉ាងមានក្ដីសុខទៅហើយ ហេតុនេះទោះជាគ្មានកូនថែមទៀតក៍នាងមិនបារម្ភច្រើនដែរ។

សារ៉ាយ សក្ខណា បានរៀបការជាមួយអាណិកជនខ្មែរមកពីអាមេរិកលោកមេធាវីកែវ ប៊ុនមេត្រី ថ្ងៃទី១២ខែធ្នូឆ្នាំ២០១២ ដែលពេលនេះពួកគេទទួលបានកូន២នាក់គឺកូនទី១ស្រីឈ្មោះMataysia អាយុជាង៧ឆ្នាំ កូនទី២ប្រុសឈ្មោះព្រីនស្ទីន អាយុជាង២ឆ្នាំ។អតីតតារាសម្ដែងល្បីល្បាញឈ្មោះរូបនេះស្ថិតក្នុងចំណោមតារាដែលជ្រើសយកស្វាមីជាអាណិកជនខ្មែរអាមេរិកមានដូចជាអ្នកនាងគឹម លក្ខិណា ,វ៉េត រតនា ,អ៊ឹត ស្រីពីន និងវ៉ាង ស្រីណូ ជាដើម។តែសក្កណា បានចុះមកស្រុកញឹកញាប់ជាងគេព្រោះនាងមានមុខជំនួញនៅខ្មែរ ហើយទោះជាពេលមកដល់ស្រុកនាងនៅតែបន្ដអាជីពសិល្បៈក្ដី តែសម្រាប់ការរស់នៅលើដីអាមេរិកវិញនាងមិនដែលចេញច្រៀងសម្ដែងដូចអតីតតារាផ្សេងៗទៀតនោះទេ៕
