Friday, May 10, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឆក់កាបូបស្រីបាន រត់អត់រួច ជាប់ខ្នោះ

ឆក់កាបូបស្រីបាន រត់អត់រួច ជាប់ខ្នោះ

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពឆក់កាបូបរបស់ស្ត្រីជាកម្មការិនីរោងចក្រម្នាក់ បានសម្រេច រួចព្យាយាមជិះម៉ូតូរត់គេចខ្លួន តែត្រូវស្ត្រីរងគ្រោះប្រដេញតាម ស្រែកថា ចោរ!ៗ ផ្អើលដល់ប្រជាពលរដ្ឋនិងអ្នកដំណើរ ស្ទាក់ចាប់ក្របួចជាប់ រួចប្រគល់ឱ្យសមត្ថកិច្ច នាំយកទៅចាត់ការតាមច្បាប់។

ករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) នេះ បានកើតឡើង កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល។

ជនរងគ្រោះមានឈ្មោះឆែម ចាន់ឌី ភេទស្រី អាយុ២៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានលំនៅ ភូមិថ្មគោល ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះទូច សុផានិត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិពាម ឃុំព្រៃពួច ស្រុកអង្គស្នួល។

សម្ភារៈបាត់បង់ រួមមាន កាបូបដៃម៉ាក GG ពណ៌ប្រផេះរូបតុក្តតា ក្នុងនោះមាន លុយរៀលចំនួន ៧ម៉ឺនរៀល ទូរស័ព្ទដៃម៉ាក OPPO ពណ៌ទឹកប្រាក់ ដាក់ស្រោមពណ៌លឿង ប័ណ្ណចាក់វ៉ាក់សាំង ចំនួន២សន្លឹក និងប័ណ្ណសមាជិក ប.ស.ស ចំនួន១សន្លឹក (ជារបស់ជនរងគ្រោះ យកបានមកវិញ)។ រីឯវត្ថុតាងចាប់យក រួមមាន ម៉ូតូ  ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ លេខតួនិងលេខម៉ាស៊ីន 5963189 ពាក់ស្លាកលេខ ភ្នំពេញ 1IR-4129 និងកាបូបស្ពាយចំហៀង ពណ៌ទឹកប៊ិកចាស់ ចំនួន១ (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព) កាបូបដៃម៉ាក GG ពណ៌ប្រផេះ រូបតុក្តតា ក្នុងនោះមាន លុយរៀលចំនួន ៧ម៉ឺនរៀល ទូរស័ព្ទដៃម៉ាក OPPO ពណ៌ទឹកប្រាក់ ដាក់ស្រោមពណ៌លឿង និងប័ណ្ណចាក់វ៉ាក់សាំង ចំនួន២សន្លឹក និងប័ណ្ណសមាជិក ប.ស.ស ចំនួន១សន្លឹក។

យោងតាមរបាយការណ៍នគរបាលស្រុកអង្គស្នួល បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូម៉ាកស្កុបពី ពណ៌ស ដោយដាក់កាបូបក្នុងឃ្លុបម៉ូតូខាងមុខ ជិះពីទិសខាងលិច ទៅទិសខាងកើត តាមបណ្តោយផ្លូវជាតិលេខ៤ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យបានជិះម៉ូតូតាមមកពីក្រោយ ហើយឆក់យកកាបូប រួចជិះគេចខ្លួនតែម្តង។ ភ្លាមៗនោះ ជនរងគ្រោះ បានជិះម៉ូតូដេញតាមពីក្រោយ ហើយស្រែកថា ចោរ!ៗ រហូតដល់ចំណុចតារាងបាលទះក្នុងភូមិចម្ការជោរ ឃុំពើក ស្រុកអង្គស្នួល ទើបត្រូវបានប្រជាពលរដ្ឋជួយស្ទាក់ និងឃាត់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាងបានតែម្តង។

ក្រោយមក ទើបកម្លាំងសមត្ថកិច្ចបានទទួលព័ត៌មាន ក៏ចុះទៅដល់កន្លែង ហើយនាំខ្លួនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុក។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានឆក់កាបូបរបស់ជនរងគ្រោះប្រាកដមែន។

ករណីនេះ កម្លាំងជំនាញបានារៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES