ភ្នំពេញ ៖ យុវជនជាសិស្សសាលាចំនួន ៣នាក់ បានជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន រួចក៏នាំគ្នាបង្ហោះម៉ូតូលើដងផ្លូវ ត្រង់ចំណុចផ្លូវបំបែកជាបួន ក៏ធ្វើឱ្យជ្រុលទៅបុករថយន្ត ១គ្រឿង ពីចំពីចំហៀង យ៉ាងពេញទំហឹង បណ្តាលឱ្យយុវជនម្នាក់ក្នុងចំណោមនោះ បានស្លាប់នៅនឹងកន្លែងភ្លាមៗ ខណៈដែល២នាក់ទៀត ទទួលរងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតឡើង កាលពីម៉ោងជាង ១២ថ្ងៃត្រង់ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិស្វាយបក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

យុវជនដែលបាត់បង់ជីវិត និងមិត្តភក្តិ២នាក់ទៀត ដែលរងរបួសធ្ងន់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញយុវសិស្សទាំង ៣នាក់ខាងលើ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ប៊ីត ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HD-1890 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីជើង ទៅត្បូង ក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុ ត្រង់ផ្លូវបំបែកជាបួន ស្រាប់តែយុវជនជាអ្នកបើកបរ បានបង្ហោះម៉ូតូ រួចក៏ជ្រុលទៅបុកចំហៀងខាងស្តាំរថយន្ត ១គ្រៀង

ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស មិនមានស្លាកលេខ ធ្វើដំណើតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីកើត ទៅលិច ធ្វើឱ្យខ្ទាតបោកខ្ទប់ទៅនឹងរថយន្តយ៉ាងពេញទំហឹង បណ្តាលឱ្យយុវជនម្នាក់បានស្លាប់នៅនឹងកន្លែងភ្លាមៗ ចំណែក ២នាក់ទៀត ទទួលរងរបួសយ៉ាងធ្ងន់។
ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ ត្រូវបានដឹកបញ្ជូនតាមរថយន្តសង្គ្រោះ ទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល។

បន្ទាប់មក សមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានចុះវាស់វែង រួចអូសយកម៉ូតូនិងរថយន្ត ទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធីនៅពេលក្រោយ។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕