ខេត្តបាត់ដំបង ៖ រថយន្តដឹកទំនិញធុនធ្ងន់ ១គ្រឿង បើកបរក្នុងល្បឿនយ៉ាងលឿន រួចក៏ជ្រុលទៅបុកគូទរថយន្តសាំងយ៉ុងដឹកពូកលក់ ពីក្រោយ យ៉ាងពេញទំហឹង និងបានរុញផ្ទប់ទៅនឹងរបាំងដែកចែកទ្រូងផ្លូវ បណ្តាលឱ្យខូចខាតអស់ប្រវែង ១២ម៉ែត្រ ចំណែករថយន្ត ខូចខាតយ៉ាងដំណំទាំងសងខាង សំណាងល្អ អ្នកបើកបរទាំង២ មិនមានរងរបួសអ្វីធ្ងន់ធ្ងរឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៤០នាទីព្រឹក ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល។
លោកសេង លុច អធិការនគរបាលស្រុកថ្មគោល បានឱ្យដឹងថា ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្តខាងលើនេះ បើតាមពិនិត្យនិងតាមការបំភ្លឺនានានៅកន្លែងកើតហេតុ គឺបង្កឡើងដោយរថយន្តធុនដឹកទំនិញ ដែលបើកក្នុងល្បឿនលឿន បានជ្រុលទៅបុកគូទរថយន្តម៉ាកសាំងយ៉ុង ដែលដឹកពួកលក់ ខណៈរថយន្តទាំងពីរកំពុងធ្វើដំណើរស្របទិសគ្នា ពីត្បូង ទៅជើង។

លោកអធិការ បានប្រាប់ថា រថយន្តធំបុកគូទរថយន្តតូច ពេញទំហឹង រួចរុញទៅផ្ទប់នឹងរបាំងចែកទ្រូងផ្លូវ បណ្តាលឱ្យខូចខាតជាច្រើនម៉ែត្រ រីឯរថយន្តដឹកពួក ខូចខាតធ្ងន់ ហើយរថយន្តបង្កហេតុ ខូចខាតតិចតួច ខណៈអ្នកបើកបររថយន្តទាំងពីរ រងរបួសស្រាលដូចគ្នា។

រថយន្តបង្កហេតុ ម៉ាក MITSUBISHI ពាក់ស្លាកលេខ បាត់ដំបង 3A-4462 អ្នកបើកបរឈ្មោះផុន វណ្ណដេត អាយុ២១ឆ្នាំ រស់នៅស្រុកឯកភ្នំ។ រថយន្តធុនធំនេះ បានបុកគូទរថយន្តម៉ាកសាំងយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2W-7644 អ្នកបើកបរឈ្មោះម៉ាប់ មាស អាយុ ២១ឆ្នាំ នៅភូមិគោករកា ឃុំព្រាល ស្រុកកញ្ជៀច ខេត្តព្រៃវែង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា រថយន្តទាំងពីរ បានធ្វើដំណើរស្របទិសគ្នា ពីត្បូង ទៅជើង លុះមកដល់ចំណុចគ្រោះថ្នាក់ ស្រាប់តែរថយន្តធុនធំ បានជ្រុលទៅបុកគូទរថយន្តដឹកពួក ពេញទំហឹង ដោយសារបើកលឿន ជាន់ហ្វ្រាំងមិនជាប់ ហើយនៅចំណុចកើតហេតុ គេឃើញស្នាមរថយន្តធុនធំនោះ

ជាន់ហ្វ្រាំងអូសជាច្រើនម៉ែត្រ មុនពេលបុកគូទរថយន្តដឹកពួក។ ជាមួយគ្នានោះ រថយន្តធំនេះ បានបុករថយន្តសាំងយ៉ុង ពីក្រោយ ពេញទំហឹង រួចរុញផ្ទប់នឹងរបាំងដែកចែកទ្រូងផ្លូវ ខ្ទេចទាំងរថយន្ត ខូចទាំងរបាំងដែក អស់ប្រមាណ ១២ម៉ែត្រ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ និងបានធ្វើការវាស់វែង រួចប្រគល់ទៅឱ្យកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕