ភ្នំពេញ ៖ ឧកញ៉ាហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានបង្ហើបថា តាមព័ត៌មានក្រៅផ្លូវការ ការស្លាប់របស់តារាស្រី គង់ ម៉ូនីកា អាចពាក់ព័ន្ធវះកាត់ដើមទ្រូងខុសប្រក្រតី ដែលផ្ទុយពីសាច់ញាតិសពនិងមិត្តភក្ដិអ្នកសិល្បៈជិតស្និទ្ធអះអាងថា តារាស្រីរូបនេះស្លាប់ដោយសារគាំង និងមានជំងឺមេរោគក្នុងក្រពះ ។

ឧកញ៉ាហេង ឡុង បញ្ជាក់ថា ព័ត៌មានដែលលោកបង្ហាញតាមបណ្តាញសង្គមនោះ គ្រាន់តែជាព័ត៌មានមិនទាន់ផ្លូវការប៉ុណ្ណោះ ហើយអ្វីដែលសំខាន់នោះ លោកត្រូវតែធ្វើការសិក្សាឲ្យបានលម្អិត ព្រោះបើសិនជាករណីព័ត៌មានស្លាប់ដោយការវះកាត់ដើមទ្រូងខុសបច្ចេកទេសនេះ ជាការពិតមែន គឺត្រូវតែធ្វើតាមច្បាប់ ដោយឲ្យគ្លីនិកនោះ ទទួលខុសត្រូវ ដើម្បីផ្ដល់យុត្តិធម៌ដល់សពតារាស្រីរូបនេះ ។

ឧកញ៉ាហេង ឡុង បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅយប់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ ថា “ព័ត៌មានក្រៅផ្លូវការ ៖ មរណភាពរបស់កញ្ញា គង់ ម៉ូនីកា មានពាក់ព័ន្ធនឹងការវះកាត់ដើមទ្រូងមិនប្រក្រតី។ ខ្ញុំបាទនឹងសិក្សាលម្អិតអំពីបញ្ហានេះ។ សូមវិញ្ញាណក្ខន្ធកញ្ញា ទៅកាន់សុគតិភព“ ។

ក្រោយបានឃើញសំណេរតាមហ្វេសប៊ុក របស់លោកឧកញ៉ាហេង ឡុង ខាងលើនេះ ដែលថា កញ្ញាគង់ មុនីកា អាចស្លាប់ដោយសារការវះកាត់ដើមទ្រូងខុសប្រក្រតីនោះ ស្រាប់តែសាច់ញាតិរបស់សពកញ្ញា គង់ ម៉ូនីកា បានចេញមកប្រតិកម្ម ឆ្លើយតបថា ជារឿងមិនពិតទេ ការពិតការស្លាប់របស់ គង់ ម៉ូនីកា គឺដោយសារមានជំងឺក្រពះ និងគាំងបេះដូង ។ ពោលគឺនាងស្លាប់ដោយសារគាំងបេះដូង ដែលបណ្ដាលមកពីមានមេរោគក្នុងក្រពះរ៉ាំរ៉ៃ និងបរិភោគចំណីអាហារមិនគ្រប់គ្រាន់ ។

លោកឡុង ទី ដែលអះអាងថា ត្រូវជាប្អូនប្រុសរស់កញ្ញា គង់ ម៉ូនីកា បានសរសេរក្នុងគណនីហ្វេសប៊ុក របស់ខ្លួន តបទៅកាន់ឧកញ៉ាហេង ឡុង ដោយភ្ជាប់នឹងសំបុត្រចេញពីពេទ្យមកថា គាត់ឈឺមេរោគក្រពះ នោះថា “ក្នុងនាមខ្ញុំជាប្អូនដែលនៅជិតស្និទ្ធបំផុតរបស់ Kong Monika ចង់ប្រាប់ថា Bong monika គាត់ផុតទៅដោយជំងឺប្រចាំកាយ បេះដូង និងក្រពះ សូមចិត្តមនុស្សគិតអវិជ្ជមានមួយចំនួនតូច ឲ្យតែឮថាស្លាប់ដោយសារជំងឺបេះដូង គឺគាំងថ្នាំ លេងគ្រឿងញៀននោះ។ គាត់ស្លាប់ទៅហើយ កុំបង្កើតរឿងឲ្យឈ្មោះអាក្រក់ដល់គាត់អី្វ ឱ្យគាត់ទៅដោយស្រស់ស្អាតឈ្មោះល្អផងចុះ”។

ជាមួយគ្នានោះ យោងតាមប្រភពពីអ្នកជិតស្និទ្ធរបស់ គង់ ម៉ូនីកា បានរៀបរាប់ថា គង់ ម៉ូនីកា មានជំងឺមេរោគក្រពះ រយៈពេលប្រហែល ២០ឆ្នាំមកហើយ ហើយមុនពេលទទួលមរណភាព ប្រមាណ២-៣ ថ្ងៃ នាងមានអាការហត់ ហើយក៏បានទៅមន្ទីរពេទ្យ ។ ប៉ុន្តែស្ថានភាពសុខភាពនៅមិនទាន់បានស្រួលបួលផង នាងក៏បានឡើងទៅវត្តភ្នំ ដើម្បីអុជធូបបួងសួងសុំសេចក្ដីសុខ ។ បន្ទាប់មក នាងក៏ត្រឡប់ទៅផ្ទះវិញ និងបានលេបថ្នាំព្យាបាលមេរោគក្រពះ ទាំងដែលមិនទាន់បានបរិភោគអ្វីសោះ រួចទើបទទួលទានផ្លែឈើ តាមក្រោយ ។ ប៉ុន្តែភ្លាមៗនោះ នាងចាប់ផ្ដើមមានអាការទន់ដៃទន់ជើង ហើយក៏បានដួល ផុតដង្ហើមភ្លាមៗតែម្ដង ។

គណនីហ្វេសប៊ុកឈ្មោះ “Until You” បានសរសេរថា «ក្នុងនាមខ្ញុំជាអ្នកជិតដិតរបស់សព គាត់មិនមែនស្លាប់ដោយសារដូចគាត់និយាយទេ មិនគួរហាមាត់ផុសអ៊ីចឹងបានសោះ គាត់ស្លាប់ហើយក្រដាសពេទ្យបញ្ជាក់ត្រឹមត្រូវ គាត់មេរោគក្រពះ គាត់ប្រតិកម្មថ្នាំមេរោគក្រពះ គាត់ញ៉ាំថ្នាំ មិនបានញ៉ាំបាយ ឬបបរទេ, អ៊ីចឹងបានខ្ញុំថា បើសិនខ្ញុំអ្នកដទៃ មិនស្គាល់សព ខ្ញុំមិនទៅឈឺក្បាលរឿងគេទេ ខ្ញុំបានត្រឹមតែមើល តែនេះគាត់ជាបងប្អូនសាច់ញាតិខ្ញុំ ទើបឈឺចាប់ជំនួសសព» ។

ទោះបីយ៉ាងណា ជុំវិញប្រតិកម្មឆ្លើយតបរបស់សាច់ញាតិ និងមិត្តភក្ដិសពកញ្ញា គង់ មុនីកា ខាងលើនេះ ឧកញ៉ាហេង ឡុង បានបញ្ជាក់ប្រាប់ “នគរធំ” នៅរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ ថា ដូចលោកបានបញ្ជាក់ក្នុងសំណេរតាមហ្វេសប៊ុក របស់លោកហើយ លោកមិនទាន់ដាក់ការចោទប្រកាន់ណាមួយទៅលើរឿងនេះឲ្យប្រាកដនៅឡើយទេ ពោលគឺគ្រាន់តែជាព័ត៌មានដែលមិនទាន់ផ្លូវការប៉ុណ្ណោះ ហើយអ្វីដែលសំខាន់នោះ លោកត្រូវតែធ្វើការសិក្សាឲ្យបានលម្អិត ព្រោះបើសិនជាករណីព័ត៌មានស្លាប់ដោយការវះកាត់ដើមទ្រូងខុសប្រក្រតីនេះ ជាការពិតមែន ត្រូវតែធ្វើតាមច្បាប់ ឲ្យគ្លីនិកនោះទទួលខុសត្រូវ ដើម្បីផ្ដល់យុត្តិធម៌ដល់សព ។
ឧកញ៉ាហេង ឡុង បានមានប្រសាសន៍ថា “ បាទ! ហ្នឹងហើយគាត់លឿនពេក (ស្លាប់) អ៊ីចឹងមានការសោកស្ដាយខ្លាំង ។ ចំពោះសមាគម យើងចូលបុណ្យតាមលទ្ធភាពរបស់យើង ព្រោះសមាគមយើង ភាគច្រើនផ្ដោតទៅលើមនុស្សចាស់ សិល្បៈដែលគាត់ចាស់ជរា គាត់កម្សត់ គាត់អីអ៊ីចឹង ។ ប៉ុន្តែយ៉ាងណា មរណភាពរបស់គាត់ ជាការបាត់បង់នូវធនធានសិល្បៈមួយដែរ ព្រោះគាត់ចាប់ផ្ដើមល្បី ហើយយើងឃើញគាត់មានទេពកោសល្យល្អអ៊ីចឹង យើងសោកស្ដាយមែនទែន ។ ក្នុងចំណុចនេះ ទាក់ទងថា មរណភាពរបស់គាត់ មានពាក់ព័ន្ធនឹងការវះកាត់ដើមទ្រូងមិនប្រក្រតីនោះ នៅៗ! នៅអត់ទាន់មានអីដែលយើងយកជាផ្លូវការទេ បើសិនជាមានអីផ្លូវការ ខ្ញុំនឹងផ្សព្វផ្សាយ ។ ព័ត៌មានក្រៅផ្លូវការនេះ ខ្ញុំបានទទួលពីម្សិលមិញ (៦ មិថុនា) ហើយនិយាយទៅ មកដល់ឥឡូវ អត់ទាន់យកជាផ្លូវការបាន ចាំមើលពេលដែលខ្ញុំមានព័ត៌មានលម្អិតបន្ថែមទៀត ខ្ញុំនឹងបង្ហាញជូនសាធារណជន» ។
ឧកញ៉ាហេង ឡុង បន្តថា «ដូច្នេះចំពោះការប្រតិកម្មពីសាច់ញាតិ មិត្តភក្ដិសពអីនោះ ខ្ញុំបានបញ្ជាក់ច្បាស់ហើយថា ព័ត៌មាននេះក្រៅផ្លូវការ ។ ដូច្នេះចុងក្រោយ ខ្ញុំសុំបញ្ជាក់ថា ទី១ ខ្ញុំសោកស្ដាយ ហើយគាត់ទើបតែចាប់ផ្ដើមពន្លក ហើយគាត់ក៏អាយុខ្លី យើងអត់នឹកស្មាន ហើយការស្លាប់របស់គាត់ហ្នឹង ដូចជាងាយពេក ដូចជាលឿនពេកអ៊ីចឹងហើយចាំមើល សង្ឃឹមថា នឹងមានយុត្តិធម៌ បើសិនជាមានរឿងអីនៅពីក្រោយការស្លាប់ហ្នឹង យើងនឹងរកឲ្យឃើញ ព្រោះយើងអត់ទាន់ច្បាស់ទេ ហើយក៏យើងអត់ហ៊ានថាម៉េចដែរ ។ បានន័យថា វាអាច បើសិនជារឿងហ្នឹង (វះកាត់ដើមទ្រូងខុសប្រក្រតី) យើងមានភ័ស្តុតាងជាក់លាក់ អាហ្នឹងវាពិតជាអាចពាក់ព័ន្ធជាមួយនឹងគ្លីនិកដែលវះកាត់ហ្នឹងហើយ“ ។
គួរបញ្ជាក់ថា តារាសម្តែងស្រីសាច់សខ្ចី រូបស្រស់ កញ្ញា គង់ ម៉ូនីកា បានទទួលមរណភាពទាំងវ័យក្មេង ដោយសារជំងឺគាំងបេះដូង កាលពីរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២។
យោងតាមប្រភពពីតារាសម្តែងប្រុស លោកសាវិន ហ្វីលីព បានឲ្យដឹងនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ ថា តារាសម្តែង គង់ ម៉ូនីកា បានស្លាប់ដោយជំងឺគាំងបេះដូង ។ កញ្ញា ជាតួឯកស្រីក្នុង MV ដ៏ល្បី គឺបទ «ជូនអូនទ្បើងផ្លូវហាយវេ» របស់ផលិតកម្ម Galaxy Navatra ។ ជាមួួគ្នានេះ លោកសូមបួងសួងឲ្យវិញ្ញាណក្ខន្ធប្អូនស្រី គង់ ម៉ូនីកា បានទៅដល់ទីស្ងប់សុខ។
បន្ទាប់ពីទទួលបានដំណឹងដ៏ក្រៀមក្រំមួយនេះ គេឃើញមានអ្នកសិល្បៈ និងមិត្តភក្តិធ្លាប់រាប់អានជាតារាសម្តែងរូបស្រស់ គង់ ម៉ូនីកា ជាច្រើននាក់ បានបង្ហោះសារសម្តែងការសោកស្តាយទាំងនឹកស្មានមិនដល់ចំពោះមរណភាពរបស់តារាវ័យក្មេងរូបនេះ ពេញបណ្តាញសង្គម ។
សពរបស់កញ្ញា គង់ មូលីកា ត្រូវបានតម្កល់នៅវត្តទួលអស់លោក ស្ថិតក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដើម្បីធ្វើបុណ្យតាមប្រពៃណី ។
សូមបញ្ជាក់ថា កញ្ញា គង់ ម៉ូនីកា បានស្លាប់ក្នុងវ័យ ២៨ឆ្នាំ ។ នាងចាប់ផ្ដើមមានឈ្មោះបោះសំឡេង ក្រោយសម្ដែង MV បទចម្រៀង “រាំគ្រលែងចង្កេះ” របស់តារាចម្រៀង Tempo ហើយតាមរយៈបទចម្រៀងនេះដែរ ទស្សនិកជនចាប់អារម្មណ៍ខ្លាំង គឹដោយសារនាងហ៊ានស្លៀកឈុតប៊ីគីនី បង្ហាញដើមទ្រូងមូលក្លុំ និងជើងដ៏ស្រលនទាំងគូរបស់នាង ។ ក្រោយមក តារាស្រីស្រករក្រោយរូបនេះ បានសាងស្នាដៃធំមួយទៀត តាមរយៈការសម្ដែង MV បទចម្រៀង “ជូនអូនឡើងលើផ្លូវហាយវេ” ដែលជាបទរបស់តារាចម្រៀង ខេម និងចំណាយដើមទុនច្រើនបំផុត របស់ផលិតកម្ម Galaxy Navatra ៕