ខេត្តពោធិ៍សាត់ ៖ ក្មេងទំនើងប្រុសស្រីចំនួន ២ក្រុម មិនដឹងជាមានជម្លោះ ឬគំនុំអ្វីជាមួយគ្នា ក៏ស្រាប់តែបើកឆាកប្រយុទ្ធវាយតប់ កាប់ចាក់គ្នាប្រសាចពេញផ្លូវ លុះកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ មិនត្រឹមតែមិនខ្លាចញញើត បែរជាព្រួតគ្នាកាប់ទៅលើសមត្ថកិច្ចបណ្តាល ឱ្យរងរបួសធ្ងន់ម្នាក់ ទីបំផុតត្រូវសមត្ថកិច្ចបើកប្រតិបត្តិការក្តៅ ចាប់វាយខ្នោះក្រុមក្មេងទំនើង សរុប១០នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីក្មេងទំនើងព្រួតកាប់សមត្ថកិច្ច បណ្តាលឱ្យរងរបួសធ្ងន់នេះ បានកើតឡើង កាលពីយប់ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ នៅលើដងផ្លូវកៅស៊ូ លេខ១០១ ត្រង់ចំណុចសួនច្បារមុខធនាគារជាតិ ស្ថិតក្នុងភូមិពាលញែកទី២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។

មន្ត្រីនគរបាលជាជនរងគ្រោះដែលត្រូវក្រុមក្មេងទំនើងព្រួតកាប់ បណ្តាលឱ្យរងរបួសធ្ងន់ មានឈ្មោះសុន កុសល មុខរបរជាមន្ត្រីនគរបាល មានឋានន្តរស័ក្តិ អនុសេនីយ៍ទោ មានតួនាទីជានាយរងផ្នែកនគរបាលយុត្តិធម៌ (រងរបួសដៃទាំងសងខាងយ៉ាងធ្ងន់)។ ចំណែកក្រុមក្មេងទំនើងទាំង ១០នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ។ រីឯវត្ថុតាងដកហូត មានម៉ូតូ ចំនួន៥គ្រឿង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញក្មេងទំនើង ១ក្រុម មានគ្នាប្រមាណ ៥នាក់ ជិះម៉ូតូ ២គ្រឿង បានធ្វើសកម្មភាពវាយតប់ និងកាប់ប្រហារគូទំនាស់ ១ក្រុមទៀត និងកាប់កម្ទេចម៉ូតូរបស់ភាគីទំនាស់ចំនួន ២គ្រឿង បណ្តាលឱ្យរងការខូចខាតទៀតផង។ ខណៈនោះ បន្ទាប់ពីកម្លាំងនគរបាលនៃអធិការដ្ឋានក្រុងពោធិ៍សាត់ បានទទួលសេចក្តីរាយការណ៍ភ្លាម ក៏បានចេញទៅជួយធ្វើអន្តរាគមន៍ ដល់ទីតាំងកើតហេតុភ្លាមៗដែរ ស្រាប់តែទៅដល់ ក្រមក្មេងទំនើងមិនត្រឹមតែមិនខ្លាចរអាសមត្ថកិច្ចនោះទេ បែរជាព្រួតគ្នាកាប់ទៅលើលោកអនុសេនីយ៍ទោ សុន កុសល នាយរងផ្នែកនគរបាលយុត្តិធម៌ បណ្តាលឱ្យរងរបួសដៃទាំងសងខាងយ៉ាងធ្ងន់ រួចនាំគ្នាគេចខ្លួនបាត់អស់ទៅ។

ក្រោយកើតហេតុ មន្ត្រីនគរបាលរងគ្រោះ ត្រូវបានកម្លាំងសមត្ថកិច្ចប្រញាប់ដឹកបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ភ្លាមៗ។ បន្ទាប់មក សមត្ថកិច្ចបានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាក្រុមក្មេងទំនើងទាំងនោះ រហូតឈានដល់ការបើកប្រតិបត្តិការក្តៅ បង្ក្រាប ឃាត់ខ្លួនក្រុមក្មេងទំនើងបានសរុប ១០នាក់ និងម៉ូតូ ចំនួន៥គ្រឿង នាំយកទៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕