ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ បានប្រើល្បិចល្បួងដោះខ្សែកបីក្មេងស្រីម្នាក់ ជាសិស្សសាលាបឋមសិក្សាសុខអាន វត្តអង្គ ស្ថិតក្នុងភូមិខ្មល់ ឃុំកំណប់ ស្រុកគិរីវង់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ហេន ហ៊ាង ភេទស្រី អាយុ៣១ឆ្នាំ មានលំនៅ ភូមិតាហៀន ឃុំព្រៃយុថ្កា ស្រុកកោះអណ្តែត ខេត្តតាកែវ ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ កេន ស្រីកែវ អាយុ ០៦ឆ្នាំ មានឪពុកឈ្មោះ សុខ វឿន និងម្តាយឈ្មោះ អ៊ូច ស្រីមុំ មានលំនៅ ភូមិខ្មល់ ឃុំកំណប់ ស្រុកគិរីវង់ ខេត្តតាកែវ។
តាមប្រភពអធិការដ្ឋាននគរបាលស្រុកគិរីវង់ បានឲ្យដឹងនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ថា ស្រ្តីម្នាក់ បានប្រើល្បិចដើម្បីដោះយកទ្រព្យសម្បត្តិពីរកុមារី កំពុងតែសិក្សាក្នុងសាលា រួចគេចខ្លួន ទីបំផុតជាប់អន្ទាក់ប៉ូលិសស្រុកគិរីវង់។

ប្រភពដដែល បន្តថា ដោយមានការយកចិត្តទុកដាក់ពីសំណាកលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងកានគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅព្រឹកថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង

៨និង១០នាទី ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគររបាលស្រុកគិរីវង់ បានចាត់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំណប់ ចុះទៅកន្លែងកើតហេតុភ្លាមៗ។
ប្រភពដដែល បន្តទៀតថា ជនសង្ស័យឈ្មោះ ហេន ហ៊ាង បានធ្វើសកម្មភាពដោះយកខ្សែក ពីក្មេងស្រីគ្រោះឈ្មោះ កេន ស្រីកែវ ដែលកំពុងរៀននៅសាលាបឋមសិក្សាសុខអាន វត្តអង្គ រួចគេចខ្លួនបាត់។ ក្រោយពីទទួលព័ត៌មានខាងលើ សមត្ថកិច្ចបានស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យខាងលើបានតែម្ដង។
ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅចាត់ការតាមនិតិវិធី៕