Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមព្រះរាជអាជ្ញាប្រតិកម្ម មេឈ្មួញឈើប្រើឈ្មោះកាង

ព្រះរាជអាជ្ញាប្រតិកម្ម មេឈ្មួញឈើប្រើឈ្មោះកាង

ខេត្តព្រះវិហារ ៖ លោកវុធ សាវី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យស្ថាប័នអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំង បន្ទាប់ពីមានក្រុមឈ្មួញមួយចំនួន បានយកឈ្មោះរបស់លោកទៅកាងបទល្មើសដឹកឈើខុសច្បាប់ និងបានធ្វើឱ្យមហាជនមានការយល់ច្រឡំ។ យ៉ាងណា លោកបានទទូចដល់មន្ត្រីជំនាញត្រូវធ្វើការបង្ក្រាបក្រុមឈ្មួញឈើទាំងនោះឱ្យមានប្រសិទ្ធភាព ព្រមទាំងសំណូមពរដល់អ្នកសារព័ត៌មាន ជួយតាមដាន ប្រមាញ់រូបភាព និងរាយការណ៍ជូនលោកផ្ទាល់ ដើម្បីលោកអាចចាត់ការបានទាន់ពេលវេលា។

 លោកវុធ សាវី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យស្ថាប័នអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានបញ្ជាក់ថា រូបលោកមិនដែលពាក់ព័ន្ធអ្វីទៅនឹងក្រុមឈ្នួញឈើខុសច្បាប់ទាំងនោះឡើយ ហើយលោកក៏គ្មានបងប្អូន ឬសាច់ញាតិណាទៅរកស៊ីបទល្មើសព្រៃឈើខុសច្បាប់នោះដែរ។ លោកថា ត្រឹមអាហារហូបចុក ១ថ្ងៃ៣ពេល និងរបស់ប្រើប្រាស់មួយចំនួន លោកអាចមានសមត្ថភាព មិនបាច់ទៅរកស៊ីរបរខុសច្បាប់ឡើយ។ ជាមួយគ្នានោះ លោកព្រះរាជអាជ្ញារងបានស្នើសុំឱ្យលោកប្រធានមន្ទីរបរិស្ថានខេត្ត និងលោកនួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើ បង្ក្រាបបទល្មើសព្រៃឈើ ឱ្យមានប្រសិទ្ធភាពផង ព្រមទាំងស្នើដល់អ្នកសារព័ត៌មាន ឱ្យជួយតាមដានប្រមាញ់រូបភាព រួចរាយការណ៍ជូនលោក ទោះពេលណាឬម៉ោងណាក៏ដោយ លោកនឹងមានចំណាត់ការឱ្យមានប្រសិទ្ធភាព។

លោកស៊ុំ សុវុត្ថា នាយផ្នែករវៀង បានឱ្យដឹងថា ក្រោយពីទទួលបានបទបញ្ជាពីលោកប្រធានមន្ទីរកសិកម្ម និងបទបញ្ជារបស់លោកនួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ លោកបានចាត់មន្ត្រីជំនាញក្រោមឱវាទ ចុះទៅដល់ចំណុចភូមិកោះកំពង់លួង ឃុំរស្មី ស្រុករវៀង ខេត្តព្រះវិហារ នៅវេលាម៉ោង ១២និង៣២នាទីថ្ងៃត្រង់ ថ្ងៃទី០១ ខែ

មិថុនា ឆ្នាំ២០២២ កម្លាំងជំនាញបានជួបរថយន្តដឹកឈើរបស់មេឈ្មួញដុះស្លែ ឈ្មោះព្រុំ វុទ្ធី ហៅធីពុករលួយ ពេលនោះកម្លាំងជំនាញបានធ្វើសញ្ញាបញ្ជាឱ្យរថយន្តឈប់ តែរថយន្តដឹកឈើនេះបានបន្ថែមល្បឿនទៅមុខ តែកម្លាំងជំនាញបានយករថយន្តពាំងពីមុខ ទើបរថយន្តដឹកឈើនេះព្រមឈប់។

លោកស៊ុំ សុវុត្ថា បានបន្តឱ្យដឹងថា ការចុះបង្ក្រាបរថយន្តដឹកឈើរបស់ឈ្មួញជើងខ្លាំងខាងលើ ប្រឈមនឹងហានិភយ័ណាស់ ប្រឈមដល់អាយុជីវិតទៀតផង ពេលខ្លះត្រូវរថយន្តដឹកឈើកៀរធ្លាក់ផ្លូវក៏មាន។ លោកបានសំណូមពរដល់កងកម្លាំងប្រដាប់អាវុធ សូមចូលរួមសហការ ជាមួយកម្លាំងជំនាញផង បើពឹងផ្អែកលើកម្លាំងជំនាញ មិនអាចបង្ក្រាបបទល្មើសមានប្រសិទ្ធភាពឡើយ។

សូមបញ្ជាក់ថា មេឈ្មួញឈ្មោះព្រុំ វុទ្ធី ជាមេឈ្មួញជើងខ្លាំងប្រចាំខេត្តព្រះវិហារ ជាង១០ឆ្នាំមកហើយ មិនសូវមានសមត្ថកិច្ចណាហ៊ានបង្ក្រាបរថយន្តដឹកឈើរបស់គេឡើយ មិនត្រឹមតែប៉ុណ្ណោះ កន្លងទៅ មេឈ្មួញដុះស្លែរូបនេះ ថែមទាំងជេរប្រមាថមើលងាយដល់អ្នកសារព័ត៌មានណាដែលហ៊ានតាមប្រមាញ់រូបថត ឬរាយការណ៍ដល់សមត្ថកិច្ចពីការដឹកឈើល្មើសច្បាប់របស់គេទៀតផង។

សូមបញ្ជាក់បន្ថែមដែរថា នៅមានមេឈ្មួញជើងខ្លាំងផ្សេងៗជាច្រើនទៀត ដែលកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីស្រុកជ័យសែន និងស្រុករវៀង យកទៅលក់ឱ្យដេប៉ូចែអូន នៅខេត្តកំពង់ធំ ក្នុងនោះមានមេឈ្មួញឈ្មោះតុលា ឈ្មោះបូណា និងមេឈ្មួញឈ្មោះខ្លា ជាដើម។

ពាក់ព័ន្ធនឹងករណីរថយន្តដឹកឈើខុសច្បាប់របស់មេឈ្មួញដុះស្លែ ឈ្មោះព្រុំ វុទ្ធី ហៅធីពុករលួយ ខាងលើនេះ វត្ថុតាងមាន ឈើនិងរថយន្ត ត្រូវបានរឹបអូសយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរវៀង ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕

RELATED ARTICLES