ភ្នំពេញ៖អ្នកនាងចាន់ កែវនិមល បានបាត់មុខជាលើកដំបូងក្នុងនាមជាMC កម្មវិធីប្រលងចម្រៀងCambodian Idol រដូវកាលទី៤ដែលជំនួសដោយថន លក្ខិណា វិញត្រូវចូលទៅជំនួសនិមល ក្នុងការចាប់ដៃជាមួយពិធីករលោកជា វិបុល ស្វាមីរបស់គង់ សុជាតិ។ការបាត់មុខអ្នកនាងកែវនិមល ពីកម្មវិធីធំនៅពេលនេះត្រូវបានមជ្ឈដ្ឋានមហាជនចាប់អារម្មណ៍សារជាថ្មីឡើងវិញថាពិធីការិនីជើងខ្លាំងរបស់ហង្សមាសរូបនេះនៅតែមិនទាន់ត្រូវបានថៅកែហង្សមាសទុកចិត្ត ឬប្រថុយឲ្យនាងចាប់ដៃជាមួយលោកជា វិបុល សារជាថ្មីវិញនោះទេ បើទោះជាមានFan ខ្លះចង់ឃើញអ្នកទាំងពីរចាប់ដៃគូគ្នាម្ដងទៀតព្រោះចាត់ទុកថាពួកគេនិយាយស៊ីចង្វាក់គ្នាល្អក្ដី តែថ្នាក់ដឹកនាំហង្សមាសមិនធ្វើឲ្យសុជាតិ ប្រឈមចូលពេទ្យម្ដងទៀតឡើយ ទើបកម្មវិធីនេះនៅតែរក្សារទុកលោកវិបុល ដដែល តែរុញថន លក្ខិណា ឲ្យទៅរ៉ាប់រងជំនួសនិមល។ការដែលលក្ខិណា ទៅធ្វើជាដៃគូផ្ដោះផ្ដងជាមួយលោកវិបុល នៅពេលនេះច្បាស់ណាស់ថា១០០%អ្នកនាងសុជាតិ គ្មានការបារម្ភខ្លាចជីវិតស្នេហានាងជាមួយស្វាមីប្រឈមហានិភ័យជាលើកទី២ឡើយ តែផ្ទុយទៅវិញនោះគឺជាអ្វីដែលនាងចង់ឃើញព្រោះថាលក្ខិណា និងលោកវិបុល រាប់អានគ្នាជាធម្មតាជាច្រើនឆ្នាំមកហើយអីចឹងប្រាកដជាមិនអាចធ្វើឲ្យអារម្មណ៍របស់ពួកគេប្រែទៅជាក្រឡាប់ចាក់បាននោះទេ។

សូមបញ្ជាក់ថាអ្នកនាងចាន់ កែវនិមល បានធ្វើពិធីការិនីCambodian Idol ចំនួន៣រដូវកាលមកហើយដែលចាប់ដៃជាមួយលោកជា វិបុល ហើយអ្នកទាំងពីរត្រូវបានគេចាត់ទុកក្នុងចំណោមពិធីករលំដាប់ជូរមុខរបស់ហង្សមាសទៀតផង។ប៉ុន្ដែគូរឲ្យស្ដាយកាលពីពាក់កណ្ដាលឆ្នាំ២០២០ ដំណឹងស្នេហាក្រៅឆាករបស់កែវនិមល និងប្ដីសុជាតិ លោកវិបុល ត្រូវផ្ទុះបែកធ្លាយបង្កការភ្ញាក់ផ្អើលកក្រើកទូទាំងប្រទេសធ្វើឲ្យសុជាតិ ឈឺចាប់ក្រៃលែងរហូតត្រូវដឹកចូលពេទ្យសង្រ្គោះបន្ទាន់ទៀតផង។ដោយឡែកស្វាមីរបស់អ្នកនាងចាន់ កែវនិមល គឺឯកឧត្តមសូវ៉ាត សីលា វិញលោកនៅតែផ្ដល់ទំនុកចិត្តដល់ភរិយាលោកជានិច្ច ហើយថែមទាំងរៀបគម្រោងយកកូនភ្លោះបន្ថែមពីលើកូនស្រីវ័យជិត១០ឆ្នាំដើម្បីឲ្យចំណងស្នេហាកាន់តែរឹងមាំថែមទៀតផង។តែចូលដល់ពាក់កណ្ដាលឆ្នាំ២០២២នេះគេនៅតែមិនទាន់ឃើញអ្នកនាងកែវនិមល ពពោះកូនភ្លោះឡើយ។

ថ្វីត្បិតតែអ្នកនាងចាន់ កែវនិមល បាត់បង់តំណែងធំក្នុងការធ្វើពិធីការិនីនៅកម្មវិធីលំដាប់ពិភពលោកCambodian Idol រដូវកាលទី៤នេះក្ដី ប៉ុន្ដែអ្នកនាងនៅតែត្រូវបានថ្នាក់ដឹកនាំហង្សមាសជឿរជាក់ទៅលើសម្ថភាពនាងតាមរយៈការផ្ទេរឲ្យទៅកាន់កម្មវិធីផ្សេងៗទៀតក្នុងនោះមានដូចជាBeat The Best រដូវកាលទី១និងការប្រគុំតន្ត្រីមួយចំនួនទៀតជាដើម ក្រោយនាងបានផ្អាកអាជីពធំនេះជាច្រើនខែដោយសារតែកើតកូវីដកាលពីដើមខែមីនាឆ្នាំ២០២១ និងដំណើរកម្សាន្ដជាច្រើនខែលើដីអាមេរិកជាមួយប្ដីនិងកូនស្រី ហើយទើបតែវិលឡើងឆាកវិញកាលពីខែសីហាឆ្នាំ២០២១ ។ទស្សនិកជនរងចាំមើលថាតើអ្នកនាងចាន់ កែវនិមល នៅរក្សារតំណែងជាពិធីការិនីនៅកម្មវិធីThe Voice Cambodia និងThe Voice Kids Cambodia រដូវ កាលថ្មីនាពេលខាងមុខនេះដែរឬយ៉ាងណា?ឬមួយថៅកែរក្សារទុកលោកជា វិបុល តទៅទៀត ដោយរុញពិធីការិនីផ្សេងទៅចាប់ដៃជាមួយស្វាមីអ្នកនាងគង់ សុជាតិ ទៀត?


