Friday, April 19, 2024
Homeសង្គម និងជីវិតពលរដ្ឋឆ្កែចចកខាំ សុំជំនួយព្យាបាល

ពលរដ្ឋឆ្កែចចកខាំ សុំជំនួយព្យាបាល

ខេត្តកំពង់ឆ្នាំង ៖ ជនរងគ្រោះចំនួន ៤នាក់ ដែលបានរងគ្រោះដោយសារសត្វឆ្កែចចកព្រៃ មួយក្បាល សម្រុកចូលភូមិ ដេញខាំ បណ្តាលឱ្យរងរបួស កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២កន្លងមក នៅចំណុចភូមិស្នោ ឃុំខុនរ៉ង ស្រុកបរិបូណ៌ បានទទួចស្នើសុំការជួយឧបត្ថម្ភថវិកា ដល់ពួកគាត់សម្រាប់ថ្លៃព្យាបាល ព្រោះតែតម្លៃនៃការព្យាបាលពេទ្យឯកជន ថ្លៃពេក ពុំមានលទ្ធភាព។

ប្រជាពលរដ្ឋដែលរងគ្រោះទាំង៤នាក់ រួមមាន ទី១-ឈ្មោះយោត សាអែម អាយុ២៧ឆ្នាំ ភេទស្រី មុខរបរជាកម្មករ (រងរបួសជើងនិងដៃ)។ ទី២-ឈ្មោះប៉ិល សុចិន អាយុ៣២ឆ្នាំ ភេទស្រី (របួសដៃ)។ ទី៣-ឈ្មោះទឿន ចំណាន អាយុ១៧ឆ្នាំ ភេទស្រី មុខរបរ ជាកម្មកររោងចក្រ (របួសដៃ)។ និងទី៤-ឈ្មោះសុច សុវីន ភេទប្រុស អាយុ១៣ឆ្នាំ (របួសដៃ និងត្រូវឆ្កែខាំទាំងបែកទូរស័ព្ទនៅក្នុងដៃ)។

តាមប្រភពពីក្រុមជនរងគ្រោះទាំង៤នាក់ខាងលើ បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ថា ក្រោយពេលរងគ្រោះដោយឆ្កែចចកខាំរួចមក ពួកគាត់បានទៅរកពេទ្យឯកជនព្យាបាលហើយត្រូវបានគ្រូពេទ្យឯកជន ក្នុងស្រុកបរិបូណ៌ ទារថ្លៃព្យាបាល ក្នុងម្នាក់ តម្លៃ៥០ម៉ឺនរៀល ដោយព្យាបាល ៥លើក ក្នុងមួយលើក តម្លៃ

១០ម៉ឺនរៀល។ ពួកគាត់បានទៅចាក់លើកទី១ អស់តម្លៃ ១០ម៉ឺនរៀលរួចហើយ នៅលើកទី២ រហូតដល់លើកទី៥ទៀត ដែលតម្រូវបង់ថ្លៃគ្រូពេទ្យម្នាក់ ៤០ម៉ឺនរៀល ម្នាក់ៗបន្ថែមទៀត ដែលជាហេតុធ្វើឱ្យពួកគាត់ជាជនក្រីក្រ ពុំមានលទ្ធភាពបង់ថ្លៃព្យាបាលឡើយ ដោយហេតុនេះពួកគាត់សំណូមពរដល់សប្បុរសជន និងអាជ្ញាធរ សូមមេត្តាជួយដល់ពួកគាត់ដែលកំពុងជួបការខ្វះខាតនេះផង។

តាមការបញ្ជាក់របស់លោក ទត វិបុល មេភូមិស្នោ ឃុំខុនរ៉ង ស្រុកបរិបូណ៌ បានឱ្យដឹងថា នៅព្រឹកព្រលឹមស្រាងៗថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២មានសត្វចចកព្រៃ ១ក្បាល ចេញពីក្នុងព្រៃបានមកដេញខាំអ្នកភូមិ ដែលចេញទៅចាប់ចង្រិត រួចក៏បន្តរត់សម្រុកចូលក្នុងភូមិ ដេញខាំប្រជាពលរដ្ឋជាបន្តបន្ទាប់ បណ្តាលឱ្យរងរបួសទាំង៤នាក់ ហើយឆ្កែចចកនោះ ត្រូវបានប្រជាពលរដ្ឋចាប់វាយបណ្តាលឱ្យងាប់ផងដែរ។

ដោយឡែកលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងដែរថា ចំពោះថ្នាំព្យាបាលសត្វឆ្កែខាំ មន្ទីរពេទ្យខេត្ត ពុំមានថ្នាំទេ លើកលែងនៅវិទ្យាស្ថានប៉ាស្ទ័រ ដោយការព្យាបាល (ចាក់ថ្នាំបង្ការ) នៅទីនោះ មិនមានតម្លៃថ្លៃបែបនេះទេ៕

RELATED ARTICLES