បារាំង៖ឈាន នីហ្សា ធ្លាប់ចុះឡើងមកខ្មែរជាញឹកញាប់ក្រោយពីនាងបានទៅរស់នៅទីក្រុងប៉ារីសប្រទេសបារាំងរយៈពេលជិត៩ឆ្នាំកន្លងមកនេះ ។តែដោយសារតែកូវីដ បានអូសបន្លាយជាង២ឆ្នាំមកនេះទើបធ្វើឲ្យនីហ្សា អាកខានចុះមកខ្មែរតាមគម្រោងនាំឲ្យការរៀបចំបើកហាងCosmetic របស់នាងបានយឺតយ៉ាវតិចតួច ប៉ុន្ដែមិនរាំងស្ទះឡើយ ព្រោះទោះជានាងរស់នៅបារាំងក៍អតីតតារាសម្ដែងនិងចម្រៀងរូបនេះមានក្រុមការងារធ្វើការងារទាំងនោះជំនួសនាងនៅខ្មែរដែរទើបផលិតផលឈ្មោះGGNG របស់នាងដែលផលិតចេញពីរោងចក្រនៅថៃនោះបានតំណើរការលក់តាំងពីមុនហាងរបស់នាងត្រូវបានសម្ពោធម្លេះ។អ្វីដែលនីហ្សា មានទំនុកចិត្តខ្ពស់ថាផលិតផលរបស់នាងនឹងអាចវាយលុកទីផ្សារបានដោយរលូននោះព្រោះតែនាងមុននឹងដាក់លក់ឲ្យអតិថិជន នាងបានចុះញ្ចីការនៅគ្រប់ក្រសួងពាក់ព័ន្ធទាំងអស់យ៉ាងត្រឹមត្រូវ ហេតុនេះហើយអតិថិជនទាំងឡាយប្រើប្រាស់ផលិតផលដែលមានគុណភាពព្រមទាំងមានទំនុកចិត្ត។


ដោយឡែកនៅពេលសាកសួរពីគម្រោងមកខ្មែរសារជាថ្មីនោះឈាន នីហ្សា ថានាងអាចនឹងចុះឡើងៗមកខ្មែរឲ្យបានកាន់តែញឹកញាប់ជាងមុនក្រោយពីមានមុខរបរដែលខ្លួនស្រលាញ់មួយនេះ។នីហ្សា បន្ថែមថាសម្រាប់ថ្ងៃអនាគតនាងចង់មករស់នៅខ្មែរសារជាថ្មីឡើងវិញ ប៉ុន្ដែមិនមែនកាច់ផ្ដាច់មិនចង់ទៅបារាំងវិញនោះទេ គឺនាងនៅតែទៅមកៗអីចឹង ព្រោះកូនប្រុសស្រីទាំងពីររបស់នាងកំពុងរស់នៅនិងរៀនសូត្រនៅទីនោះ។តែចិត្តនាងចង់មកខ្មែរឲ្យបានច្រើនជាងនៅបារាំង។


នីហ្សា ក៍បង្ហាញអារម្មណ៍ថាបន្ទាប់ពីនាងចាកចេញពីអាជីពសិល្បៈជិត១០ឆ្នាំមកនេះនាងមើលឃើញតារាជំនាន់ក្រោយមានកាន់តែច្រើន ហើយពួកគេសុទ្ធតែមានសម្រស់ស្រស់ស្អាតៗទៀតផង។ប៉ុន្ដែនិសា គ្មានគម្រោងវិលចូលសិល្បៈសារជាថ្មីឡើយ ពេលដែលនាងមកដល់ខ្មែរវិញនោះ បើទោះជាចិត្តនាងនៅតែស្រលាញ់អាជីពចាស់ដូចដើមក្ដី។ ក្រៅពីឈាន នីហ្សា អតីតតារាដែលទៅរស់នៅបរទេសហើយឆ្លៀតរកស៊ីលក់ផលិតផលមានដូចជាអ្នកនាងអម្ពរ ទេវី,ដាញ់ ម៉ូនីកា,គឹម លីហ្សា ជាដើម៕


