ខេត្តព្រះសីហនុ ៖ រថយន្តទំនើបចំនួន ២គ្រឿង បើកបរនៅលើផ្លូវល្បឿនលឿន ដោយប្រើប្រាស់ល្បឿនលឿនដូចគ្នា រួចក៏ជ្រុលបុកគ្នា ចំពីមុខយ៉ាងពេញទំហឹង បណ្តាលឱ្យមនុស្សចំនួន ៣នាក់ទទួលរងរបួស ចំណែករថយន្ត រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំដូចគ្នា។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវល្បឿនលឿននេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង១០នាទីថ្ងៃត្រង់ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវល្បឿនលឿន ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣៤-១៣៥ ស្ថិតក្នុងភូមិស្ទឹងឆាយខាងជើង ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា។

យោងតាមរបាយការណ៍សមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿង ម៉ាកតូយ៉ូតាព្រូស ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ កំពង់ស្ពឺ 2C-2141 មានទិសដៅពីភ្នំពេញ ទៅខេត្តព្រះសីហនុ អ្នកបើកបរឈ្មោះឡុក

សៅ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅខេត្តកំពង់ស្ពឺ មានអ្នករួមដំណើរចំនួន ៨នាក់ (រងរបួសចំនួន២នាក់) លុះបើកបរមកដល់ត្រង់ចំណុចខាងលើ ក៏បានបុកនឹងរថយន្តមួយគ្រឿង ម៉ាក LUXES RX-350 ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2D-1838 មានទិសដៅព្រះសីហនុ ទៅភ្នំពេញ (បញ្ច្រាសទិសគ្នា) អ្នកបើកបរ ឈ្មោះបុន សុខុន

ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅខេត្តព្រះសីហនុ អ្នករួមដំណើរចំនួន១នាក់ ឈ្មោះហូរ ម៉ារី ភេទស្រី អាយុ៥៤ឆ្នាំ រងរបួសចុកទ្រូង ត្រូវបានសាច់ញាតិដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះធ្វើការវាស់វែង រួចអូសយករថយន្តទាំងសងខាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធីនៅពេលក្រោយ៕