Friday, November 1, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសង្ឃបិណ្ឌបាតយកតែលុយ ឆែកថង់យាម មានថ្នាំញៀន

សង្ឃបិណ្ឌបាតយកតែលុយ ឆែកថង់យាម មានថ្នាំញៀន

ខេត្តកំពង់ធំ ៖ សង្ឃចម្លែកមួយអង្គ បាននិមន្តបិណ្ឌបាតតាមទីប្រជុំជន លុះប្រជាពលរដ្ឋពុទ្ធបរិស័ទ ដាក់បាត (បាយម្ហូប) មិនព្រមទទួលដាច់ខាត សុំយកតែលុយមួយមុខគត់ ជាហេតុធ្វើឱ្យប្រជាពលរដ្ឋមានការសង្ស័យ ក៏រាយការណ៍ប្រាប់សមត្ថកិច្ច ឃាត់សួរនាំ ពិនិត្យក្នុងថង់យាម ឃើញមានថ្នាំញៀន ទើបដឹងថា ជាសង្ឃក្លែងក្លាយ ក៏សម្រេចចាប់បកស្បង់ វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីសង្ឃក្លែងក្លាយ ដើរបិណ្ឌបាតយកតែលុយសុទ្ធនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩និង២០នាទីព្រឹក ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចក្រុមទី២ ភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល។

សង្ឃក្លែងក្លាយដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះលឹម ចាន់វិបុល អាយុ៣០ឆ្នាំ មានលំនៅភូមិត្រពាំច្រនៀង ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃ នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល អនុវត្តនាំខ្លួនព្រះសង្ឃក្លែងក្លាយ កំពុងនិមន្តបិណ្ឌបាតតាមផ្លូវ ក្នុងមូលដ្ឋានក្រុមទី២ ភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល មកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក។

ក្នុងពេលសាកសួរ សង្ឃក្លែងក្លាយនេះ សមត្ថកិច្ចបានពិនិត្យក្នុងថង់យាម ក៏ប្រទះឃើញថ្នាំញៀនមួយថង់ រក្សាទុកនៅក្នុងកញ្ចប់បារី មានទម្ងន់ ០,៥៧ក្រាម ទាំងសំបកថង់ ហើយទីបំផុតព្រះសង្ឃអង្គនេះបានសារភាពថា ការគ្រងស្បង់ចីវរជាព្រះសង្ឃនេះ គឺជាព្រះសង្ឃក្លែងក្លាយ ទេ។

សមត្ថកិច្ច បញ្ជាក់ថា មូលហេតុដែលឈានដល់ការឃាត់ខ្លួនសង្ឃក្លែងក្លាយ ដើម្បីសាកសួរនេះ គឺសមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា ប៉ុន្មានថ្ងៃនេះ សង្កេតឃើញព្រះសង្ឃមួយអង្គ និមន្តបិណ្ឌបាតនៅមូលដ្ឋានខាងលើ តែមួយអង្គឯង ហើយចម្លែក ដោយសារព្រះសង្ឃអង្គនេះ បិណ្ឌបាតយកតែបច្ច័យ (ប្រាក់) រីឯចង្ហាន់ (បាយម្ហូប) មិនទទួលយកទេ ទិដ្ឋភាពរបស់ព្រះសង្ឃអង្គនេះ ប្រជាពលរដ្ឋនៅមូលដ្ឋាន មិនដែលបានឃើញពីមុនមកទេ ទើបសម្រេចរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យជួយអន្តរាគមន៍តែម្តង។

លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានឱ្យដឹងថា ពេលសាកសួរព្រះសង្ឃអង្គនេះបានសារភាពថា លោកជាព្រះសង្ឃក្លែងក្លាយទេ មុននឹងមកដល់ខេត្តបាត់ដំបង បានទៅលួចយកស្បង់ចីវរ បាត ព្រមទាំងថង់យាម របស់ព្រះសង្ឃ នៅវត្តមួយ នាខេត្តបន្ទាយមានជ័យ ហើយពេលលួចបាន ក៏គ្រងស្បង់ចីវរនេះក្លែងជាព្រះសង្ឃ ដើរបិណ្ឌបាត នៅតាមភូមិនានា ក្នុងឃុំជ្រៃ ស្រុកថ្មគោល រហូតដល់សមត្ថកិច្ចទទួលព័ត៌មាននេះ និងនាំមកធ្វើការសាកសួរ។

ករណីនេះ សមត្ថកិច្ចបានទាក់ទងជាមួយខាងមន្ត្រីធម្មការស្រុកថ្មគោល ដើម្បីមានចំណាត់ការខាងផ្នែកសាសនា មុនពេលសមត្ថកិច្ចចាត់វិធានការបន្តតាមនីតិវិធី៕

RELATED ARTICLES