ភ្នំពេញ ៖ មនុស្សប្រុសស្រីចំនួន ៣នាក់ ជិះម៉ូតូដឹកគ្នាតាមដងផ្លូវ ស្រាប់តែត្រូវរថយន្ត ១គ្រឿង បើកមកពីក្រោយ បុកបណ្តាលឱ្យធ្លាក់នារីម្នាក់ដែលអង្គុយខាងក្រោយ ទៅលើថ្នល់ ស្របពេលនោះមានរថយន្ត ១គ្រឿងទៀតមកដល់ ក៏ជ្រុលកិន បណ្តាលឱ្យរងរបួសធ្ងន់ និងបានស្លាប់ ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

នារីរងគ្រោះដែលត្រូវរថយន្តកិនស្លាប់ មានឈ្មោះស្រស់ នីតា អាយុ១៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានស្រុកកំណើតនៅស្រុកពារាំង ខេត្តព្រៃវែង។ ចំណែកអ្នកបើកបររថយន្តដែលកិននារីរងគ្រោះបណ្តាលឱ្យស្លាប់ មានឈ្មោះ XU Xue Yong ភេទប្រុស អាយុ៥៣ឆ្នាំ ជាជនជាតិចិន ស្នាក់នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូ ១គ្រឿង ម៉ាក Nex ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 1AM-0241 បើកបរដោយបុរសម្នាក់ ដឹកនារី ២នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមក ដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកព្រូស ១គ្រឿង មិនចាំស្លាកលេខ ធ្វើដំណើរមកពីក្រោយ ជ្រុលទៅបុកម៉ូតូ បណ្តាលឱ្យនារីរងគ្រោះ ដែលអង្គុយខាងក្រោយ ធ្លាក់

ទៅលើថ្នល់ ភ្លាមនោះស្រាប់តែមានរថយន្ត ១គ្រឿងទៀត ម៉ាកតាកូម៉ា ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AT- 8813 បើកបរដោយបុរសជនជាតិចិន ធ្វើដំណើរក្នុងទិសដៅស្របគ្នា បានជ្រុលទៅកិននារីរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ រីឯរថយន្តព្រូស បានបន្ថែមល្បឿនគេចបាត់ស្រមោល។

បន្ទាប់មក នារីរងគ្រោះត្រូវបានរថយន្តសង្គ្រោះ ដឹកយកទៅមន្ទីរពេទ្យភ្លាមៗដែរ តែជាអកុសល នារីរងគ្រោះបានស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ និងបានទាក់ទងទៅជំនាញ មកធ្វើការវាស់វែង និងនាំយកទាំងអ្នកបើកបរនិងរថយន្ត រួមទាំងម៉ូតូ ទៅការិយាល័យចនគរបាលរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ។ ចំណែកសពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕