ភ្នំពេញ ៖ យុវជន២នាក់ ជិះម៉ូតូដឹកគ្នាចេញពីផ្ទះ បំណងទៅទិញកាតទូរស័ព្ទ ស្រាប់តែដល់ពាក់កណ្តាលផ្លូវ លេចមុខក្មេងស្ទាវ ១ក្រុម បានជិះម៉ូតូមកដេញតាមធាក់ បណ្តាលឱ្យជនរងគ្រោះទាំង២នាក់ ដួលម៉ូតូអូសជាច្រើនម៉ែត្រ រងរបួសបែកមុខមាត់ និងក្បាលរងរបួសយ៉ាងដំណំ ចំណែកក្រុមជនបង្កហេតុ ក្រោយធ្វើសកម្មភាពរួច ក៏ជិះម៉ូតូគេចខ្លួនបាត់ស្រមោលអស់។

ករណីខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវលេខ ៣៦៩ ជិតវត្តកំសាន្ត ស្ថិតក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

យុវជនជនរងគ្រោះទាំង២នាក់ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជិះម៉ូតូម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1X-1404។ ចំណែកក្រុមក្មេងស្ទាវ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ក្រោយកើតហេតុ បានគេចខ្លួនបាត់ស្រមោលអស់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ខាងលើ បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ធ្វើដំណើរតាមបណ្តោយផ្លូវ៣៦៩ ក្នុងទិសដៅពីជើងទៅត្បូង គាប់ជួនពេលនោះ មិនដឹងថាមានរឿងអ្វីនោះទេ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុម ជិះម៉ូតូ

ម៉ាក Winer-X ពណ៌ក្រហម មិនចាំស្លាកលេខ បានដេញវាយ និងតាមធាក់ម៉ូតូជនរងគ្រោះ បណ្តាលឱ្យម៉ូតូទាំង២គ្រឿង (ទាំងម៉ូតូជនរងគ្រោះ និងម៉ូតូជនសង្ស័យ) ដួលអូសជាច្រើនម៉ែត្រ ដែលធ្វើឱ្យជនរងគ្រោះ ដួលរងរបួសបែកមុខបែកមាត់ និងក្បាល ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនភ្លាមៗ។
ប្រភពដដែល បន្តថា ចំណែកឯភាគីម្ខាងទៀតដែលជាជនបង្កហេតុ បាននាំគ្នាលើកម៉ូតូ រួចជិះរត់គេចខ្លួនបាត់ស្រមោល ដោយបានបន្សល់ ទុកតែស្បែកជើងចំនួន ៣គូ នៅនឹងកន្លែងកើតហេតុតែ។

ក្រោយកើតហេតុ គេឃើញមានមិត្តភក្តិរបស់ជនរងគ្រោះ បានមកដល់កន្លែងកើតហេតុ ហើយក៏បាននិយាយថា ជនរងគ្រោះទាំង២នាក់ បានជិះម៉ូតូថាមកទិញកាតទូរស័ព្ទមួយភ្លែត ក៏ស្រាប់តែជួបរឿងបែបនេះតែម្តង។
បន្ទាប់មក ក៏មានសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ទីតាំងកើតហេតុ និងបានអូសយកម៉ូតូរបស់ជនរងគ្រោះ ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកប្រា ដើម្បីរង់ចាំប្រគល់ឱ្យជនរងគ្រោះវិញ៕