Thursday, May 16, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរឆក់ទូរស័ព្ទ ភ័យស្រីដេញតាម បុកឡានបាក់ជើង

ចោរឆក់ទូរស័ព្ទ ភ័យស្រីដេញតាម បុកឡានបាក់ជើង

ខេត្តកណ្តាល ៖ ក្រមុំរូបស្រស់ម្នាក់ ជិះម៉ូតូចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅស្រុកកំណើត ដើម្បីបោះឆ្នោត ស្រាប់តែដល់ពាក់កណ្តាលផ្លូវ លេចមុខជនសង្ស័យម្នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទបានសម្រេច រួចព្យាយាមរត់គេចខ្លួន តែត្រូវនារីជាម្ចាស់ទូរស័ព្ទជិះម៉ូតូប្រដេញតាមបណ្តើរ ស្រែកចោរ!ៗបណ្តើរ ផ្អើលពេញផ្លូវ ជាហេតុធ្វើឱ្យជនសង្ស័យភ័យពេក ជ្រុលចង្កូតម៉ូតូទៅបុករថយន្ត ១គ្រឿង បណ្តាលឱ្យបាក់ជើង និងត្រូវប្រជាពលរដ្ឋព័ទ្ធចាប់ប្រគល់ឱ្យសមត្ថកិច្ច។

ករណីលួចមានស្ថានទោសទម្ងន់ (ឆក់ទូរស័ព្ទដៃ) ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅចំណុចលើផ្លូវជាតិលេខ៦ មុខដេប៉ូប្រេងឥន្ធន: តូតាល់ ភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល។

នារីរងគ្រោះជាម្ចាស់ទូរស័ព្ទ មានឈ្មោះសូ គីមស៊ាំង អាយុ២០ឆ្នាំ មុខរបរជានិស្សិត ស្នាក់នៅបុរីសុភមង្គល រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅភូមិត្បូង ឃុំកោះចារ៉ាម ស្រុកខ្សាច់កណ្តាល។ ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះហ៊ាង សុខហេង អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិបឹងក្រចាប់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះ បានជិះម៉ូតូ ១គ្រឿង ម៉ាកស៊ូយស៊ូគី Let’s ពណ៌ខៀវ លាយស ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1HE-0326 ចេញពីផ្ទះនៅបុរីសុភមង្គល រាជធានីភ្នំពេញ តែម្នាក់ឯង គោលបំណងទៅផ្ទះ ស្ថិតនៅ ភូមិត្បូង ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល ដើម្បីទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥។

ប្រភពដដែល បន្តថា លុះពេលធ្វើដំណើរជិតដល់ស្ពានព្រែកតាមាក់ ស្រុកមុខកំពូល តាមផ្លូវជាតិលេខ ៦អា ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០០៨ បានធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់នារីរងគ្រោះ ដែលទុកក្នុងឃ្លុបម៉ូតូ ផ្នែកខាងមុខ ហើយមានបំណងគេចខ្លួន។ តែភ្លាមនេះ នារីរងគ្រោះ បានជិះម៉ូតូប្រដេញតាម ហើយស្រែកថាចោរ!ៗ ដើម្បីឱ្យគេជួយ ពេលនោះ ជនសង្ស័យបានជិះបត់ឆ្លងកាត់ទ្រូងផ្លូវ សំដៅទៅទិសខាងត្បូង ដល់ចំណុចភ្លើងស្តុបកំពង់សាឡាងចាស់ ជនសង្ស័យបានជិះម៉ូតូទៅបុករថយន្តអ្នកធ្វើដំណើរ បណ្តាលឱ្យដួលបាក់ជើងខាងស្តាំ ទៅមុខលែងរួចតែម្តង។

ភ្លាមនោះ មានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងជំនាញ បានទៅដល់ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យ និងបានដកហូតវត្ថុតាង ទូរស័ព្ទ ប្រគល់ឱ្យជនរងគ្រោះវិញ ចំណែកជនសង្ស័យ ត្រូវបាននាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល។

ក្រោយមក ដោយឃើញជនសង្ស័យមានរបួសធ្ងន់ បាក់ជើង សមត្ថកិច្ចក៏បានបញ្ជូនជនសង្ស័យដាក់តាមរថយន្តទៅសង្គ្រោះបន្ទាន់ ទៅវះកាត់នៅមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្ស៊ី) ឯរាជធានីភ្នំពេញ សិន មុននឹងនាំយកមកចាត់ការតាមច្បាប់៕

RELATED ARTICLES