ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរប្រុស-ស្រី ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមបន្ទាត់ព្រំដែន ខណៈបម្រុងលួចឆ្លងដែនចូលទៅរកការងារធ្វើនៅប្រទេសថៃ ដោយខុសច្បាប់ តាមរយៈមេខ្យល់។
ការឃាត់ខ្លួនខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី០៦ មិថុនា ឆ្នាំ២០២២ នៅចំណុចអូរព្រំដែន ភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ។

លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨១៥ បានបញ្ជាក់ប្រាប់ថា ជាការណែនាំពីនាយឧត្តមសេនីយ៍ ខេង សុម៉េត អគ្គស្នងការរងនគរបាលជាតិ និងលោកឧតក្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ហើយកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨១៥ បានចេញល្បាតតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ ក៏បានប្រទះឃើញពលករខ្មែរ ចំនួន៣នាក់ (ស្រី២នាក់) បម្រុងលួចឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ ដោយខុសច្បាប់។

លោកបានបញ្ជាក់ថា ក្រោយឃាត់ខ្លួន ពលករខ្មែរប្រុស-ស្រី៣នាក់ បានបញ្ជូនមកបញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨១៥ ដើម្បីសាកសួរ។

យោងតាមចម្លើយសារភាព គឺពួកគាត់មានបំណងលួចឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃដោយខុសច្បាប់ តាមរយៈមេខ្យល់ ដែលយកម្នាក់ តម្លៃ ៦០០០បាត ទទួលជូនទៅរកការងារធ្វើដល់កន្លែង ហើយនៅពេលជូនដល់អូរព្រំដែន រង់ចាំមេខ្យល់ថៃ មកទទួលយកទៅជិះរថយន្ត ក៏ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ធ្វើណែនាំ ហើយធ្វើកិច្ចសន្យាឲ្យត្រឡប់ទៅផ្ទះវិញ។

លោកវរសេនីយ៍ទោ ម៉ាន់ ធី អធិការរងនគរបាលស្រុកអូរជ្រៅ និងជាក្រុមការងារទទួលពលករខ្មែរត្រឡប់ពីថៃ តាមច្រកអូរបីជាន់ បានប្រាប់ថា នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារបានទទួលពលករខ្មែរ ត្រឡប់ពីប្រទេសថៃ តាមច្រកអូរបីជាន់ ស្រុកអូរជ្រៅ រយៈពេល១ថ្ងៃ មានចំនួន ៨៧នាក់ (ស្រី៤៩នាក់ កុមារ៣នាក់) ហើយពលករខ្មែរដែលមានឯកសារចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដែលចាក់ដូសទី២ និងទី៣ មានចំនួន ៨៤នាក់ (ស្រី៤៧នាក់ កុមារ៨នាក់ កុមារី៨នាក់ ស្រី៣នាក់)៕