Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប៉ូលិសស្រីបើកឡានធ្លាក់ទឹក ស្លាប់២នាក់បងប្អូន

ប៉ូលិសស្រីបើកឡានធ្លាក់ទឹក ស្លាប់២នាក់បងប្អូន

ខេត្តព្រៃវែង ៖ ស្ត្រីជាមន្ត្រីនគរបាលម្នាក់ កំពុងបំពេញបេសកកម្មយាមការិយាល័យបោះឆ្នោត បានបើករថយន្ត ១គ្រឿង ដឹកប្អូនប្រុសរបស់ខ្លួនទៅការិយាល័យបោះឆ្នោត ស្រាប់តែជួបគ្រោះថ្នាក់ក្រឡាប់រថយន្តធ្លាក់ទឹកប្រឡាយ បណ្តាលឱ្យឈ្លក់ទឹកស្លាប់យ៉ាងអាណោច អាធ័មទាំង២នាក់បងប្អូន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តចូលប្រឡាយទឹកនេះ បានកើតឡើង កាលពីវេលាម៉ោង ២និង៤១នាទីរសៀល ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិពពេល ឃុំក្របៅ ស្ថិតនៅភូមិសំបូរ ឃុំជាច ស្រុកកំចាយមារ។

អធិការនគរបាលស្រុកកំចាយមារ បានបញ្ជាក់ប្រាប់ថា ស្ត្រីរងគ្រោះដែលបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តនោះ មានឈ្មោះសួង សុភាក់ អាយុ២៨ឆ្នាំ ជាមន្ត្រីនគរបាលជាតិបម្រើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្របៅ នៃអធិការដ្ឋាននគរបាល ស្រុកកំចាយមារ និងម្នាក់ទៀត ត្រូវជាប្អូនប្រុសបង្កើតរបស់ស្ត្រីរងគ្រោះ ឈ្មោះសួង វិសាល អាយុ១៥ឆ្នាំ។ ជនរងគ្រោះទាំង២នាក់បងប្អូន មានលំនៅក្នុងភូមិអណ្តូងស្អាត ឃុំក្របៅ ស្រុកកំចាយមារ។

លោកអធិការ បានបញ្ជាក់ថា ជនរងគ្រោះទាំង២នាក់ បានជួបនឹងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ខណៈដែលកំពុងចុះទៅបំពេញបេសកកម្មយាមការិយាល័យបោះឆ្នោត លេខ០១៦១ ហើយក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះទាំងពីរនាក់ ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ច ជួយសង្គ្រោះបន្ទាន់ ស្រង់ចេញពីក្នុងទឹកមក រួចបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ តែអកុសលមិនអាចជួយបាន ពោលជនរងគ្រោះទាំង ២នាក់បងប្អូន បានស្លាប់ ពេលបញ្ជូនទៅដល់ម់ន្ទីរពេទ្យ។

លោកអធិការបានចូលរួមសោកស្តាយ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព ដែលបានបាត់បង់មន្ត្រីនគរបាលយ៉ាងសកម្មម្នាក់ ក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ។

សពជនរងគ្រោះទាំង២នាក់បងប្អូន ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES