ភ្នំពេញ៖តារាចម្រៀងតន់ ច័ន្ទសីម៉ា បានប្រាប់កាលពីថ្ងៃទី៣០ខែឧសភា ថានាងមិនខ្លាចក្នុងការសារភាពរឿងកែសម្រស់នោះទេដើម្បីឲ្យគ្រប់គ្នាអស់ចម្ងល់ហើយរហូតមកដល់ពេលនេះនាងបានកែច្រមុះ និងចាក់ចង្ការ រួមទាំងការពត់ធ្មេញ ដែលពេលនោះនាងត្រូវដកធ្មេញអស់ដល់ទៅចំនួន៨គ្រាប់ទៀតផង។សីម៉ា ថាក្រៅពីចំណុចទាំង៣ខាងលើនេះនាងមិនបានកែផ្នែកណាទៀតនោះទេ ប៉ុន្ដែនាងថាកាលនាងចូលសិល្បៈដំបូងថវិការមានកំណត់ ហេតុនេះហើយមិនបានផ្ដោតទៅលើការថែសម្រស់ឲ្យបានដិតដល់ទើបនាងមានការឈឺចាប់ព្រោះទៅណាមកណាគេថានាងមិនស្អាត ធាត់ពេក ហើយពេលនោះនាងថែមទាំងឡើងមុននៅលើផ្ទៃមុខទៀតផងទើបមិនហ៊ានចេញក្រៅទេដោយសារតែខ្មាសគេ។ប៉ុន្ដែនៅពេលដែលអាចរកប្រាក់ចំណូលបានខ្ពស់ពេលនេះសីម៉ា ថានាងចាប់ផ្ដើមយកចិត្តទុកដាក់លើការថែសម្ផស្សច្រើនជាងមុនព្រោះយល់ថាអ្នកសិល្បៈក្រៅពីមានសម្ថភាពហើយសម្រស់គឺត្រូវ ដើរទន្ទឹមគ្នាតែម្ដង។ អតីតបេក្ខ ភាព The Voice Cambodia រដូវកាលទី២នោះថានាងមិនខ្លាចក្នុងការទទួលស្គាល់ចំពោះការបានកែសម្រស់នៅផ្នែកណាដែលនាងបានធ្វើវានោះទេ ប៉ុន្ដែនៅកន្លែងដែលនាងមិនបានកែគឺនាងប្រាប់ទៅFan ថាអត់បានធ្វើ។តែសីម៉ា ថាទាក់ទងការចាក់ចង្ការនោះនាងលែងហ៊ានធ្វើថែមអស់៣ឆ្នាំទៅហើយ ព្រោះតែមុននេះមានអ្នកខ្លះមានបញ្ហារដោយសារតែធ្វើចង្ការទើបនាងផ្អាកលែងចាក់ទៀត។

តន់ ច័ន្ទសីម៉ា បានក្លាយទៅជាតារាស្រីជូរមុខគេរបស់Galaxy ហើយបទចម្រៀងរបស់នាងភាគច្រើនគឺលោកយឹម តាស្រង់ ជាអ្នកនិពន្ធឲ្យច្រៀងសឹងគ្រប់បទទាំងអស់ ប៉ុន្ដែពេលនេះសីម៉ា ហាក់រងារបន្ដិចព្រោះតែតាស្រង់ បានដើរចេញពីផលិតកម្មមួយនេះទៅហើយទើបធ្វើឲ្យស្រីស្រស់ប្រឈមលែងមានខ្នងបង្អែកតទៅទៀត។ប្រសិនបើច័ន្ទសីម៉ា គ្មានអ្នកជ្រោមជ្រែងទៀតទេតារាដែលមានគីឡូប្រហាក់ប្រហែលនាងច្បាស់ជាអាចនឹងវ៉ាអតីតអ្នកស្មូតលេខ១ ប្រចាំខេត្តតាកែវរូបនេះជាមិនខាន។

តន់ ច័ន្ទសីម៉ា វាចាបន្ថែមថានាងមិនមានការបារម្ភច្រើនចំពោះការចាកចេញរបស់លោកតាស្រង់ នោះទេ ព្រោះថាGalaxy នឹងមានក្រុមការងារធ្វើការដើម្បីឲ្យផលិតកម្មនេះតំណើរការតទៅទៅមុខទៀត។សីម៉ា បានហៅលោកតាស្រង់ ថាជាលោកពូ នោះបន្ថែមថាតាមដឹងអតីតអ្នកគ្រប់គ្រងGalaxy រូបនេះនៅតែជួយផលិតកម្មនេះនៅខាងក្រោយដដែល ហេតុនេះហើយរូបនាងទទួលបានបទថ្មីៗច្រៀងថែមទៀតពីលោកដូចមុន។

តន់ ច័ន្ទសីម៉ា ត្រូវបានគេកត់សម្គាល់ថាចំណុចខ្លាំងរបស់នាងគឺនៅលើការច្រៀងបទលក្ខណៈអឿន ព្រោះនាងចេះស្មូតសម្លេងនាងស្អកតែពិរោះដូចលោកខេម ដែរទើបធ្វើឲ្យតារាផ្សេងៗទៀតពិបាកទប់ទល់នាង។យ៉ាងណាមជ្ឈដ្ឋានមហាជនមើលឃើញថាសីម៉ា ឡើងដល់ចំណុចនេះគឺដោយសារតែនាងមានឱកាសចាប់ដៃជាមួយកំពូលតារាចម្រៀងព្រាប សុវត្ថិ និងលោកខេម ទើបធ្វើឲ្យអ្នកចម្រៀងមានគីឡូប្រហាក់ប្រហែលនាងពិបាកយកឈ្នះ។ប៉ុន្ដែទាក់ទងរឿងស្នេហាវិញច័ន្ទសីម៉ា មានគីឡូ៤៦ឆ្នាំអាយុ២៥ឆ្នាំរូបនេះនៅតែព្យាយាមលាក់ម្ចាស់ចិត្តតទៅទៀតដោយរាល់លើកនាងតែងតែនិយាយថាអត់សង្សារបណ្ដើរដូចគេ។សីម៉ា ថែមទាំងនិយាយដោយតូចចិត្តថានាងទាល់តម្រេះអស់ហើយព្រោះទោះជានិយាយយ៉ាងម៉េចក៍គ្មានអ្នកណាជឿរថានាងអត់សង្សារដែរ។ការថ្លាថ្លែងរបស់សីម៉ា បែបនេះធ្វើឲ្យFan មួយចំនួនបានតបទៅសីម៉ា វិញថាព្រាបណាថ្ងូរព្រាបនោះធាត់ ព្រោះសីម៉ា ស្អាតនិងល្បីប៉ុណ្ណឹងដែររឿងអីអត់សង្សារទៅ?តាមព័តមានថាការដែលច័ន្ទសីម៉ា មិនអាចធ្វើឲ្យគេមានជំនឿរចិត្តថាបេះដូងនាងនៅទំនេរនោះគឺដោយសារតែមានព័តមានថាស្រីស្រស់ត្រូវបានលោកពោះម៉ាយម្នាក់តាមស្នេហានាងយ៉ាងប្រកិតបំផុតដោយពួកគេថែមទាំងធ្លាប់ស្និតស្នាលនិងប្រលែងគ្នាយ៉ាងរីករាយទៀតផង។ប៉ុន្ដែសីម៉ា ដែលធ្លាប់ឆ្លងកាត់ការច្រៀងនៅហាងបានតម្លៃ១យប់តែជាង១០ដុល្លារ និងនៅបន្ទប់ជួលក្បែរស្ដុបដេអិន ត្រឹមជាង៦០ដុល្លារតែពេលនេះមានផ្ទះប្រណិតនិងជិះរថយន្ដទំនើបៗនោះនៅតែជ្រើសផ្លូវលាក់គូស្នេហ៍តទៅទៀត៕

