Friday, May 10, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជិះកង់ហាត់ប្រាណ ឡានបុកស្លាប់

ជិះកង់ហាត់ប្រាណ ឡានបុកស្លាប់

ខេត្តបាត់ដំបង ៖ បុរសម្នាក់ កំពុងជិះកង់ត្រឡប់មកពីហាត់ប្រាណវិញ បត់ឆ្លងផ្លូវដោយខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្ត ១គ្រឿង បើកបរក្នុងល្បឿនលឿន ជ្រុលមកបុក​ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង២០នាទីយប់ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ នៅ លើកំណាត់ផ្លូវជាតិលេខ 57B ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥-១៦ ត្រង់ចំណុចក្រុមទី០៤ ភូមិអូរដា ឃុំអូរដា ស្រុកកំរៀង។

បុរសរងគ្រោះដែលត្រូវរថយន្តបុកស្លាប់ មានឈ្មោះមន ជា អាយុ៤១ឆ្នាំ មានលំនៅភូមិអូរដា ឃុំអូរដា ស្រុកកំរៀង។

តាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត ១គ្រឿង មិនស្គាល់ម៉ាក បើកបរក្នុងទិសដៅពីកើត ទៅលិច លុះមកដល់ត្រង់ចំនុចកើតហេតុខាងលើ រថយន្តបានបុកកង់ ១គ្រឿង ពណ៌លឿង ជិះដោយបុរសរងគ្រោះខាងលើ ធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា (កំពុងបត់ឆ្លងផ្លូវ) ចំពីមុខពេញទំហឹង បណ្តាលឱ្យបុរសរងគ្រោះជាអ្នកជិះកង់ បានបាត់បង់ជីវិតនៅកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម។

ក្រោយកើតហេតុ រថយន្តបង្កហេតុ បានបន្ថែមល្បឿនគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។

បន្ទាប់មក សមត្ថកិច្ចជំនាញ បានចុះធ្វើការវាស់វែង រួចប្រគល់សពជនរងគ្រោះ ឱ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES