ភ្នំពេញ៖អតីតតារាសម្ដែងនិងពិធីការិនីកញ្ញាជុំ រចនាពេជ្រ ហៅបេប៊ី បានប្រកាសម្ដងហើយម្ដងទៀតថាដាច់ខាតនាងមិនបោះបង់អាជីពចាស់នោះទេ ពោលគឺនៅតែបន្ដអាជីពចម្រៀងនៅថោន ព្រោះកិច្ចសន្យារបស់នាងមិនទាន់អស់សុពលភាពឡើយ។តែការតាំងចិត្តបែបនេះរបស់បេប៊ី ធ្វើឲ្យនាងខកខានឡើងឆាកនិងចេញបទថ្មីៗអស់រយៈពេលជិត៣ឆ្នាំទៅហើយ ពោលគឺតាំងពីផ្ទុះកូវីដម្លេះដែលរចនាពេជ្រ ដកឃ្លាពីការរាំច្រៀងាំងស្រុង។ដោយឡែកក្នុងជំនួបកាលពីដើមខែឧសភា កន្លងទៅអំឡុងពេលដែលនាងប្រារពខួបកំណើតអាយុ២៤ឆ្នាំនោះគឺដូចមុនៗដែរដែលបេប៊ី នៅតែនិយាយថានាងនឹងវិលរកឆាកតន្រ្ដីដែលការមកលើកនេះប្លែកជាងពេលណាៗទាំងអស់។ប៉ុន្ដែនៅពេលសួរសង្កត់ពីពេលវេលានៃការចេញមុខសារជាថ្មីឲ្យបានច្បាស់លាស់នោះស្រីស្រស់រចនាពេជ្រ នៅតែមានការរារែកចិត្តដដែលពោលគឺមិនហ៊ានកំណត់ពេលវេលាជាក់លាក់សោះ។

តែអតីតពិធីការិនីរបស់Ctn រូបនេះនៅតែអះអាងថាការមកលើកនេះនាងនឹងបញ្ចេញរបស់ថ្មីបំផុតដែលពុំធ្លាប់ឲ្យគេឃើញពីមុនពោលគឺដូចការតាំងចិត្តរបស់មាស សុខសោភា ថានៅឆ្នាំ២០២២ នាងនឹងបង្ហាញឲ្យគេឃើញអ្វីដែលអស្ចារ្យបំផុតក្នុងអាជីពដែរ។ការដើរចេញពីអាជីពចម្រៀងរយៈពេលជាច្រើនខែមកនេះបេប៊ី ទទួលស្គាល់ថានាងពិតជាពិបាកក្នុងការស្ដារមុខមាត់ឡើងវិញមែន ព្រោះផ្អាកច្រើនខែពេក ហេតុនេះហើយនាងថាមានតែការយកអ្វីចម្លែកជាងគេមកទេ ទើបអាចទប់ទល់សា្ថនការណ៍នៃការធ្លាក់ចុះបាន។

សូមបញ្ជាក់ថាកន្លងមកក្រៅពីស្រីស្អាតបេប៊ី នោះតារាស្រីវ័យក្មេងដែលសុខៗដកខ្លួនពីអាជីពសិល្បៈច្រើនតែត្រូវបានគូស្នេហ៍ហួងហែងឬបង្ខាំងក្នុងទ្រុងស្នេហ៍ហើយស្ងាត់ៗពួកគេក៍មានកូនទាំងមិនបានរៀបការឡើយ។ប៉ុន្ដែបេប៊ី ធ្លាប់វាចាថានាងគ្មានរងសម្ពាធពីអ្នកណាម្នាក់នោះទេ តែមូលហេតុដែលនាងមិនអាចវិលវិញបានឆាប់រហ័សដូចចិត្តនោះគឺដោយសារតែនាងជាប់គ្រប់គ្រងហាងកាហ្វេដល់ទៅ៤ទីតាំងផ្សេងៗគ្នា។ស្រីស្រស់រចនាពេជ្រ និយាយបែបលេងសើចថាអំឡុងពេលដែលនាងកាន់ក្បាលមីក្រូឡើងឆាកនោះគេតែងតែឃើញនាងចេះតែរាំច្រៀងទេ ប៉ុន្ដែក្រោយផ្អាកសិល្បៈមួយអន្លើនេះនាងបានក្លាយខ្លួនទៅជាចុងភៅម្នាក់បាត់ទៅហើយ ព្រោះចេះចំអិនម្ហូបជាច្រើនមុខ។ដោយឡែកទាក់ទងរឿងយកប្ដីវិញនៅថ្ងៃខួបកំណើតគម្រប់អាយុ២៤ឆ្នាំនោះរចនាពេជ្រ ថានាងមិនចង់និយាយឬគិតគូពីរឿងយកសង្សារឆាប់ៗឡើយ៕

