ភ្នំពេញ៖សុគន្ធ និសា បានផ្អាកការថតសម្ដែងភាពយន្ដរយៈពេលយូ ដើម្បីផ្ដោតទៅលើការពង្រឹងបទចម្រៀងសារជាថ្មីឡើងវិញ ក្រោយនាងរក្សារភាពនៅទ្រឹងស្ងៀមស្ងាត់តាំងពីមានស្វាមីមកម្លេះដែលធ្វើឲ្យតារាស្រគត់ស្រគុំប្រឈមជួបការពិបាករក្សារតំណែងក្នុងនាមជាតារាស្រីជូរមុខគេនៅហង្សមាស។យ៉ាងណាដោយសារតែបច្ចុប្បន្នតារាស្រីនៅហង្សមាសមានកាន់តែច្រើនទើបធ្វើឲ្យនិសា នៅតែពិបាកដណ្ដើមភាពលេចធ្លោដូចមុនស្របពេលដែលរយៈពេលចុងក្រោយនេះគេឃើញស្រីស្រស់រ៉េត ស៊ូហ្សាណា នៅតែមានយ៊ីអ៊ុនល្អជាងគេដដែលទើបធ្វើឲ្យនិសា ក៍ដូចជាសុគន្ធកញ្ញា ,សួស វីសា និងពេជ្រ សូលីកា ជាដើមដែលសុទ្ធតែមានស្វាមីទៅហើយនោះពិបាកប្រជែងជាមួយតារាវ័យក្មេងៗ។អ្វីដែលគូរឲ្យកត់សម្គាល់ផងដែរសុគន្ធ និសា នៅតែមិនទាន់បានតំណែងធំដើម្បីប៉ៈប៉ូវកិត្តិយសមកវិញឡើយ ក្រោយនាងបាត់បង់កៅអីជាគ្រូបង្វឹកThe Voice Cambodia រដូវកាលទី២ដែលធ្លាក់ទៅកណ្ដាប់ដៃសួស វីសា មក។ប៉ុន្ដែគេមើលឃើញថានៅសល់តំណែងធំ២ទៀតដែលលោកព្រាប សុវត្ថិ បន្សល់ហើយនៅកៅអីទំនេរក្នុងចំណោមកម្មវិធីទាំង៣នោះគឺThe Voice Kids Cambodia និងCambodian Idol Junior ដែលនិសា ស្ថិតក្នុងជម្រើសត្រូវប្រជែងជាមួយលោកឧកញ៉ាខែម ប៊ុនថៃ និងពេជ្រ សោភា ដើម្បីត្រងតំណែងនោះ ខណៈដែលសុខ សីឡាលីន ត្រូវបានតែងតាំងជំនួសលោកព្រាប សុវត្ថិ សម្រាប់កម្មវិធីCambodian Idol រដូវកាលទី៤រួចរាល់ទៅហើយ។

យ៉ាងណាក្នុងជំនួបផ្ទាល់កន្លងមកសុគន្ធ និសា ហាក់គ្មានបំណងវិលត្រឡប់ក្រោយដើម្បីទទួលយកតំណែងជាគ្រូបង្វឹកនិងគណៈកម្មាការសារជាថ្មីឡើយព្រោះសម្អាងថានាងគ្មានពេលវេលាគ្រប់គ្រាន់។និសា នៅដាក់ទិសដៅតែម្យាងគត់គឺវាយលុកទីផ្សារចម្រៀង តែគេមិនទាន់អាចសន្និដ្ឋានបានទេថានាងនឹងបន្ដអាជីពចាស់នេះបានប៉ុន្មានឆ្នាំទៀតឡើយព្រោះតាមព័តមានថាស្វាមីរបស់នាងនៅតែចង់ឲ្យនិសា ចេញទៅរស់នៅរដ្ឋBoston សហរដ្ឋអាមេរិកនាពេលខាងមុខនេះដើម្បីផ្ដល់កំណើតកូនដំបូង ដែលកើតភ្លាមបានសញ្ជាតិអាមេរិកភ្លែតតែម្ដង។ប៉ុន្ដែនិសា ធ្លាប់ប្រាប់ទៅស្វាមីថានាងមិនអាចបោះបង់អាជីពចម្រៀងជាដាច់ខាត ព្រោះបានតស៊ូជាង១០ឆ្នាំមកហើយ ហេតុនេះចង់ច្រៀងរហូតទាល់តែលែងមានអ្នកគាំទ្រទើបឈប់។

សុគន្ធ និសា បានរៀបការកាលពីថ្ងៃទី០១ខែធ្នូឆ្នាំ២០១៧ ជាមួយលោកចៅ សម្បត្តិ ដែលចំណងស្នេហ៍ជាង៤ឆ្នាំនេះអ្នកនាងប៊ុន សុគន្ធា នៅតែបន្ដពន្យាយកកូនប្រើដោយនាងអះអាងថាចង់បានកូនតាមគម្រោង។ប៉ុន្ដែនៅចុងឆ្នាំ២០២២ និសា អាចពពោះ ក្រោយនាងបានលុបចោលផែនការណ៍យកកូនកាលពីឆ្នាំ២០២១ ដោយសារតែកាលពីដើមខែមីនានោះនាងបានកើតកូវីដ៕

