Wednesday, May 15, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃសម្លាប់ បោះសពចោលក្នុងប្រឡាយ

វ៉ៃសម្លាប់ បោះសពចោលក្នុងប្រឡាយ

ខេត្តបាត់ដំបង ៖ សពបុរសម្នាក់ ស្ថិតក្នុងសភាពរងរបួសត្រង់ផ្ទៃមុខ និងបាក់ក  ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅក្នុងប្រឡាយទឹកមួយកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញចុះពិនិត្យភ្លាមៗ លុះសមត្ថកិច្ចចុះមកពិនិត្យរួច សន្និដ្ឋានថា ជាអំពើឃាតកម្ម វាយសម្លាប់ រួចដឹកសពយកមកបោះចោលនៅក្នុងប្រឡាយទឹក។

ករណីឃាតកម្មវាយសម្លាប់បុរសម្នាក់ រួចដឹកសពយកទៅបោះចោលក្នុងទឹកប្រឡាយនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីព្រលប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ នៅត្រង់ចំណុចប្រឡាយទឹកមួយកន្លែង ក្បែរផ្លូវរថភ្លើង ស្ថិតក្នុងភូមិចម្ការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។

សពជនរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា ជាមនុស្សប្រុស មានវ័យប្រមាណជាង៣០ឆ្នាំ។

លោកលឹម ពុទ្ធីឡា ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់ កាលពីរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ ថា ពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវនៅឡើយ ហើយរហូតមកដល់រសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ មិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនៅឡើយទេ ហើយក៏មិនទាន់មានតម្រុយពីមុខសញ្ញាជនសង្ស័យ ឬប្រភពនៃកន្លែងកើតហេតុដំបូងនៅឡើយដែរ។

លោកស្នងការរង បានបញ្ជាក់ថា បើតាមការពិនិត្យ គឺជនរងគ្រោះអាចត្រូវគេសម្លាប់នៅកន្លែងផ្សេង រួចដឹកសពយកមកទម្លាក់ចោលក្នុងទឹកប្រឡាយខាងលើនេះ។

យោងតាមប្រភពព័ត៌មាន បានឱ្យដឹងថា សពបុរសរងគ្រោះខាងលើនៅពេលដែលប្រជាពលរដ្ឋប្រទះឃើញនោះ គឺគ្មានសម្លៀកបំពាក់ជាប់ខ្លួននោះទេ ពោលគឺមានតែខោលីអូ និងមានសភាពហើមស្អុយបន្តិចទៅហើយ។ រហូតមកដល់ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ គេឃើញកម្លាំងអធិការក្រុងបាត់ដំបង និងកម្លាំងការិយាល័យនគរបាលបច្ចេកទេស នៃស្នងការខេត្ត រួមទាំងគ្រូពេទ្យជំនាញផង បានចុះទៅកាន់ទីតាំងប្រទះឃើញសព ដើម្បីពិនិត្យនិងធ្វើកោសល្យវិច័យ។

យោងតាមរបាយការណ៍ បានឱ្យដឹងថា មន្ត្រីពេទ្យ និងមន្ត្រីបច្ចេកទេស បានរកឃើញនៅលើរាងកាយសពបុរសរងគ្រោះ មានស្នាមរបួសត្រង់ចុងចិញ្ចើមខាងឆ្វេង និងបាក់ក។ ក្រោយបញ្ចប់ការត្រួតពិនិត្យ ក្រុមមន្ត្រីជំនាញបានធ្វើសន្និដ្ឋានថា ជនរងគ្រោះ បានស្លាប់ដោយសារអំពើឃាតកម្ម។

ពាក់ព័ន្ធនឹងអំពើឃាតកម្មខាងលើនេះ សមត្ថកិច្ចជំនាញ បានអះអាងថា កំពុងធ្វើការស្រាវជ្រាវនៅឡើយ ខណៈសពជនរងគ្រោះ ត្រូវបានកប់នៅកន្លែងប្រទះឃើញនោះ ដើម្បីរង់ចាំស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES