ខេត្តកំពង់ធំ ៖ បុរសវ័យចំណាស់ម្នាក់ បាននាំចៅប្រុសតូចរបស់ខ្លួន ដែលទើបនឹងមានអាយុ ៦ឆ្នាំ ទៅមើលស្រែ លុះទៅដល់ ចៅប្រុសបានចុះលេងទឹក រួចក៏លង់ ទើបជីតា បានស្ទុះទៅជួយចៅ បែរជាជួបគ្រោះអកុសល លង់ទឹកស្លាប់ឱបគ្នាពីរនាក់តានិងចៅ យ៉ាងអាណោចអាធ័ម។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅចំណុចអូរ មួយកន្លែង នៅខាងកើតភូមិ ចម្ងាយប្រហែល ៥០០ម៉ែត្រ ស្ថិតក្នុងភូមិស្វាយភ្លើង ឃុំស្វាយភ្លើង ស្រុកតាំងគោក។
ជនរងគ្រោះទាំង២នាក់ តានិងចៅ ដែលលង់ទឹកស្លាប់ បុរសជាជីតា មានឈ្មោះសួស រ៉ា អាយុ៥៣ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិស្វាយភ្លើង ឃុំស្វាយភ្លើងស្រុក តាំងគោក។ ចំណែកចៅប្រុស មានឈ្មោះរឿន រដ្ឋា អាយុ ៦ឆ្នាំ រស់នៅក្នុងបន្ទុកឪពុកម្តាយ និងមានលំនៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នា។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ នៅវេលាប្រហែលម៉ោង ១០ព្រឹក គេបានឃើញជនរងគ្រោះ បាននាំចៅប្រុស បណ្តើរគ្នាទៅមើលស្រែរបស់គាត់ នៅខាងកើតភូមិ លុះរហូតដល់ម៉ោងប្រហែលជាង ២រសៀល នៅតែមិនទាន់ឃើញវិលត្រឡប់មកផ្ទះវិញ ទើបក្រុមគ្រួសារនឹកឆ្ងល់ ក៏ចែកផ្លូវគ្នាដើររកទៅដល់តំបន់អូរជម្រៅ នៅកន្លែងកើតហេតុខាងលើ ក៏បានប្រទះឃើញស្បែកជើងចំនួន២គូ នៅមាត់ទឹក ទើបសង្ស័យ ក៏នាំគ្នាចុះទៅរាវរកនៅក្នុងទឹក ស្រាប់តែប្រទះឃើញជនរងគ្រោះទាំង២នាក់ តានិងចៅ ស្លាប់ឱបគ្នាបាត់ទៅហើយ។
ក្រោយកើតហេតុ សម្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យ បានចុះពិនិត្យនិងធ្វើធ្វើកោសលវិច័យសពដល់ទីតាំងកើតហេតុ រួចបញ្ជាក់ថា ជនរងគ្រោះទាំង២នាក់ តានិងចៅ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។
សពជនរងគ្រោះទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
អ៊ុង សំអាត