Thursday, May 16, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដើរឆក់ត្រីបាត់ ១យប់ ព្រឹកឡើងក្លាយជាសពកណ្តាលស្រែ

ដើរឆក់ត្រីបាត់ ១យប់ ព្រឹកឡើងក្លាយជាសពកណ្តាលស្រែ

ខេត្តសៀមរាប ៖ បុរសម្នាក់ បានស្ពាយអាគុយ និងឧបករណ៍ឆក់ ដើរចេញពីផ្ទះ សំដៅទៅឆក់ត្រី នៅតាមវាលស្រែ ទុកធ្វើម្ហូប ស្រាប់តែបាត់ខ្លួនពេញ ១យប់ មិនឃើញត្រឡប់មកវិញសោះ លុះក្រុមគ្រួសារចេញតាមរក ក៏ប្រទះឃើញសពជនរងគ្រោះ ដេកស្លាប់ផ្កាប់មុខ កណ្តាល វាលស្រែ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ នៅចំណុច វាលស្រែមួយកន្លែង ស្ថិតនៅក្នុងភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង។

បុរសរងគ្រោះខាងលើ មានឈ្មោះញ៉ន យួន ភេទប្រុស អាយុ៣៤ឆ្នាំ មានលំនៅភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង។

តាមការបំភ្លឺពីសាច់ញាតិរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ជនរងគ្រោះ បានស្ពាយអាគុយ និងឧបករណ៍ឆក់ត្រី ដើរចេញទៅរកឆក់ត្រី ដើម្បីយកមកធ្វើម្ហូប រួចក៏បាត់ខ្លួនឈឹង មិនឃើញវិលត្រឡប់មកផ្ទះវិញសោះ។ លុះស្អែកឡើង នៅតែមិនឃើញជនរងគ្រោះត្រឡប់មកផ្ទះវិញ ទើបក្រុមគ្រួសារនឹកឆ្ងល់ ក៏នាំគ្នាដើរតាមរក លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏បានប្រទះឃើញជនរងគ្រោះ ដេកផ្កាប់មុខនៅក្នុងទឹកស្រែ ដោយឧបករណ៍ឆក់ត្រី (អាំងវិចទ័រ) និងអាគុយ ស្ពាយជាប់ពីលើខ្នង ចំណែកដៃស្តាំ កាន់ដងឆក់ត្រីជាប់និងដៃ ឯដងម្ខាងទៀតជាប់នៅលើគោក ពេលនោះក្រុមគ្រួសារ ដែលចេញទៅជួយរក បាននាំគ្នាជួយស្រង់ចេញពីទឹកដាក់មកលើគោក តែអកុសល ជនរងគ្រោះបានបាត់បង់ជីវិតបាត់ទៅហើយ ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យភ្លាមៗ។

ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញ និងគ្រូពេទ្យ បានចុះទៅពិនិត្យដល់ទីតាំងកើតហេតុ។

បន្ទាប់ពីពិនិត្យនិងធ្វើកោសល្យវិច័យរួច សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ផ្នែកដៃស្តាំរបស់សព មានស្នាមខ្លោចជាំដាច់រលាត់ស្បែកដៃ ផ្នែកក្បាល ត្រចៀក មាត់ ភ្នែក ច្រមុះ ដងខ្លួន ដៃជើង មានសភាពហើមដាច់រលាត់ស្បែកស្អុយរលួយ មិនអាចពិនិត្យបាន។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះពិតជាស្លាប់ដោយសារត្រូវឧបករណ៍ឆក់ត្រីឆក់ ប្រាកដមែន។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES