ខេត្តប៉ៃលិន ៖ បុរសវ័យចំណាស់ជាជនពិការម្នាក់ ជិះម៉ូតូក្នុងល្បឿនលឿន រួចក៏ជ្រុលទៅបុកម៉ូតូ ១គ្រឿង ជិះដោយក្មេងស្រីជាសិស្សសាលា ៣នាក់ យ៉ាងពេញទំហឹង បណ្តាលឱ្យភាគីបុរសពិការ ស្លាប់នៅនឹងកន្លែងយ៉ាងអាណាចអាធ័ម ចំណែកភាគីក្មេងស្រីសិស្សសាលា រងរបួស ធ្ងន់-ស្រាល និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នៅលើ កំណាត់ផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។
តាមប្រភពពីមន្ត្រីនគរបាលចរាចរណ៍ក្រុង បានឱ្យដឹងថា ភាគីទី១-ឈ្មោះអ៊ុន ប៊ុនហុង ភេទប្រុស អាយុ៦៧ឆ្នាំ មានលំនៅ ភូមិអូរតាវៅ សង្កាត់អូរតាវៅ ក្រុងប៉ៃលិន បើកបរម៉ូតូម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1A-4815 (ស្លាប់នៅនឹងកន្លែង)។ ចំណែកភាគីទី២ មានគ្នាចំនួន ៣នាក់ រួមមាន ទី១-ឈ្មោះឃួន សុខជា ភេទស្រី
អាយុ១៣ឆ្នាំ មុខរបរសិស្ស រស់នៅភូមិប៉ាងរលឹម សង្កាត់អូរតាវៅ ក្រុងប៉ៃលិន ជាអ្នកបើកបរម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1B-8819 (របួសស្រាល)។ ទី២-ឈ្មោះវណ្ណា សុហ្វីយ៉ា ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិជាមួយគ្នា (របួសស្រាល) និងទី៣-ឈ្មោះដែន ស្រីនីត ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិជាមួយគ្នា (របួសធ្ងន់)។
ប្រភពដដែល បន្តថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះដែលបាត់បង់ជីវិត ជិះម៉ូតូក្នុងល្បឿនយ៉ាងលឿន លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏ជ្រុលទៅបុកម៉ូតូ ១គ្រឿងទៀត ជិះដោយក្មេងស្រីជាសិស្សសាលាចំនួន ៣នាក់ខាងលើ យ៉ាងពេញទំហឹង បណ្តាលឱ្យ ភាគីបុរសជាជនពិការ បានបាត់បង់ជីវិតនៅនឹងកន្លែងយ៉ាងអាណាចអាធ័ម។ ចំណែកភាគីក្មេងស្រីជាសិស្សសាលា រងរបួសធ្ងន់ម្នាក់ និងរងរបួសស្រាល ចំនួន២នាក់។
ក្រោយកើតហេតុ ក្មេងស្រីរងគ្រោះទាំង៣នាក់ ត្រូវបានសមត្ថកិច្ចចាត់បញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។ បន្ទាប់មក សមត្ថកិច្ចជំនាញ បានចុះធ្វើការវាស់វែង រួចអូសយកម៉ូតូទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមនីតិវិធីនៅពេលក្រោយ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ មូលហេតុដែលនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺបណ្តាលមកពីកត្តាមនុស្ស ដោយភាគីទី១ បើកបរម៉ូតូក្នុងល្បឿនលឿន និងមិនគោរពផ្លូវអាទិភាព។
សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕