ភ្នំពេញ៖តារាចម្រៀងថោនអ្នកនាងយក់ ថិតរដ្ឋា បានបញ្ចេញសារដោយកំហឹងកាលពីថ្ងៃទី២៩ឧសភា ដោយនាងអះអាងថាទោះជានាងត្រូវដើរខ្ចីបុលលុយគេ ក៍ត្រូវតស៊ូតតាំងឲ្យដល់ទីបញ្ចប់ជាមួយភាគីជម្លោះ។ប៉ុន្ដែថិតរដ្ឋា មិនទាន់បង្ហាញរូបថតភាគីដែលជាគូបដិបក្សជាមួយនាងជាសាធារណៈឡើយ។

យក់ ថិតរដ្ឋា ថ្លែងសារថា”ខ្ញុំដឹងថាខ្ញុំគ្មានលុយកាក់ច្រើនដូចអ្នកឯង ដើម្បីតតាំងជាមួយអ្នកឯង តែខ្ញុំនឹងស៊ូឲ្យដល់ទីបញ្ចប់ បើទោះជាខ្ញុំត្រូវដើរខ្ចីបុលលុយកាក់គេក៍ដោយ គឺខ្ញុំប្រើភាពស្មោះត្រង់របស់ខ្ញុំតែមួយមុខគត់ អ្នកឯងហែលទឹកភ្នែកខ្ញុំ តែមួយមុខគត់ អ្នកឯងហែលទឹកភ្នែកខ្ញុំមិនរួចទេ បាបកម្មមានពិត”។

ក្រោយឃើញយក់ ថិតរដ្ឋា លើកឡើងបែបនេះមានអ្នកសិល្បៈរួមអាជីពជាបន្ដបន្ទាប់ចូលទៅខមិនលើកទឹកចិត្តនាង ខណៈដែលFanរបស់នាងមួយចំនួនក៍បានលើកទឹកចិត្តរដ្ឋា ជាហូហែផងដែរ។តែនៅពេលពួកគេសួរនាំថាអ្នកណាធ្វើឲ្យនាងរងទុក្ខបែបនេះរដ្ឋា នៅតែមិនព្រមឆ្លើយតប។

អ្នកយកព័តមានយើងបានព្យាយាមទូរស័ព្ទទៅលោកឃុំ ប៉ុណ្ណាដែត ស្វាមីរបស់រដ្ឋា ជាច្រើនលើកកាលពីថ្ងៃទី៣០ឧសភា តែតេចូលគ្មានអ្នកទទួលឡើយទើបមិនទាន់អាចសុំការបំភ្លឺពីរឿងថិតរដ្ឋា មានរឿងឈឺចាប់ខាងលើនេះបានទេ។ចំណែកនៅលើបណ្ដាញសង្គមហ្វេសបុករបស់លោកប៉ុណ្ណាដែត លោកបានសរសេរសារថា”ទ្រាំទៅប្រពន្ធសម្លាញ់ មាសសុទ្ធមិនខ្លាចភ្លើង វាជាលើកទី១ក្នុងជីវិតរបស់ពួកយើងហើយ។

សូមបញ្ជាក់ថាយក់ ថិតរដ្ឋា បានរៀបការជាមួយលោកឃុំ ប៉ុណ្ណាដែត កាលពីឆ្នាំ២០០៦ ហើយចំណងស្នេហារយៈពេល១៦ឆ្នាំនេះពួកគេទទួលបានកូន៣នាក់គឺកូនទី១ប្រុសឈ្មោះឃុំ រដ្ឋាណាលីដូ អាយុជាង១៤ឆ្នាំ,ទី២ប្រុសឈ្មោះឃុំ រដ្ឋាណាលីឌី អាយុជាង៦ឆ្នាំ និងកូនទី៣ស្រីឈ្មោះឃុំ រដ្ឋាណាតាលី អាយុជាង១ឆ្នាំ។តារាវ័យ៣៩ឆ្នាំថិតរដ្ឋា ត្រូវបានគេដឹងថានាងជាអ្នកចម្រៀងម្នាក់ដែលមានជីវភាពធូធាខ្លាំងព្រោះមានផ្ទះជាច្រើនកន្លែងហើយនាងជិះរថយន្ដទំនើបៗដូចជាLexus Lx570 ,Range Rover និងAlphard ជាដើម ។រដ្ឋា និងស្វាមីមិនដែលមានភាពរកាំរកូសគ្នាក្នុងគ្រួសារនោះទេ រហូតត្រូវបានគេចាត់ទុកថាតារាទាំងពីរដួងជាគូស្នេហ៍គំរូក្នុងសិល្បៈទៀតផង៕