Friday, November 1, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកាប់៥កាំបិត ច្រឡំមនុស្ស ជាប់ខ្នោះ៥នាក់

កាប់៥កាំបិត ច្រឡំមនុស្ស ជាប់ខ្នោះ៥នាក់

ខេត្តបន្ទាយមានជ័យ ៖ ក្មេងទំនើងចំនួន ៥នាក់ អាយុសុទ្ធតែក្រោម ១៨ឆ្នាំ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ខ្លួន បន្ទាប់ពីពួកគេបានធ្វើសកម្មភាពកាប់ប្រហារទៅលើយុវជនម្នាក់ ចំនួន ៥កាំបិត បណ្តាលឱ្យដាច់ដៃ រងរបួសយ៉ាងធ្ងន់ លុះសមត្ថកិច្ចចាប់បាន ក៏ឆ្លើយថា កាប់ ច្រឡំមនុស្ស ស្មានតែជាគូទំនាស់ចាស់របស់ពួកខ្លួន។

ហេតុការណ៍កាប់ប្រហារខាងលើនេះ បានកើតឡើង កាលពីយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នៅចំណុចស្ថានីយប្រេងកាល់តិច ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ រហូតមកដល់ព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ទើបកម្លាំងអាវុធហត្ថ ស្រាវជ្រាវឃាត់ខ្លួនជនបង្កហេតុបានចំនួន ៥នាក់។

លោកនួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ប្រាប់ កាលពីរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ថា ជនសង្ស័យទាំង៥នាក់ ដែលត្រូវចាប់ខ្លួន ៖ រួមមាន ទី១-ឈ្មោះវ៉ុន វណ្ណី អាយុ១៧ឆ្នាំ។ ទី២-ឈ្មោះប៉េង ប៊ុនថេប អាយុ១៥ឆ្នាំ។ ទី៣-ឈ្មោះទេស សុវណ្ណារាជ អាយុ១៥ឆ្នាំ។ ទី៤-ឈ្មោះប៉ក់ ផាន់ណេត អាយុ១៥ឆ្នាំ។ និងទី៥-ឈ្មោះព្រហ្ម វ៉ាន់ដេត អាយុ១៥ឆ្នាំ។

ដោយឡែកជនរងគ្រោះ មានឈ្មោះអ៊ុក វាសនា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រងរបួសជាច្រើនកន្លែងលើដងខ្លួន  ដាច់កដៃខាងឆ្វេង ដាច់ម្រាមជើងខាងឆ្វេង របួសក្បាលផ្នែកខាងឆ្វេង និងកំភួនដៃសងខាង។

លោកមេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា សម្រាប់មូលហេតុ គឺក្រុមជនសង្ស័យបានឆ្លើយថា ប្រើហិង្សាទៅលើជនរងគ្រោះ ច្រឡំមនុស្ស ដោយគិតថាជនរងគ្រោះជាក្រុមធ្លាប់បានប្រើហិង្សាលើពួកគេ កាលពីពេលកន្លងទៅ។

ក្រោយការឃាត់ខ្លួន កម្លាំងអាវុធហត្ថ បានដកហូតកាំបិតច្នៃ ចំនួន១ដើម និងម៉ូតូហុងដា ឌ្រីមចំនួន ៣គ្រឿង។

បន្ទាប់ពីបញ្ចប់ការសាកសួរ អាវុធហត្ថក្រុងប៉ោយប៉ែត បានរៀបចំកសាងសំណុំរឿង បញ្ផូនក្រុមជនសង្ស័យ ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។

នៅល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ តុលាការខេត្តបន្ទាយមានជ័យ បានចេញដីកាសម្រេចឱ្យឃុំខ្លួនជនសង្ស័យទាំង ៥នាក់ ដាក់ពន្ធនាគារ រង់ចាំការកាត់ទោសតាមក្រោយ៕

RELATED ARTICLES