ខេត្តស្វាយរៀង ៖ លូស្បៃមុង ជាឧបករណ៍នេសាទខុសច្បាប់ ដែលក្រុមជនល្មើសបានធ្វើសកម្មភាពនេសាទដោយខុសច្បាប់ នៅក្នុងព្រែកទន្លេវ៉ៃគោ ក្រុងស្វាយរៀង ត្រូវបានមន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តស្វាយរៀង បង្ក្រាបនិង

រុះរើ នៅមាត់ទន្លេវ៉ៃគោ ជិតស្ពានតាហោ ត្រូវបានប្រមូលយកទៅដុតកម្ទេចចោល កាលពីព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចខាងត្បួងស្ពានតាហោ ស្ថិតក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដែលដឹកនាំដោយលោកសេង សិលា អភិបាលរងខេត្តស្វាយរៀង។

លោកស្រេង គ្រី នាយខណ្ឌរដ្ឋបាលជលផលខេត្តស្វាយរៀង បានឱ្យដឹងថា នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ លោកនិងក្រុមការងារ បានចុះបង្ក្រាបករណីបទល្មើសជលផល ដោយបានសហការជាមួយមានកម្លាំងកងរាជអាវុធ

ហត្ថមូលដ្ឋានក្រុងស្វាយរៀង និងនគរបាល អធិការដ្ឋាននគរបាលក្រុង និងអ្នកពាក់ព័ន្ធ ជាលទ្ធផលបង្ក្រាបនិងរុះរើលូស្បៃមុង ទំហំទទឹង១០មាត់ ប្រវែង ១២០ម៉ែត្រ។

លោកស្រេង គ្រី បន្តថា រហូតដល់ម៉ោង ២រសៀល ថ្ងៃដដែល លោកសេង សីលា អភិបាលរងខេត្តស្វាយរៀង និងលោកឈីវ អ៊ិចគង់ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត លោកប៉ែន ផល្លី អនុប្រធានមន្ទីរកសិកម្ម

និងរុក្ខាប្រមាញ់ខេត្ត រូបលោកផ្ទាល់ ជានាយខណ្ឌ រដ្ឋបាលជលផលខេត្ត មេបញ្ជាការងមូលដ្ឋានកងរាជអាវុធហត្ថក្រុង និងសមត្ថកិច្ចពាក់ព័ន្ធ បានអញ្ជើញចូលរួមធ្វើការដុតកម្ទេចចោល លូស្បៃមុងទាំងអស់តែម្តង។

គួររំលឹកថា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ នៅចំណុចខាងត្បូងស្ពានតាហោ ស្ថិតក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង លោកស្រេង គ្រី នាយខ័ណ្ឌរដ្ឋបាលជលផល ខេត្តស្វាយរៀង បានចុះបង្ក្រាបនិងរុះរើម្តងរួចហើយ ដោយសហការជាមួយកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុងស្វាយរៀង និងសមត្ថកិច្ចពាក់ព័ន្ធ។

លទ្ធផលបង្ក្រាបនិងរុះរើ រួមមាន លូស្បៃមុង ចំនួន២៥មាត់ លបកន្ទុយកណ្តុរ ចំនួន៥កន្ទុយ ប្រវែង ៦០ម៉ែត្រ របាំងស្បៃមុង ចំនួន ១០៥០ម៉ែត្រ និងបង្គោល ចំនួន៥០០ដើម យកទៅកម្ទេចចោលផងដែរ។ ក៏ប៉ុន្តែក្រុមអ្នកនេសាទត្រី នៅតែបន្តសកម្មភាពលួចធ្វើសកម្មភាពបទល្មើសនេសាទដដែល ទើបមានការបង្ក្រាបជាថ្មី៕