Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្តីរត់កង់បី បុកឡានដឹកត្រី ស្លាប់ចោលប្រពន្ធកូន

ប្តីរត់កង់បី បុកឡានដឹកត្រី ស្លាប់ចោលប្រពន្ធកូន

ភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូកង់បីម្នាក់ បើកបរក្នុងល្បឿនយ៉ាងលឿន រួចក៏ជ្រុលទៅបុកពីក្រោយរថយន្តដឹកត្រីធុនធំ ១គ្រឿង ដែលកំពុងឈប់ចតលើចិញ្ចើមផ្លូវ បណ្តាលឱ្យកៀបជាប់ស្លាប់ក្នុងម៉ូតូកង់បីរបស់ខ្លួនយ៉ាងអាណោចអាធ័ម បន្សល់ទុកប្រពន្ធ និងកូន២នាក់ឱ្យ រស់នៅកំព្រាគ្មានទីពឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ជាប់បុរីសែនមនោរម្យ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

បុរសរងគ្រោះដែលជិះម៉ូតូកង់បីបុកពីក្រោយរថយន្តដឹកត្រី បណ្តាលឱ្យស្លាប់នៅនឹងកន្លែងនោះ មានឈ្មោះនង សាវឿន អាយុ៤០ឆ្នាំ មុខរបររត់ម៉ូតូកង់បី មានប្រពន្ធនិងកូនចំនួន ២នាក់ក្នុងបន្ទុក និងមានលំនៅក្នុងភូមិថ្មគោល១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តដឹកត្រីធុនធំ ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ពាក់ស្លាកលេខ កំពត 3A-1157 បានចតស្ងៀមនៅក្បែរចិញ្ចើមផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ដោយមិនបានបើកភ្លើងស៊ីញ៉ូ ឬដាក់សញ្ញាសម្គាល់សម្រាប់ផ្តល់ដំណឹងដល់អ្នកបើកបរមកពីក្រោយនោះឡើយ ចំណែកឯអ្នកបើកបររថយន្ត នៅអង្គុយលេងជាប់នឹងរថយន្ត។ ស្រាប់តែ មួយសន្ទុះក្រោយមក ក៏ឃើញបុរសរងគ្រោះខាងលើ បើកម៉ូតូកង់បី ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IL- 7456 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតចូលមកខាងស្តាំដៃ ហើយជ្រុលទៅបុកផ្ទប់ពីក្រោយរថយន្តដឹកត្រី ពេញទំហឹង បណ្តាលឱ្យម៉ូតូកង់បីផ្នែកខាងមុខក្រពឹត កៀបជាប់ជនរងគ្រោះជាអ្នកបើកបរ ស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័មតែម្តង។ ចំណែកអ្នកបើករថយន្ត ឃើញសភាពមិនស្រួល ក៏បានរត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោលភ្លាមៗ។

ក្រោយកើតហេតុ គេឃើញស្ត្រីជាប្រពន្ធជនរងគ្រោះ បានមកដល់ទីតាំងកើតហេតុ និងបានទួញយំសោកបោកខ្លួនយ៉ាងខ្លាំង ព្រោះតែស្រណោះអាល័យបុរសជាប្តីដែលបាត់បង់ជីវិតទៅ បន្សល់ទុកប្រពន្ធ និងកូន២នាក់ ឱ្យរស់នៅកំព្រា គ្មានទីពឹង។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ បានចុះមកវាស់វែងស្ទូចយករថយន្តនិងម៉ូតូកង់បី ទៅរក្សាទុកនៅខាងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES