ភ្នំពេញ ៖ បុរសម្នាក់ ជិះម៉ូតូចូលផឹកកាហ្វេនៅហាងមួយកន្លែង លុះអង្គុយភ្លេចខ្លួនតែមួយភ្លែត ស្រាប់តែត្រូវជនសង្ស័យធ្វើសកម្មភាពលួចម៉ូតូយកទៅបាត់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១១និង៥០នាទីព្រឹក ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ ៣៧១អា (ផ្លូវសឡា) ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។
ជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះអ៊ៀង សេងហ៊ៀង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបររត់ម៉ូតូឌុប មានលំនៅ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌស្ទឹងមានជ័យ។ ចំណែកម៉ូតូដែលត្រូវជនសង្ស័យលួចយកទៅបាត់ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៍ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1IF-5961។
តាមប្រភពព័ត៌មានពីជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនកើតហេតុ គាត់បានជិះម៉ូតូចូលក្នុងហាងផឹកកាហ្វេ នៅក្នុងហាងមួយកន្លែង ដែលមានយីហោ យូ ប៊យ ដែលមានដាក់ល្បែងស៊ីសងឆ្នោតឡូតូផង។ ស្រាប់តែពេលដែលគាត់កំពុងអង្គុយផឹកកាហ្វេភ្លេចខ្លួនមួយភ្លែត ក៏លេចមុខជនសង្ស័យម្នាក់ បានធ្វើសកម្មភាពកាច់ក រួចលួចអូសម៉ូតូរបស់គាត់ចេញ ជិះគេចខ្លួនបាត់ស្រមោលតែម្តង។ លុះពេលចេញមកពីផឹកកាហ្វេវិញ ទើបដឹងថា ម៉ូតូបាត់ ក៏កើតមានការភ្ញាក់ផ្អើលតែម្តង។
ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគបាលស្ទឹងមានជ័យ៣ ដើម្បីសុំអន្តរាគមន៍ពីសមត្ថកិច្ច ឱ្យជួយតាមរកជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕