Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្តីកាប់ប្រពន្ធ៤ពូថៅ រត់គេចបាន៤ម៉ោង

ប្តីកាប់ប្រពន្ធ៤ពូថៅ រត់គេចបាន៤ម៉ោង

ខេត្តសៀមរាប ៖ ប្តីប្រពន្ធវ័យចំណាស់ ២នាក់ រស់នៅមិនសូវចុះសម្រុងនឹងគ្នាសោះ ឧស្សាហ៍កើតមានទំនាស់ពាក្យសម្តីនឹងគ្នាជាញឹកញាប់ រហូតដល់ចុងក្រោយ បុរសចំណាស់ជាប្តី ទប់កំហឹងមិនជាប់ ក៏ទាញពូថៅកាប់ប្រហារប្រពន្ធរបស់ខ្លួន ចំនួន៤ពូថៅ បណ្តាលឱ្យរងរបួស យ៉ាងធ្ងន់ និងត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ ចំណែកជនដៃដល់ជាប្តី ព្យាយាមជិះម៉ូតូរត់គេចខ្លួនបានប្រមាណជាង៤ម៉ោង ក៏ត្រូវកម្លាំងអាវុធហត្ថ តាមចាប់ខ្លួនបាន នាំយកមកចាត់ការតាមច្បាប់។

ករណីអំពើហិង្សាក្នុងគ្រួសារ ប្តីកាប់ប្រពន្ធ៤ពូថៅ បណ្តាលឱ្យរងរបួសធ្ងន់នេះ បានកើតឡើង កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។ លុះប្រមាណ៤ម៉ោងក្រោយមក កម្លាំងអាវុធហត្ថបានតាមចាប់ខ្លួនជនដៃដល់ជាប្តីបាន នៅចំណុចភូមិសាស្ត្រឃុំកំពង់ស្គូវ ស្រុកក្រឡាញ់។

ជនសង្ស័យជាប្តីដែលកាប់ប្រពន្ធបណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន មានឈ្មោះទូច សុខា អាយុ៦៣ឆ្នាំ មានលំនៅភូមិតូរ្យតន្ត្រី ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះលី ហឿន អាយុ៦៩ឆ្នាំ មានលំនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប (របួសធ្ងន់ត្រង់ក្បាល ចំនួន៤ពូថៅ ចំលើថ្ងាស ២ពូថៅ និងចំពីលើក្បាល២ពូថៅ)។

តាមប្រភពពីមន្ត្រីកងរាជអាវុធហត្ថ បានឱ្យដឹងថា កន្លងមក ប្តីប្រពន្ធទាំង២ខាងលើ រស់នៅមិនសូវចុះសម្រុងនឹងគ្នានោះទេ ចេះតែកើតមានរឿងរកាំរកូស ឈ្លោះប្រកែកគ្នាមិនឈប់ ប៉ុន្តែមិនដល់ថ្នាក់ប្រើអំពើហិង្សាធ្ងន់ធ្ងរដូចលើកនេះឡើយ។  ស្រាប់តែមកដល់ថ្ងៃកើតហេតុ គេឃើញប្តីប្រពន្ធអ្នកទាំងពីរ បានទាស់សម្តីគ្នាសាជាថ្មី រហូតដល់តឹងសរសៃកដាក់គ្នា ស្រាប់តែរំពេចនោះ ភាគីបុរសចំណាស់ជាប្តីទប់កំហឹងមិន ជាប់ក៏ស្រាប់តែស្ទុះទៅទាញពូថៅ កាប់ប្រហារប្រពន្ធរបស់ខ្លួន ចំនួន ៤ពូថៅ ត្រង់ក្បាល ក្នុងនោះ ចំលើថ្ងាស ចំនួន ២ពូថៅ និងចំពីលើក្បាលចំនួន ២ពូថៅ បណ្តាលឱ្យស្ត្រីចំណាស់ជាប្រពន្ធរងរបួសយ៉ាងធ្ងន់។

ក្រោយពីកាប់ប្រហារស្ត្រីចំណាស់ជាប្រពន្ធ បណ្តាលឱ្យរងរបួសធ្ងន់រួចមក ជនសង្ស័យជាប្តី ក៏បានជិះម៉ូតូគេចខ្លួនបាត់ភ្លាមៗ ដោយយកទាំងពូថៅទៅជាមួយផង។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ ត្រូវបានក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗផងដែរ។

បន្ទាប់ពីទទួលព័ត៌មានខាងលើ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានចុះធ្វើការស្រាវជ្រាវ និងតាមចាប់ខ្លួនជនដៃដល់ ដោយប្រើពេលវេលាប្រមាណជាង ៤ម៉ោង ទើបឈានដល់ការឃាត់ខ្លួនជនដៃដល់ជាប្តីបាន នៅឃុំកំពង់ស្គូវ ស្រុកក្រឡាញ់ ដោយបានដកហូត វត្ថុតាង ពូថៅ១ផងដែរ រួចក៏នាំយកមកធ្វើការសាកសួរ។

នៅចំពោះមុខមន្ត្រីអាវុធហត្ថ ជនដៃដល់ជាប្តី បានឆ្លើយសារភាពថា ខ្លួនពិតជាបានកាប់ប្រហារប្រពន្ធនឹងពូថៅ ប្រាកដមែន មូលហេតុដោយសាររស់នៅមិនចុះសម្រុងគ្នា តែងតែមានទំនាស់ពាក្យសម្តីឈ្លោះគ្នាជាញឹកញាប់។

ជនដៃដល់ ត្រូវបានឃាត់ខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី៕

អ៊ុង សំអាត

RELATED ARTICLES