ភ្នំពេញ ៖ ភោជនីយដ្ឋានចិន មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះទាំងព្រឹកព្រលឹម បង្កឱ្យមានការភ្ញាក់ផ្អើល និងចេញអន្តរាគមន៍ភ្លាមៗ ពីមន្ត្រីជំនាញ ប៉ុន្តែក្រោយពេលបញ្ជូនរថយន្តពន្លត់អគ្គិភ័យទៅដល់ ភ្លើងបានរលត់ទៅវិញអស់ទៅហើយ ដោយសារបុគ្គលិកពន្លត់ទាន់ពេល។

ហេតុការណ៍អគ្គិភ័យខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៦និង៤០នាទីព្រឹក ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចផ្លូវសបិត ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ទីតាំងកើតហេតុខាងលើ ជាប្រភេទសំណង់ថ្មបេតុង ដែលមានទំហំ ១២ម៉ែត្រ គុណនឹង ១៨ម៉ែត្រ។ ចំណែកហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ធ្វើឱ្យខូចខាត ម៉ាស៊ីនត្រជាក់ ចំនួន ១គ្រឿង និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

កម្លាំងសមត្ថកិច្ចជំនាញ បានបន្តថា ករណីអគ្គិភ័យខាងលើនេះ ត្រូវបានអន្តរាគមន៍បាញ់ពន្លត់ឱ្យរលត់ នៅវេលាម៉ោង ៧ព្រឹក ថ្ងៃដដែល ដោយបុគ្គលិកហាង បាននាំគ្នាប្រើបំពង់ពន្លត់អគ្គិភ័យ បាញ់ពន្លត់ភ្លើងទាន់ពេលវេលា

ខណៈដែលសមត្ថកិច្ចជំនាញ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ៣គ្រឿង និងរថយន្តជំនួយមកពីក្រុមហ៊ុន OCIC កោះពេជ្រ ចំនួន ៣គ្រឿង ទៅជួយអន្តរាគមន៍ ដល់ទីតាំងកើតហេតុភ្លាមៗដែរ តែពុំបានប្រើប្រាស់ទឹកដើម្បីពន្លត់នោះទេ ដោយសារភ្លើងបានរលត់អស់ទៅហើយ៕