ភ្នំពេញ៖តារាចម្រៀងតន់ ច័ន្ទសីម៉ា បានក្លាយទៅជាទូតសុឆន្ទៈ(BA)របស់ក្រុមហ៊ុនEEW9 ដែលការចុះកិច្ចសន្យានេះធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ កាលពីថ្ងៃទី៣០ខែឧស ភាឆ្នាំ២០២២ ដោយមានអតីតអ្នកចាត់ការទូទៅរបស់Galaxy លោកយឹម តាស្រង់ ពេលនេះក្លាយទៅជានាយកប្រតិបត្តិក្រុមហ៊ុនមួយនេះ ព្រមទាំងអគ្គនាយិការក្រុមហ៊ុនលោកស្រីជាម្ដាយរបស់អ៊ី អ៊ី និងអ្នកតំណាងផលិតផលមកពីកូរ៉េផងដែរ។



តន់ ច័ន្ទសីម៉ា បានបង្ហាញអារម្មណ៍រីករាយចំពោះការក្លាយទៅជាBA របស់EEW9 ហើយនាងថាបានចុះកុងត្រាតំណាក់កាលដំបូងរយៈពេល១ឆ្នាំ តែនាងមិនប្រាប់ពីតម្លៃខ្លួនថាទទួលបានប៉ុន្មានឡើយ។សីម៉ា ថានាងជាអ្នកចម្រៀងម្នាក់ដែលធ្លាប់មានបញ្ហារស្បែកមុខព្រោះតែការប្រើផលិតផលពីមុនៗមកខុស ហេតុនេះហើយពេលនេះនាងគិតថាជាតារាក្រៅពីមានសម្ថភាពហើយ ក៍ត្រូវមានរូបសម្រស់ដើរទន្ទឹមគ្នាដែរទើបកាន់តែជោគជ័យ។សីម៉ា បន្ថែមថានាងធ្លាប់ឈឺចាប់ត្រូវគេមើលងាយថាអត់ស្អាត ធាត់ពេក ហើយនាងមានអារម្មណ៍ថាអត់ហ៊ានចេញក្រៅព្រោះមុខឡើងមុន តែពេលនេះក្រោយនាងជ្រើសយកផលិតផលEEW9 ហើយប្រើសមដូចបំណងទើបនាងសម្រេចចិត្តទទួលធ្វើជាទូតសុឆន្ទៈរបស់ក្រុមហ៊ុននេះតែម្ដង។សីម៉ា ថ្លែងថា”ខ្ញុំជាIdol របស់គេអីចឹងមិនអាចប្រើផលិតផលមួយដែលគ្មានគុណភាពនាំឲ្យប៉ៈពាល់ដល់Fan របស់ខ្ញុំនោះទេ”។

លោកយឹម តាស្រង់ ជាម្ចាស់ភាគហ៊ុន និងនាយកប្រតិបត្តិEEW9 បានឲ្យដឹងថាទោះជាលោកធ្លាប់មានបទពិសោធន៍តែខាងនិពន្ធនិងដឹកនាំការងារសិល្បៈមែន តែការទទួលតំណែងថ្មីពេលនេះលោកប្ដេជ្ញាចិត្តថានឹងធ្វើឲ្យក្រុមហ៊ុនមួយនេះទទួលជោគជ័យនឹងកាន់តែរីកលូតលាស់ទៅមុខ។លោកថានឹងដឹកនាំតំណាងចែកចាយ និងអតិថិជនរបស់EEW9 ដើម្បីឆ្ពោះទៅដល់គោលដៅជាមួយគ្នាតាមគោលការណ៍ដែលបានរៀបចំរួចជាស្រេច។

ចំណែកលោកស្រីអគ្គនាយិការEEW9 ជាម្ដាយរបស់អ៊ី អ៊ី បានថ្លែងថាលោកស្រីពេញចិត្តជ្រើសរើសតន់ ច័ន្ទសីម៉ា ឲ្យធ្វើជាBAរបស់ក្រុមហ៊ុនលោកស្រីព្រោះសីម៉ា ជាតារាល្បីហើយប្រើប្រាស់ផលិតផលមួយនេះដោយផ្ទាល់តែម្ដង ហេតុនេះលោកស្រីមានជំនឿរចិត្តថាការសហការណ៍ជាមួយតារាGalaxy រូបនេះនឹងក្លាយទៅជាទំនុកចិត្តរបស់អតិថិជនកាន់តែច្រើនថែមទៀតជាមិនខាន។

ដោយឡែកទាក់ទងអាជីពចម្រៀងវិញតន់ ច័ន្ទសីម៉ា ថាក្រោយការចាកចេញរបស់លោកយឹម តាស្រង់ មកកាន់ការងារថ្មីនេះនាងមិនមានការបារម្ភថាបទចម្រៀងរបស់នាងលែងដិតដល់ទីផ្សារនោះទេ ព្រោះថាលោកស្រង់ នៅតែសហការណ៍និងជួយពីក្រោយGalaxy ជានិច្ច៕


