Friday, May 10, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខ្ចីទូរស័ព្ទគេទៅបញ្ចាំ គេកាប់ដាច់ដៃ

ខ្ចីទូរស័ព្ទគេទៅបញ្ចាំ គេកាប់ដាច់ដៃ

ខេត្តប៉ៃលិន ៖ បុរសម្នាក់ បានខ្ចីទូរស័ព្ទអ្នកស្គាល់គ្នាប្រើ រួចក៏បែកគំនិតយកទៅបញ្ចាំ បានលុយ យកទៅលេងល្បែងបាញ់ត្រីចាញ់ អស់គ្មានសល់ គ្មានលុយទៅលោះយកមកប្រគល់ឱ្យម្ចាស់គេវិញ ក៏ត្រូវម្ចាស់ទូរស័ព្ទហៅបក្ខពួកមកព្រួតវាយនិងកាប់ បណ្តាលឱ្យរងរបួសត្រង់កដៃយ៉ាងធ្ងន់។

អំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចមុខកាស៊ីណូ មកុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

ប្រភពព័ត៌មានពីនគរបាល បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះមិត្ត ធាវី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (រងរបួសដៃខាងឆ្វេង ដេរជាង២០ថ្នេរ)។ ចំណែកជនបង្កហេតុ មានគ្នា៣នាក់ រួមមាន ទី១-ឈ្មោះស៊ិន កក្កដា ភេទប្រុស អាយុ២០ឆ្នាំ (ចាប់ឃាត់ខ្លួន)។ ទី២-ឈ្មោះវែង ភេទប្រុស អាយុ៣៤ឆ្នាំ (រត់គេចខ្លួន)។ ទាំងពីរនាក់ មានលំនៅបច្ចុប្បន្ន នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ និងទី៣-ឈ្មោះញ៉ាញ់ ភេទប្រុស អាយុ១៦ឆ្នាំ មានលំនៅមិនពិតប្រាកដ (រត់គេចខ្លួន)។ ចំណែកវត្តុតាងដែលសមត្ថកិច្ចដកហូតបាន មានកាំបិតប៉័ងតោ ១ដើម។

ប្រភពដដែល បន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះខាងលើ បានទៅខ្ចីទូរស័ព្ទពីជនបង្កហេតុដែលជាអ្នកស្គាល់គ្នាថា យកមកប្រើ រួចក៏យកទៅបញ្ចាំបានលុយ ទៅលេងល្បែងបាញ់ត្រី ចាញ់បោសគូទខោ អត់មានលុយយកទៅលោះទូរស័ព្ទមកប្រគល់ឱ្យម្ចាស់គេវិញនោះទេ។ លុះម្ចាស់ទូរស័ព្ទសួរនាំដឹងរឿង ក៏ផ្ទុះកំហឹង ហៅបក្ខពួកសរុបចំនួន ៣នាក់ ជិះម៉ូតូ ១គ្រឿង និងប្រដាប់ដោយកាំបិតប៉័ងតោ ១ដើម បាននាំគ្នាទៅធ្វើសកម្មភាពរករឿងទារទូរស័ព្ទពីជនរងគ្រោះវិញ លុះជនរងគ្រោះអត់មានលុយយកទៅលោះទូរស័ព្ទ ក៏ត្រូវក្រុមជនបង្កហេតុទាំង៣នាក់ ព្រួតវាយនិងកាប់ បណ្តាលឱ្យរងរបួសត្រង់កដៃខាងឆ្វេងយ៉ាងធ្ងន់ (ដេរ២០ថ្នេរ)។

 ក្រោយធ្វើសកម្មភាពកាប់ប្រហាររួច ក្រុមជនសង្ស័យ ក៏បោះកាំបិតចោល រួចនាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលអស់។ ចំណែកជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលរបួស។

បន្ទាប់មក សមត្ថកិច្ចបានចុះស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់ នាំយកមកសាកសួរ ខណៈបក្ខពួក ២នាក់ទៀត រត់គេចខ្លួនអស់។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES