ភ្នំពេញ៖លោកខាំ ភូរិ និងសុខ ជំនោរ បានដើរចូលទៅGalaxy ដើម្បីជំនួសតំណែងលោកយឹម តាស្រង់ ដែលជាអ្នកគ្រប់គ្រងបានចាកចេញក្រោយពីថៅកែរបស់ផលិតកម្មនេះលោកឡេង ណាវ៉ាត្រា ប្រកាសតែងតាំងតំណែងធំនេះកាលពីថ្ងៃទី២៨ខែឧសភាឆ្នាំ២០២២ ។គ្រប់គ្នាសន្និដ្ឋានថាលោកភូរិ និងជំនោរ នឹងឡើងអង្គុយកៅអីជាអ្នកគ្រប់គ្រងGalaxy ព្រោះអ្នកទាំងពីរមានបទពិសោធន៍យ៉ាងជោគជាំក្នុងសិល្បៈ ប៉ុន្ដែតាមព័តមានថាអតីតអ្នកដឹកនាំសម្ដែងនិងនិពន្ធរបស់ហង្សមាសទាំងពីរក្លាយទៅជាជំនួយការ ឬទីប្រឹក្សាររបស់ប្អូនស្រីលោកយឹម តាស្រង់ គឺអ្នកនាងយឹម សុជាតា ដែលត្រូវបានថៅកែផលិតកម្មប្រកាសតែងតាំងក្នុងថ្ងៃតែ១នោះដែរ។


ក្នុងជំនួបជាមួយលោកយឹម តាស្រង់ កាលពីថ្ងៃទី៣០ឧសភា អតីតអ្នកគ្រប់គ្រងGalaxy រូបនេះទទួលស្គាល់ថាដំណឹងខាងលើគឺជាការពិត។តាស្រង់ ថ្លែងថាយឹម សុជាតា គឺជាប្អូនស្រីបង្កើតរបស់លោកមែនដែលទៅជំនួសតំណែងលោកហើយកន្លងមកនាងក៍ធ្លាប់តែងនិពន្ធបទចម្រៀងឲ្យតារាល្បីៗជាច្រើននាក់មកហើយ។លោកតាស្រង់ ថាលោកភូរិ និងលោកជំនោរ នឹងជួយផ្ដល់យោបល់និងជ្រោមជ្រែងនាងដើម្បីធ្វើឲ្យGalaxy កាន់តែរីកចម្រើនតទៅមុខថែមទៀត។ទាក់ទងការចាកចេញពីGalaxy របស់លោកនោះត្រូវបានលោកតាស្រង់ អះអាងថាមូលហេតុគឺលោកទៅធ្វើជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនមួយ តែនៅពេលទំនេរលោកក៍នៅតែឆ្លៀតសរសេរបទចម្រៀងទៅឲ្យGalaxy ផងដែរ។

គូរបញ្ជាក់ថាលោកខាំ ភូរិ មានស្នាដៃធ្លាប់និពន្ធ និងដឹកនាំសម្ដែងខារ៉ាអូខេជាច្រើនបទនៅហង្សមាសដែលត្រូវបានទស្សនិកជនចាត់ទុកថាលោកជាDirector ដ៍ច្នើមម្នាក់។ចំណែកលោកសុខ ជំនោរ វិញក៍មានទេព្យកោសល្យល្អទាំងការនិពន្ធ និងដឹកនាំសម្ដែងដូចលោកភូរិ ដែរហើយលោកថែមទាំងជាអតីតអ្នកគ្រប់គ្រងរបស់ផលិតកម្មPleng Record ដែលជាសាខារបស់ហង្សមាសទៀតផង។ទាំងលោកភូរិ និងជំនោរ សុទ្ធតែធ្លាប់រួមការងារជាមួយលោកព្រាប សុវត្ថិ អំឡុងអ្នកទាំង៣នៅហង្សមាសជាមួយគ្នាហេតុនេះហើយពេលនេះពួកគេ បានរួមការងារម្ដងទៀតជាមួយគ្នានៅផលិតកម្មថ្មី ទើបធ្វើឲ្យទស្សនិកជនរងចាំមើលថាតើបទចម្រៀងរបស់លោកព្រាប សុវត្ថិ នឹងមានអ្វីប្រែប្រួលនៅចុងឆ្នាំ២០២២នេះ?


ប្រភពបានឲ្យដឹងថាក្រៅពីក្លាយជានាយករបស់ក្រុមហ៊ុនគ្រឿងសម្អាងមួយនោះលោកយឹម តាស្រង់ ក៍នឹងឡើងជាឧកញ៉ានាពេលដ៍ខ្លីខាងមុខនេះដែរ៕
