Thursday, May 16, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្តីប្រពន្ធឈ្លោះគ្នា ចាប់កូន៣ខួប បោកផ្ទប់ជញ្ជាំង

ប្តីប្រពន្ធឈ្លោះគ្នា ចាប់កូន៣ខួប បោកផ្ទប់ជញ្ជាំង

ខេត្តមណ្ឌលគិរី ៈ បុរសជាជនជាតិភាគតិច (ព្នង) ម្នាក់ បានកើតមានជម្លោះពាក្យសម្តីជាមួយនឹងប្រពន្ធរបស់ខ្លួន ស្រាប់តែមួម៉ៅក្តៅចិត្តខ្លាំងពេក បែរជាទៅបញ្ចេញកំហឹងដាក់កូនតូចទើបនឹងអាយុ៣ខួប ដោយចាប់បោកកូនទៅនឹងជញ្ជាំង បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ ទីបំផុតត្រូវសមត្ថកិច្ចចាប់វាយខ្នោះឪពុកកំណាច នាំយកទៅចាត់ការតាមច្បាប់។

ករណីឪពុកចាប់បោកកូនប្រុស៣ខួប ផ្ទប់ជញ្ជាំង បណ្តាលឱ្យរងរបួសធ្ងន់នេះ បានកើតឡើង កាលពីវេលាម៉ោង ៦ព្រលប់ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ។

ជនដៃដល់ជាឪពុក ដែលប្រើអំពើហិង្សាយ៉ាងឃោរឃៅដាក់កូនបង្កើតរបស់ខ្លួន និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះត្រិ ព្រេត អាយុ២៣ឆ្នាំ ជាជនជាតិភាគតិច (ព្នង) មុខរបរធ្វើចម្ការ មានលំនៅក្នុងភូមិភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ។ ចំណែកក្មេងប្រុសរង គ្រោះ មានឈ្មោះ យ.ភ អាយុ៣ខួប ជាជនជាតិដើមភាគតិច (ព្នង) មានលំនៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នា (រងរបួសបាក់ដៃ ពកថ្ងាស ឈាមច្រមុះ និងបែកមាត់)។

តាមប្រភពពីសមត្ថកិច្ច បានដឹងថា មុនពេលកើតហេតុ ជនបង្កហេតុជាឪពុក ឈ្មោះត្រិ ព្រេត បានចេញទៅផឹកស្រាស្រវឹងជោក លុះវិលត្រឡប់មកដល់ផ្ទះវិញ ក៏ចាប់ផ្តើមរករឿងឈ្លោះប្រកែកជាមួយប្រពន្ធយ៉ាងខ្លាំង និងថែមទាំងបោះសម្តីដាក់ប្រពន្ធទៀតថា “បើខ្ញុំវាយកូន ខ្ញុំវាយមិនតិចទេ”។ លុះនិយាយមិនទាន់ផុតពីមាត់ផង ស្រាប់ជនកំណាចជាឪពុកនេះ បានស្ទុះទៅចាប់កូនប្រុសតូចអាយុ៣ខួប (ក្មេងប្រុសរងគ្រោះ) ដោយដៃម្ខាងចាប់ជើង និងដៃម្ខាងទៀតចាប់កកូន រួចបោកទៅនឹងជញ្ជាំង ទាំងកំរោល បណ្តាលឱ្យរបួសបាក់ដៃ ពកថ្ងាស ឈាមច្រមុះ និងបែកមាត់យ៉ាងធ្ងន់តែម្តង។

ក្រោយកើតហេតុ ក្មេងប្រុសរងគ្រោះ ត្រូវបានម្តាយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិតភ្លាមៗ រួចដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតឈានដល់ការចាប់ខ្លួនជនកំណាចជាឪពុក នាំយកទៅសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើអំពើហិង្សាទៅលើកូនប្រុស ដោយចាប់បោកផ្ទប់ជញ្ជាំងប្រាកដមែន មូលហេតុដោយសារតែខ្លួនស្រវឹងស្រាខ្លាំងពេក និងឈ្លោះជាមួយប្រពន្ធផង។

ជនដៃដល់ជាឪពុកខាងលើ ត្រូវបានកម្លាំងជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី។

ជុំវិញករណីអំពើហិង្សាដ៏ឃោរឃៅនេះ លោកស្រីឧត្តមសេនីយ៍ត្រី ហ៊ួន គឹមហេង ស្នងការរងទទួលការងារផែនជួញដូរមនុស្ស (យេនឌ័រ) ដំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត ក៏បាននាំយកនូវគ្រឿងឧបភោគ-បរិភោគមួយចំនួន រួមមាន អង្ករ៥០គីឡូក្រាម មីកំប៉ុង ២យួរ ត្រីខកំប៉ុង ២យួរ មុង ចំនួន៥ ភួយ ចំនួន៣ និងថវិកា ចំនួន ២២ម៉ឺនរៀល ប្រគល់ជូនដល់ម្តាយរបស់កុមាររងគ្រោះផងដែរ ដើម្បីសម្រាលទុក្ខលំបាក និងព្យាបាលកូនប្រុស៕

RELATED ARTICLES