ខេត្តស្ទឹងត្រែង ៖ បុរសម្នាក់ សង្ស័យទើបចេញពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក ជិះម៉ូតូក្នុងល្បឿនយ៉ាងលឿន ដោយមិនពាក់មួកការពារសុវត្ថិភាព រួចក៏ជ្រុលចង្កូតធ្លាក់ផ្លូវ ទៅបុកដើមឈើ ១ដើមពេញទំហឹង បណ្តាលឱ្យបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។
ហេតុការណ៍នោះ បានកើតឡើង កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៧ ចន្លោះគីឡូម៉ែត្រលេខ១-២ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះជាអ្នកបើកបរម៉ូតូ មានឈ្មោះហៀង ផល្លា អាយុ៣៧ឆ្នាំ មុខរបរកម្មករ មានស្រុកកំណើតនៅភូមិកណ្តាល ឃុំក្រួសស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង សព្វថ្ងៃស្នាក់នោក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។
ប្រភពដដែល បន្តថា មុនពេលកើតហេតុ ជនរងគ្រោះខាងលើ សង្ស័យទើបនឹងចេញពីផឹកស៊ីស្រវឹងជោក បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1L-3191 ធ្វើដំណើរក្នុងទិសដៅពីជើង
ទៅត្បូង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ត្រង់ចំណុចកើតហេតុ ក៏ស្រាប់តែរេចង្កូតធ្លាក់ផ្លូវ រួចក៏ជ្រុលទៅបុកដើមក្រខុប យ៉ាងពេញទំហឹង បណ្តាលឱ្យបោកក្បាលស្លាប់នៅនឹងកន្លែងកើត ហេតុយ៉ាងអាណោចអាធ័ម ខណៈដែលជនរងគ្រោះមិនបានពាក់មួកការពារសុវត្ថិភាពនោះឡើយ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ស្រាវជ្រាវរកសាច់ញាតិ ដើម្បីមកទទួលយកសពជនរងគ្រោះ ទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕